រឿងរ៉ាវ​ដ៏​សែន​កំសត់ 41 ឆ្នាំ​ក្រោយមក​ទើប​ដឹង​ការពិត…

បុរស​ជនជាតិ​កាណាដា 2 នាក់​ទ្រ​ហ៊ោ​យំ​ហ៊ូ​ឡើង​នៅពេល​បានដឹងថា ពួកគេ​ធំធាត់​ឡើង​ដោយ​ការរស់នៅ​ជាមួយ​ឳ​ពុក​ម្តាយ​ឆ្លាស់គ្នា​ក្រោយពី​ជា​មិត្ត​ភ័ក្តិ​នឹង​គ្នា​អស់​រយៈពេល 41 រួចមក។ មូលហេតុ​គឺ​ដោយសារ មន្ទីរសម្ភព​ដែល​បង្កើត​ពួកគេ​ច្រឡំ​ម្តាយ-កូន​របស់​ពួកគេ។

កាលពី​ថ្ងៃទី 28 សីហា ឆ្នាំ 2016 ថ្មីៗនេះ វេ​ប​សាយ cbcnews បាន​រាយការណ៍​ពី​ករណី​មន្ទីរសម្ភព​មួយ​ដែល​ធ្វើការ​ខ្ជីខ្ជា​បំផុត​ដោយ​ការច្រឡំ​បញ្ជូន​ទារក​ខុស​ម្តាយ ដោយ​ទារក​ដែល​ត្រូវបញ្ជូន​ឱ្យ​ខុស​ម្តាយ​គ្នា​នៅពេលនោះ បាន​ធំធាត់​ឡើង​ក្លាយជា​មិត្តសម្លាញ់​នឹង​គ្នា មុននឹង​ដឹង​ការពិត​ដ៏​កំពូល​ស្រឡាំងកាំង​នេះ​នៅពេលដែល​ពេលវេលា​កន្លងទៅ​ដល់​ទៅ 41 ឆ្នាំ​ទៅហើយ។

លី​អន ស្វន​សុន

លី​អន ស្វន​សុន និង ដេ​វិដ ថេត ជូ​នៀរ សុទ្ធតែជា​ជនជាតិដើម​របស់​ប្រទេស​កាណាដា​ដែល​ស្នាក់អាស្រ័យ​ក្នុង​ទីប្រជុំជន ម៉ា​នី​តូ​បា ភើ​ត នេ​ស្សឹ​ន តំបន់​ជនបទ​មួយ​របស់​រដ្ឋ ម៉ា​នី​តូ​បា ខាង​ភាគ​ខាងជើង​របស់​ទីក្រុង វី​នី​ភេ​ក ប្រមាណ​ជា 460 គម។ ទាំងពីរ​នាក់​កើតមុន​ក្រោយ​គ្នា​ត្រឹមតែ 3 ថ្ងៃ​ប៉ុណ្ណោះ នៅឯ​មន្ទីរសម្ភព ន័​រវេ​យ៍ ហៅ​ស៍ អ៊ិន​ឌៀ ក្នុង​ឆ្នាំ 1975 ដែលជា​មន្ទីរសម្ភព​តែមួយគត់​នៅក្នុង​តំបន់​នោះ។

ស្វន​សុន និង ថេត​ស្គាល់គ្នា និង​ជា​សម្លាញ់​នឹង​គ្នា ដូចគ្នា​នឹង​ក្រុមគ្រួសារ​របស់​ពួកគេ​ដែរ ហើយ​ក្រុមគ្រួសារ​របស់​ពួកគេ​សុទ្ធតែ​នឹក​ឆ្ងល់ និង​សង្ស័យ​លើ​រូប​កូនប្រុស​របស់ខ្លួន​ដូចគ្នា ព្រោះ​ធំធាត់​ឡើង​មិន​ដូច​ឪពុកម្តាយ​សោះ តែ​បែរជា​មាន​ភាព​ដូច​ស្រដៀង​នឹង​ក្រុមគ្រួសារ​ម្ខាង​ទៀត​ខ្លាំង​ជាង​ទៅវិញ។

ដេ​វិដ ថេត ជូ​នៀរ

រហូត​ទាល់តែ​កាលពី​ខែ វិច្ឆិកា ឆ្នាំ​កន្លងទៅ មាន​ព័ត៌មាន​អាក្រក់​មួយ​បាន​លេចឮ​ឡើង​ថា បុរស 2 នាក់​គឺ លុគ ម៉ូ​នៀ​ស និង ន័​រ​មែន ផាក ដែល​កើត​នៅក្នុង​មន្ទី​សម្ភព​មួយ​នោះដែរ​នៅក្នុង​ឆ្នាំ 1975 ដូចគ្នា និង​ក៏​ជា​ទារក​ដែល​ត្រូវ​ពេទ្យ​បញ្ជូន​ឱ្យ​ម្តាយ​ឆ្លាស់គ្នា និង​ត្រូវ​ចិញ្ចឹម​ថែទាំ​ឱ្យ​ធំធាត់​ឡើង​ដោយ​គ្រួសារ​របស់​ទារក​ម្ខាង​ទៀត​ដូចគ្នា​ដែរ។ ករណីនេះ​ធ្វើឱ្យ​ក្រុមគ្រួសារ ស្វន​សុន និង ថេត សម្រេចចិត្ត​ពិនិត្យ DNA និង​បាន​រកឃើញ​ការពិត​ដ៏​មហា​កំពូល​ស្រឡាំងកាំង​ថា ទាំងពីរ​នាក់​ធំធាត់​ឡើង​នៅក្នុង​គ្រួសារ​ឆ្លាស់គ្នា​ពិតប្រាកដ​មែន។

ថេត បង្ហើប​ឱ្យដឹង​ទាំង​ទឹកភ្នែក​ជោគ​ថ្ពាល់​ថា វា​ប្រៀបដូចជា​ពេលវេលា 40 ឆ្នាំកន្លងមក​នោះ​រលាយបាត់​អស់រលីង​អ៊ីចឹង គេ​មាន​អារម្មណ៍​អស់សង្ឃឹម វឹល​វល់ និង​ខឹង​យ៉ាងខ្លាំង តែ​យ៉ាងណាក៏ដោយ ក្រុមគ្រួសារ​ទាំងពីរ​ខាង​បាន​សម្រេចចិត្តថាចាប់ពីពេលនេះ​ទៅ ពួកគេ​នឹង​រួមបញ្ចូល​គ្នា​ក្លាយជា​គ្រួសារ​ធំ​មួយ ដោយ​សង្ឃឹមថា វា​នឹង​ជួយ​ព្យ​បាល​ផ្លូវចិត្ត និង​អារម្មណ៍​ពួកគេទាំង 2 នាក់​បាន។

រឿង​បញ្ជូន​ទារក​ខុស​ម្តាយ​គ្នា​របស់ ស្វន​សុន និង ថេត​នេះ​បាន​ក្លាយជា​ករណី​ទី 2 ដែល​កើតឡើង​ក្នុង​ឆ្នាំ​តែមួយ​ពី​មន្ទីរ​ពេទ្យ​តែមួយ​ដូចគ្នា និង​រឹតតែ​បង្ហាញឱ្យឃើញ​ពី​ប្រព័ន្ធ​ការចាត់ចែង​ការងារ​ដែល​គ្មាន​គុណភាព​របស់​មន្ទីរពេទ្យ​មួយ​នេះ​ផងដែរ។ ទាំងអស់នេះ ជនជាតិដើម​របស់​កា​ណា​ដា​មាន​ទាំងអស់​ប្រមាណ​ជា 1.4 លាន​នាក់ ឬ​គិត​ជា​ចំណែក​ភាគរយ​ក៏​ប្រមាណ​ជា 4,3 % នៃ​ចំនួន​ប្រជាជន​ទូទាំងប្រទេស ជា​ក្រុម​ដែល​តែង​ធ្លាក់ខ្លួន​ក្លាយជា​ជនរងគ្រោះ​ក្នុង​អំពើ​ឧក្រិដ្ឋកម្ម អំពើហិង្សា រហូតដល់​ភាព​គ្មាន​ឱកាស​ខាង​សេដ្ឋកិច្ច និង​សេវាកម្ម​ខាង​សង្គម​ទៀតផង៕