Solskjaer នឹង​រក​ខ្សែប្រយុទ្ធ​ម្នាក់ទៀត​នៅ​រដូវក្តៅ​នេះ​ទោះ​ទើប​បន្ត​កុងត្រា​ថ្មី​ឲ្យ Cavani ក្តី

នៅថ្ងៃនេះ​គ្រូបង្វឹក​ក្លឹប​បិសាច​ក្រហម Man UTD លោក Ole Solskjare បានធ្វើ​ការលើកឡើង​ដោយ​មិនមាន​ការបដិសេធ​ឡើយ​ជាមួយនឹង​ក្រុមអ្នកកាសែត​ថា​ក្លឹប​ពិតជា​កំពុង​តាម​ស្វែងរក​កីឡាករ​ខ្សែប្រយុទ្ធ​ម្នាក់ទៀត​ពិតមែន​នៅ​រដូវក្តៅ​នេះ​ទោះបីជា​បាន​បន្ត​កុងត្រា​ថ្មី​ឲ្យ Edinson Cavani រួចទៅហើយ​ក្តី។

តាមរយៈ​ការបញ្ជាក់​បន្ថែម​របស់​លោក​ក្លឹប​នឹង​អាច​នាំយក​កីឡាករ​ចំណូល​ថ្មី​មួយចំនួន​នៅពេល​ទីផ្សារ​ដោះដូរ​បើក​នៅ​រដូវ​ក្តៅ​នេះ​ខណៈដែល​ក្នុងនោះ​ក៏មាន​កីឡាករ​ខ្សែប្រយុទ្ធ​ផងដែរ​ទោះបីជា Cavani ទើបតែ​ត្រូវបាន​បន្ត​កុងត្រា​ថ្មី​ដល់​ឆ្នាំ២០២២ក្តី​និង​ត្រូវបាន​ដាក់​ឲ្យ​ទៅលេង​នៅ​ខ្សែប្រយុទ្ធ​ស្លាប​ជំនួស​វិញ។

គួរ​ឲ្យ​ដឹង​ដែរ​ថា​ព័ត៌មាន​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្រោយ​មួយថ្ងៃ​ប៉ុណ្ណោះ​ដែលមាន​ការចេញផ្សាយ​ថា​កីឡាករ​ខ្សែប្រយុទ្ធ​ឆ្នើម​អង់គ្លេស Harry Kane បានស្នើ​សុំ​ក្លឹប Spurs ក្នុងការ​ចាកចេញ​ហើយ​កំពុង​ត្រូវបាន​គេ​សង្ស័យថា​គាត់​នឹង​អាច​ផ្ទេរ​ទៅលេង​នៅ Man UTD ឬ Chelsea និង Man City ផង​ដែល​សុទ្ធតែជា​ក្លឹប​ចង់បាន​កីឡាកររូបនេះ​ដូចគ្នា៕