ឥណ្ឌា​មាន​អ្នកស្លាប់​ដោយសារ​កូ​វីដ-១៩ កើន​លើស ២០០០០០នាក់ និង​អ្នកស្លាប់​រាល់ថ្ងៃ​ជាង ៣០០០នាក់

ឥណ្ឌា នៅ​ថ្ងៃ​ពុធ ទី២៨ ខែមេសា​នេះ នៅតែ​បន្ត​កត់ត្រា​ចំនួន​អ្នក​ឆ្លង COVID-19 លើស ៣០០,០០០នាក់​ក្នុង ១ថ្ងៃ ខណៈ​ចំនួន​អ្នកស្លាប់​កើន​លើស ២សែន​នាក់​ហើយ។

រយៈពេល ២៤ម៉ោង​កន្លងទៅនេះ ប្រទេស​ឥណ្ឌា​បាន​កត់ត្រា​ចំនួន​អ្នក​ឆ្លង COVID-19 សរុប ៣៦០,៩៦០នាក់ និង​អ្នកជំងឺ ៣,២៩៣នាក់​ស្លាប់។ ក្រោយ ការ​បូកសរុប​ទិន្ន័យថ្មីៗខាងលើនេះ ធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង COVID-19 សរុប​នៅ​ទូទាំងប្រទេស​ឥណ្ឌា កើនឡើង​ដល់​ជិត ១៨លាន​ករណី ក្នុងនោះ​ចំនួន​មនុស្ស​ស្លាប់​ក៏បាន​កើន​ដល់ ២០១,១៨៧នាក់។

សហគមន៍​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក​ត្រូវបាន​គេ​មើលឃើញថា កំពុង​ស្វះស្វែង​នាំមុខ​ក្នុងការ​ជួយសង្គ្រោះ​ឥណ្ឌា ដោយ​កាលពីពេលថ្មីៗនេះ លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន បាន​និយាយ​ទូរស័ព្ទ​ដោយផ្ទាល់ ជាមួយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក ណារិន​ដ្រា ម៉ូ​ឌី ដើម្បី​ពិភាក្សា​អំពី​ជំនួយ ដែល​អាច​ផ្តល់​មកកាន់​ឥណ្ឌា និង​ជាពិសេស​គឺ​វ៉ាក់សាំង​បង្ការ COVID-19 ដែល​អាមេរិក​នឹងត្រូវ​ដឹកជញ្ជូន​ទៅកាន់​ឥណ្ឌា៕

Leave a Reply

Your email address will not be published.