ដឹង​អត់! ភព​ណិ​ប​ទូ​ន ត្រូវបាន​គេ​រកឃើញ​ជា​លើកដំបូង​ពេលណា?

ជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​គឺ​នៅ​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៨៤៦ ជា​ពេលដែល​អាវ​កាស​យានិក​ជនជាតិ​អាល្លឺម៉ង់​ដែលមាន​ឈ្មោះ Johann Gottfried Gale បាន​រកឃើញ​វត្តមាន​ភព​ទី៨ ដែល​ត្រូវបាន​ស្គាល់​ឈ្មោះថា ណិ​ប​ទូ​ន (Neptune) នៅឯ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្នុង​ទីក្រុង​ប៊ែ​រ​ឡាំង។

ភព​ណិ​ប​ទូ​ន​ត្រូវបាន​គេ​ចាត់ទុកជា​ភព​ទី៨តាមរយៈ​ចំងាយ​របស់​វាពី​ភព​ព្រះអាទិត្យ ហើយ​ភព​នេះ​តាមពិត​ធ្លាប់​ត្រូវបាន​អះអាង​រួច​ម្តង​ហើយដោយ​អាវ​កាស​យានិក​បារាំង​ម្នាក់​ដែលមាន​ឈ្មោះ Jean Joseph Le Verrier ប៉ុន្តែ​វា​ត្រូវបាន​ធ្វើឡើង​តាមរយៈ​ការ​គណនា​របស់គាត់​ប៉ុណ្ណោះ ក្រោយមក​នៅថ្ងៃនោះ​ដែល Galle បានប្រកាស​អះអាង​ពី​ការរកឃើញ​ដ៏​អស្ចារ្យ​របស់គាត់​នៅឯ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ក្នុងប្រទេស​អាល្លឺម៉ង់។

ណិ​ប​ទូ​ន​ជា​ភព​ដែល​សំបូរ​ទៅដោយ​ឧស្ម័ន​ហ្គាស​ច្រើន​បំផុត​ហើយ​ទំហំ​របស់​វា​យ៉ាងហោចណាស់​ក៏​ធំ​ជាង​ភពផែនដី​ដល់​ទៅ៤ដង​ដែរ​ហើយ​ឈ្មោះ​នេះ​ត្រូវបាន​គេ​យកឈ្មោះ​ទៅតាម​ព្រះ​សមុទ្រ​មួយអង្គ​របស់​ជនជាតិ​រ៉ូ​ម៉ាំង​សម័យបុរាណ៕