Zidane ចែកផ្លូវ​ជាមួយនឹង Real Madrid ជា​លើក​ទី២

បរទេស៖ យោងតាម​ការចេញផ្សាយ​របស់ the Goal បាន​អះអាងថា​ទីបំផុត​អតីត​កីឡាករ​អាយ​ដល និង​ជា​គ្រូបង្វឹក​ឆ្នើម​របស់​ក្លឹប Real Madrid លោក Zinedine Zidane បានសម្រេច​ចិត្ត​ហើយ​ថា​នឹងមិន​បន្តការងារ​ជាមួយនឹង​ក្លឹប​យក្ស​អេស្បាញ​នេះ​ទៀតឡើយ​នៅ​រដូវ​កាល​ក្រោយ។

ប្រភព the Goal ដដែល​បាន​អះអាង​ទៀតថា​លោក Zidane នឹង​ឈប់​ដឹកនាំ​ក្លឹប​ត្រឹម​បញ្ចប់ទៅ​នៃ​រដូវ​កាល​នេះ​ប៉ុណ្ណោះ​ហើយ​ការប្រកាស​ដោយ​គ្រូបង្វឹក​រូបនេះ​ត្រូវបាន​គេ​ជឿជាក់ថា​ត្រូវបាន​ធ្វើឡើង​តាំងតែ​ពី​ពេល​ប្រកួត​ប៉ះ​នឹង​ក្រុម Sevilla កាលពី​សប្តាហ៍​មុន​មកម្ល៉េះ​ទៅកាន់​ក្រុម​កីឡាករ​ទាំងអស់​រប​ស់គា​ត់។

រំលឹក​ដែរ​ថា​ការចែក​ផ្លូវ​គ្នា​លើក​នេះ​គឺជា​លើក​ទី២ហើយ​ដែល​បុរស​ជនជាតិ​បារាំង​រូបនេះ​បានប្រកាស​ដើរ​ចេញពី​ក្លឹប Real Madrid ដោយ​កាលពី​លើកដំបូង​ធ្វើឡើង​នៅក្នុង​ឆ្នាំ២០១៨ បន្ទាប់ពី​ក្លឹប​បាន​លើក​ពានរង្វាន់ Champion League ដល់​ទៅ៣រដូវ​កាល​ជាប់​គ្នា៕