សាជាថ្មី Kane ប្រាប់ Spurs ថា​ចង់​ចាកចេញ​ឲ្យ​បាន​នៅ​រដូវក្តៅ​នេះ

បរទេស៖ វា​បាន​ក្លាយទៅជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​ក្លឹប​ប្រជែង​របស់ Spurs ទាំងអស់​នៅពេលដែល​កីឡាករ​ខ្សែប្រយុទ្ធ​ជួរមុខ​របស់ខ្លួន Harry Kane បានធ្វើការ​បញ្ជាក់ប្រាប់​ទៅកាន់​ក្លឹប​ច្បាស់​ហើយ​ថា​គាត់​ពិតជា​ចង់​ចាក​ចេញពី​ទីនេះ​មែន​នៅ​រដូវក្តៅ​នេះ​ដើម្បី​អាច​ចាប់យក​អនាគត​ដ៏​ភ្លឺស្វាង​មួយ​បាន។

កីឡាករ​អង់គ្លេស​វ័យ២៧ឆ្នាំ​រូបនេះ​ចាប់ផ្តើម​មាន​អារម្មណ៍​មិនសូវ​រីករាយ​ជា​យូរ​មកហើយ​ពាក់ព័ន្ធ​ទៅនឹង​សមត្ថភាព​របស់​ក្លឹប​ក្នុងការ​ប្រកួតប្រជែង​នៅក្នុង​ពានរង្វាន់ធំៗទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ហើយ​ជាពិសេស​សូម្បីតែ​ឧិ​កាស​ទៅលេង​នៅ Champions League រដូវ​កាល​ក្រោយ​នោះ​ក៏​បាត់បង់​រួចទៅហើយ​ដែរ។

ក្នុងនោះ​ផងដែរ Spurs ក៏បាន​ដឹង​ជា​យូរ​មកហើយ​ដែរ​អំពី​បញ្ហា​នេះ​ប៉ុន្តែ​មិន​ចង់​បាត់បង់ Kane ទៅក្នុង​តម្លៃ​ធូរ​ថ្លៃ​នោះទេ​ដូចនេះ​កីឡាករ​ផ្ទាល់​តែងតែ​សង្ឃឹមថា​ក្លឹប​នឹងមាន​ការយោគយល់​ដោយសារតែ​អ្វីដែល​ខ្លួន​បាន​ខិតខំ​ជួយ​ក្លឹប​រយៈពេល​ជា​យូរ​មកហើយ​នោះ​ផងដែរ។

បច្ចុប្បន្ន​កុងត្រា​របស់ Kane បច្ចុប្បន្ន​មាន​រហូត​ទៅដល់​ឆ្នាំ២០២៤ ហើយ​មកដល់ពេលនេះ​ក្លឹបធំៗនៅ​អង់គ្លេស​មាន​ទាំង Man UTD, Man City និង Chelsea ផង​សុទ្ធតែ​មានបំណង​ចង់បាន​កីឡាករ​ខ្សែប្រយុទ្ធ​ជួរមុខ​របស់​អង់គ្លេស​រូបនេះ​ដូចគ្នា៕