22 ទីកន្លែង​ដ៏​គួរឱ្យខ្លាច ព្រឺព្រូច និង​មិនគួរ​ឈាន​ជើង​ចូលទៅ​បំផុត​នៅ​ទូទាំង​ពិភពលោក

បើ​និយាយ​អំពី​ទីកន្លែង​ដ៏​គួរឱ្យ​ភ័យខ្លាច​បំផុត​នៅក្នុង​ប្រទេស​យើង​វិញ ភាគច្រើន​ប្រហែលជា​ក្នុង​វត្ត ឬ​ប​ច្ឆា​ដុត​ខ្មោច និង​ផ្ទះ​ដែលមាន​វិញ្ញាណ​ខ្មោច​ស​ណ្ថិ​ត​ដ៏​គួរឱ្យ​ព្រឺព្រួច​នោះ​មិន​ខាន តែ​សម្រាប់​នៅ​បរទេស​វិញ​ក៏មាន​ទីកន្លែងចម្លែកៗជាច្រើន​ដែល​គួរឱ្យ​ព្រឺ​ខ្លាច​ភ័យរន្ធត់​រហូតដល់​លោកអ្នក​នឹកស្មាន​មិន​ដល់​ដែរ។

ថ្ងៃនេះ យើងសូម​នាំយកមក​ជូន​នូវ 22 ទីកន្លែង​ដ៏​កំពូល​គួរឱ្យ​ភ័យខ្លាច​ពី​ប្រទេសនីមួយៗមក​ជូន​ទស្សនា ដូច្នេះ​សូម​នាំគ្នា​សាកល្បង​មើលទៅ​មើល៍ថា តើ​មាន​ទីកន្លែង​ណាខ្លះ​ដែល​គួរ​ភ័យខ្លាច និង​មិនគួរ​ឈាន​ជើង​ចូលទៅ​យ៉ាងណាខ្លះ?។

1 . ទី​កប់ខ្មោច​ជនជាតិ​ជី​ហ្វ ទីក្រុង ប្រាក ប្រទេស​សាធារណរដ្ឋ ឆេ​ក

ជាទី​កប់ខ្មោច​ចំណាស់​មួយ​ដែល​ធ្វើ​ពិធី​បញ្ចុះសព​មក​ជិត 4 ទស្សវត្សរ៍ តាំងពី​ឆ្នាំ 11439 – 1787 ។ ដោយ​ទំហំ​ដី​ដ៏​តូច​មួយ​នេះ​មាន​ចំនួន​សាកសព​ដែល​បាន​កប់​បញ្ចុះ​នៅក្នុង​ទីនេះ​ច្រើន​ដល់​ទៅ 100.000 សាកសព និង​មាន​រណ្តៅ​សព​ច្រើន​ដល់​ទៅ 12.000 រណ្តៅ ដែល​ត្រូវ​បែង​រណ្តៅ​កប់​សាកសព​ជាជាន់ៗច្រើន​រហូតដល់​ទៅ 12 ជាន់​ឯណោះ។

2 . កោះ​តុក្កតា ប្រទេស ម៊ិ​ក​ស៊ិ​កកូ

ក្នុង​ឆ្នាំ 1950 អាចារ្យខ្មោច​ម្នាក់​នៅលើ​កោះ​មួយ​នេះ​ឈ្មោះថា ជូ​លៀន សាន​តា​ណា បា​រេ​រ៉ា បានឃើញ​ស្រី​ក្រមុំ​ម្នាក់​លង់ទឹក​ស្លាប់​នៅ​នឹង​មុខ​គាត់ តែ​គាត់​មិនអាច​ជួយ​បាន។ បន្ទាប់ពីនោះ​មិនយូរប៉ុន្មាន គាត់​ក៏បាន​ប្រទះឃើញ​តុក្កតា​មួយ​អណ្តែត​ទឹក​មក ទើប​គិតថា ប្រហែលជា​របស់​ស្រី​ក្រមុំ​ម្នាក់​នោះ​ហើយ។ ក្រោយមក​គាត់​ចាប់ផ្តើម​ត្រូវ​វិញ្ញាណ​ខ្មោច​ស្រី​ក្រមុំ​នោះ​តាម​លងបន្លាច និង​ចាប់ផ្តើម​ប្រមូល​សន្សំ​តុក្កតាជារឿយៗ ដើម្បីឱ្យ​វិញ្ញាណ​របស់​ខ្មោច​ស្រី​ក្រមុំ​នោះមក​ស​ណ្ថិ​ត​ក្នុង​តុក្កតា​ទាំងនោះ។ រហូតមកដល់​បច្ចុប្បន្ន​នៅលើ​កោះ​នោះ​មាន​តុក្កតា​ច្រើនជាង 1.500 ដែលមាន​សភាព​គួរឱ្យ​ភ័យខ្លាច​ជាទីបំផុត។

3 . កោះ​ហា​ឈិ​ម៉ា ប្រទេស ជប៉ុន

កោះ​ហា​ឈិ​ម៉ា​ដែល​កាលពី​អតីត​ធ្លាប់ជា​អណ្តូងរ៉ែ​ធ្យូងថ្ម​ដែល​បង្កើតឡើង​ក្នុង​ឆ្នាំ 1887 និង​ធ្លាប់ជា​ទីកន្លែង​មួយ​ដែលមាន​ចំនួន​ប្រជាជន​ច្រើន​កុះករ​បំផុត​លើ​ពិភពលោក ដោយនៅ​ឆ្នាំ 1959 មាន​ចំនួន​ប្រជាជន​រស់នៅ​លើ​កោះ​ដែល​វែង​ត្រឹមតែ 1 គីឡូម៉ែត្រ​នេះ​ដល់​ទៅ 5.259 នាក់​ឯណោះ។

រហូត​ដល់ពេល​ក្រោយមក ធ្យូងថ្ម​លែងមាន​ការនិយម​ប្រើប្រាស់​ទៅ កោះ​អណ្តូងរ៉ែ​ធ្យូងថ្ម​នេះ​ក៏ត្រូវ​បាន​បិទ​ចោល​នៅ​ឆ្នាំ 1974 ធ្វើឱ្យ​កោះ​មួយ​នេះ​ចាប់ផ្តើម​លែងមាន​មនុស្ស​នៅ និង​ចាប់ផ្តើម​មាន​ពាក្យ​ចចាមអារ៉ាម​ល្បី​ថា មាន​វិញ្ញាណ​ខ្មោច​ដ៏​ច្រើន​ស​ណ្ថិ​ត​វិលវល់​នៅលើ​កោះ​នេះ។

4 . ព្រះវិហារ​នៃ​ឆ្អឹង​មនុស្ស ប្រទេស ព័រទុយហ្កាល់

ព្រះវិហារ​មួយ​នេះ​ត្រូវបាន​សាងសង់ឡើង​ក្នុង​សតវត្ស​ទី 16 ដោយ​បព្វជិត​ម្នាក់​ដែលមាន​ឈ្មោះថា ហ្វ្រា​ន​ស៊ី​ស្កា​ន់ ដោយ​វា​មាន​ប្រវែង​ទទឹង​ត្រឹមតែ 11 ម៉ែត្រ និង​បណ្តោយ​ត្រឹមតែ 18.6 ម៉ែត្រ​ប៉ុណ្ណោះ។

តែ​អ្វីដែល​គួរឱ្យ​ព្រឺក្បាល​នោះ​គឺ ព្រះវិហារ​មួយ​នេះ​ត្រូវបាន​សាង​ឡើង​ដោយ​ឆ្អឹង​របស់​អ្នកបួស​ច្រើនជាង 5.000 នាក់ ដោយនៅ​លើដំបូល​មាន​តួអក្សរធំៗសរសេរថា “ថ្ងៃ​ស្លាប់​ប្រសើរ​ជាង​ថ្ងៃ​កើត” ។

5 . ព្រៃ​ធ្វើ​អត្ថ​ឃាត ប្រទេស ជប៉ុន

គឺជា​រហស្សនាម​របស់​ព្រៃ អា​អូ​គិ​ហា​រ៉ា ដែល​ស្ថិតនៅលើ​កោះ ហន់​ស៊ូ ព្រោះ​ទីនេះ​ជា​កន្លែង​មួយ​ដែល​មនុស្សម្នា​ចូលទៅ​ធ្វើ​អត្ថ​ឃាត​អស់​ចំនួន​ដ៏​ច្រើន ជាប់​លំដាប់​លេខ 2 របស់​ពិភពលោក បន្ទាប់ពី​លំដាប់​លេខ 1 គឺ​ស្ពាន​ហ្គោល​ឌឹ​ន ហ្គេ​ត នៅក្នុង សាន​ហ្វ្រា​ន​ស៊ី​ស្កូ រហូតដល់​ថ្នាក់​អាជ្ញាធរ​ត្រូវធ្វើ​ផ្ទាំង​ប៉ាយ​មាន​តួអក្សរ​មក​បំពាក់​ប្រាប់ថា “ជីវិត​របស់​អ្នក​គឺជា​អំណោយ​ដ៏​មានតម្លៃ​បំផុត​របស់​ឪពុកម្តាយ​អ្នក នឹក​ដល់​ក្រុមគ្រួសារ​របស់​អ្នក កុំ​ទ្រាំ​កើត​ទុក្ខលំបាក​តែម្នាក់ឯង មាន​បញ្ហា​ដោះស្រាយ​មិន​ចេញ ចូរ​ទូរស័ព្ទ​មក​យើង 22-0110” ទៀតផង។

6 . មន្ទីរពេទ្យ​ឆ្កួត​ដែល​គេ​បោះបង់ចោល ទីក្រុង​ផា​ម៉ា ប្រទេស អ៊ីតាលី

អគារ​មួយ​ខ្នង​នេះ កាលពីដើម​ធ្លាប់ជា​មន្ទីរពេទ្យ​ព្យាបាល​រោគ​ឆ្កួត​ពីមុន តែ​បច្ចុប្បន្ននេះ​វា​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ស្នាដៃ​សិល្បៈ​របស់​សិល្បករ​ជនជាតិ​ប្រេ​ស៊ី​ល ដែលមាន​ឈ្មោះថា ហ៊ើ​ប៊ើ​ត បាក​លី​អូ​នេ ដោយ​គាត់​បាន​ជួបនឹង​ដួងវិញ្ញាណ​របស់​អ្នកជំងឺ​ដែល​ធ្លាប់​លំបាក​វេទនា និង​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​មួយ​នេះ ហើយ​គាត់​ក៏បាន​រៀបរាប់​នូវ​អ្វីដែល​គាត់​បាន​ជួប​នោះ​តាមរយៈ​រូបភាព​គំនូរ​នៅលើ​កម្រាល​ឥដ្ឋ និង​លើ​ជញ្ជាំង។

7 . ព្រះវិហារ សេន​ត៍​ច​ច ប្រទេស សាធារណរដ្ឋ ឆេ​ក

ព្រះវិហារ​ដែល​ស្ថិតនៅ​ក្នុងភូមិ លូ​ខូ​វ៉ា ដែល​ត្រូវបាន​បោះបង់ចោល​តាំងពី​ឆ្នាំ 1968 បន្ទាប់ពី​ដំបូល​របស់​ព្រះវិហារ​បាក់​ធ្លាក់​ចុះមក​ក្នុងអំឡុង​ពេលធ្វើ​ពិធី​បុណ្យសព​មួយ។

ក្រោយមក មាន​សិល្បករ​ម្នាក់​ឈ្មោះ ចា​ឃុ​ប ហាដ​រ៉ា​វា បាន​ចូលមក​សាង​រូបសំណាក​ដ៏​គួរឱ្យ​ភ័យខ្លាច ដែល​អ្នកណា​ចូលមក​ឃើញ​ហើយក៏​ត្រូវតែ​ព្រឺក្បាលខ្ញាកៗដែរ។

8 . ទី​កប់ខ្មោច​ក្រោម​ដី​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង

ខ្សែបណ្តាញ​រូង​ក្រោម​ដី​ដែល​បត់បែន​ខាងក្រោម​ទីក្រុង​ប៉ារីស អាង​លើ​ព័ត៌មាន​ជាច្រើន​កន្លែង​បាន​រកឃើញថា វា​ប្រហែល​ជាមាន​ប្រវែង​បណ្តោយ​ក្នុង​ចន្លោះ 187 – 300 គីឡូម៉ែត្រ ដែល​ត្រូវបាន​សាង​ឡើង​តាំងពី​ចុង​សតវត្ស​ទី 18 និង​មាន​មនុស្ស​ចំនួន​ច្រើន​ដល់​ទៅ 6 លាន​នាក់​ដែល​ត្រូវ​កប់​នៅក្រោម​រូង​ក្រោម​ដី​មួយ​នេះ​រហូត​ក្លាយ​ជាទី​កប់ខ្មោច​ក្រោម​ដី​ដ៏​ធំ​មួយ។

9 . សេន​ត្រា​លៀ ផេ​ន​ស៊ី​ល​វេ​នៀ សហរដ្ឋអាមេរិក

ទីក្រុង​សេន​ត្រា​លៀ មាន​រហស្សនាម​ថា ទីក្រុង សៃ​រេ​ន​ត៍ ហ៊ីល​ល៍ ក្នុងស្ថានភាព​ពិត ព្រោះ​ទីនេះ​ធ្លាប់​កើតអគ្គីភ័យ​នៅក្នុង​អណ្តូងរ៉ែ​ក្រោម​ដី​តាំងពី​ឆ្នាំ 1962 និង​រហូតមក​ដល់ពេលនេះ​ជាង 50 ឆ្នាំ​ទៅហើយ ភ្លើង​ដែល​ឆេះ​នៅ​ខាងក្រោម​នោះ ក៏​នៅតែ​គ្មាន​សញ្ញា​ណាមួយ​បង្ហាញថា វា​នឹង​រលត់​អស់​ទៅវិញ​ដែរ រហូតដល់​ថ្នាក់​អាជ្ញាធរ​បាន​បំពាក់​ប៉ាយ​សញ្ញា​ដាស់តឿន​អ្នក​ដែល​ធ្វើដំណើរ​មក​ទីក្រុង​នេះ​ថា នឹងត្រូវ​ជួបនឹង​កម្តៅ និង​ធាតុអាកាស​មាន​ជាតិពុល​ដែលមាន​គ្រោះថ្នាក់​ទៀតផង។

10 . ផ្សារ អៈ​កូ​ដេ​ស​សេ​វ៉ា ប្រទេស តូ​កូ

គឺជា​ផ្សារ​ដែល​អ្នកមាន​ស្មារតី​មិន​រឹងមាំ ឆាប់​ភ័យ​មិន​ហ៊ាន​ចូលទៅ​យ៉ាងពិត​ប្រាកដ ព្រោះ​មានការ​ដាក់លក់​ឆ្អឹងលលាដ៍ក្បាល និង​អវយវៈផ្សេងៗរបស់​សត្វ​ចំនួន​ដ៍​ច្រើន មិនថាតែ​ឆ្អឹងលលាដ៍ក្បាល​សត្វ​គោព្រៃ ស្វា ក្របីព្រៃខ្លារ​ខឹ​ន និងផ្សេងៗទៀត​ជាច្រើន​ដែល​ត្រូវបាន​នាំយក​ទៅប្រើ​ក្នុង​ពិធីក​ម្មខាង​សាសនា​របស់​លិ​ទ្ធិ​វូ​ឌូ។

11 . កោះ ផូ​វេ​ក្លៀ ប្រទេស អ៊ីតាលី

ជា​កោះ​មួយ​ក្នុងចំណោម​កោះ​ដែលមាន​ឈ្មោះ​ល្បី​បំផុត​នៅក្នុង​តំបន់ វេ​នេ​សៀន​ឡា​គូ​ន ភាគ​ខាងជើង​ប្រទេស អ៊ីតាលី ដោយ​ទីនេះ​គឺជា​កន្លែង​និរទេស​អ្នក​កើត​ជំងឺឆ្លង​ក្នុងសម័យ​រ៉ូ​ម៉ាំង ដែលមាន​មនុស្ស​ច្រើនជាង 160.000 នាក់​ត្រូវបាន​កប់​នៅលើ​កោះ​មួយ​នេះ។ ក្រៅពីនោះ​នៅមាន​រឿងរ៉ាវ​ការពិសោធន៍​ដ៏​កាច​សាហាវ​ជាមួយ​អ្នកជំងឺ​នៅក្នុង​មន្ទី​ពេទ្យ​ឆ្កួត​ដែល​បាន​សាងសង់ឡើង​នៅលើ​កោះ​នោះ​ទៀតផង រហូត​ធ្វើឱ្យ​មនុស្សម្នា​ជាច្រើន​នាំគ្នា​និយាយថា ទីនោះ​គឺជា​ទីកន្លែង​ដ៏​គួរឱ្យ​ភ័យខ្លាច​បំផុត​នៅលើ​ពិភពលោក​នេះ។

12 . ភ្នំ​ឈើឆ្កាង ប្រទេស លី​ធួ​នៀ

ជា​ទួល​ភ្នំ​ខ្នាត​ធំ​មួយ​ដែល​ពេញ​ទៅដោយ​ឈើឆ្កាង​របស់​ជនជាតិ​លី​ធួ​នៀ​ច្រើនជាង 50.000 ឈើឆ្កាង ជាទី​កន្លែង​ដែល​មនុស្ស​ក្នុង​តំបន់​ជឿថា បើ​អ្នកណា​ដែល​ឈាន​ជើង​ឡើង​មកលើ​ទួល​ភ្នំ​មួយ​នេះ នឹងត្រូវ​ជួបនឹង​ភាព​សំណាងអាក្រក់​នៅក្នុង​ជីវិត​មិន​ខាន។

13 . វាល​កប់ខ្មោច​ម៉ាំ​មី ខា​បា​យ៉ាន់ ប្រទេស​ហ្វ៊ី​លី​ពី​ន


ខ្មោច​ម៉ាំ​មី​នៃ​ខា​បា​យ៉ាន់ ត្រូវបាន​បញ្ចុះ​នៅក្នុង​វាល​កប់ខ្មោច​មួយ​នេះ ដែលមាន​អាយុ​ក្នុង​ចន្លោះ​អំឡុង​ឆ្នាំ 1200 – 1500 ដោយ​ខ្មោច​ម៉ាំ​មី​ទាំងអស់នេះ​មានការ​ប្រើប្រាស់​វិធី​ដ៏​ស្មុគស្មាញ​ដើម្បី​រក្សាទុក​សភាព​សាកសព​ឱ្យនៅ​ល្អ ហើយ​អ្នក​នៅក្នុង​តំបន់​នោះ​ជឿថា វិញ្ញាណ​របស់​ខ្មោច​ម៉ាំ​មី​ទាំងនេះ​នៅតែ​ស​ណ្ថិ​ត​នៅក្នុង​វាល​កប់ខ្មោច​នេះ​ជា​និច្ច។

14 . ស្ពាន អូ​វើ​ធូ​ន ប្រទេស​ស្កុ​តលែ​ន​ដ៍

ជា​ស្ពាន​ចំណាស់​មួយ​ដែល​តាំងនៅ​មិន​ឆ្ងាយ​ពី​ភូមិ​ស្រុក មី​ល​តុ​ន ក្នុងប្រទេស​ស្កុ​តលែ​ន​ដ៍ ដោយ​រឿងប្លែកៗដែល​ពាក់ព័ន្ធ​នឹង​ស្ពាន​មួយ​នេះ​បាន​កើតឡើង​ក្នុងសម័យ​ពាក់កណ្តាល​សតវត្ស​ទី 20 នៅពេលដែល​សត្វ​ឆ្កែ​ជាច្រើន​សិប​ក្បាល​បាន​ព្យ​យាម​លោត​ចុះ​ចេញពី​ស្ពាន​ដែលមាន​កម្ពស់​ជាង15 ម៉ែត្រ​នេះ ធ្លាក់​ទៅបុក​នឹង​ថ្ម​បាក់ក​ស្លាប់​នៅ​ខាងក្រោម ខណៈដែល​ឆ្កែ​ខ្លះ​ដែល​មិន​ស្លាប់ តែ​បែរជា​រត់ឡើង​មកលើ​ស្ពាន​វិញ​ហើយ​លោត​ចុះទៅ​ម្តងទៀត​រហូត​ទាល់តែ​ស្លាប់។ គ្មាន​អ្នកណា​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នោះឡើយ តែ​ទីនេះ​បាន​ក្លាយជា​ស្ពាន​ដែល​គ្រោះថ្នាក់​បំផុត​សម្រាប់​សត្វ​ទូទៅ​ចាប់តាំងពី​ពេលនោះ​មក។

15 . ល្អាង​ភ្នំ Actun Tunichil Mukral ប្រទេស ប្រេ​ស៊ី​ល

ជា​ល្អាង​ភ្នំ​ដែល​នៅ​មិន​ឆ្ងាយ​ពី​តំបន់ អ៊ិ​កណា​ស៊ីអូ ខេត្ត បេ​លី​ស ប៉ុន្មាន​ឡើយ ដោយ​ទីនេះ​មាន​ភាព​សំខាន់​ខាង​ប្រវត្តិសាស្ត្រ​បុរាណ ព្រោះ​មាន​ភស្តុតាង​ដែល​ពិសោធន៍​បាន​ថា វា​គឺជា​ផ្នែក​មួយ​របស់​អរិយ្យធម៌​ម៉ា​យ៉ា​ដែល​សម្រាប់​ទុក​ធ្វើជា​ទីកន្លែង​បូជា​យ័​ញ្ញ ដើម្បី​ធ្វើជា​ផ្លូវ​ឆ្លង​ឆ្ពោះទៅ​ឋាន​យមលោក។

16 . ប្រាសាទ ធ្លី​ប ប្រទេស អៃ​លែ​ន​ដ៍

ស្ថិតនៅក្នុង​តំបន់ អូ​ហ្វា​លី ក្នុងប្រទេស​អៃ​លែ​ន​ដ៍ ទីនេះ​ជា​ប្រាសាទ​មួយ​ក្នុងចំណោម​ប្រាសាទ​ដែល​ពោរពេញ​ទៅដោយ​ពាក្យ​ទំនាយ និង​បណ្តាសា​មន្តអាគម​ច្រើន​បំផុត​ក្នុង​ពិភពលោក។ ខាងក្រៅ​ប្រាសាទ​ដែល​មើលទៅ​ឃើញ​រាង​ងងឹត​ស្រទំ​នោះ នៅ​ខាងក្នុង​ប្រាសាទ​មាន​គុក​ក្រោម​ដី​ដែល​ពោរពេញ​ទៅដោយ​ចម្រូង​មុត​ស្រួច​នៅលើ​កម្រាល​ដី។ ក្នុងអំឡុងពេល​រៀបចំ​ជួសជុល​ប្រាសាទ​នេះ​ឡើងវិញ គេ​ត្រូវ​ប្រើ​រថយន្ត​ដឹកទំនិញធំៗដល់​ទៅ 10 គ្រឿង​ឯណោះ​ដើម្បី​ដឹក​សំណាក​ឆ្អឹង​ដែល​រកឃើញ​នៅក្រោម​ប្រសាទ​មួយ​នេះ​ចេញ។

17 . រណ្តៅ​កប់ខ្មោច សៅ​ស៊ី​ល​ឡា ប្រទេស ប៉េ​រូ

រណ្តៅ​កប់ខ្មោច​ដែល​ត្រូវបាន​រកឃើញ​ក្នុង​ឆ្នាំ 1920 ដោយ​អ្នកស្រាវជ្រាវ​បាន​រកឃើញ​សាកសព​ដែលមាន​អាយុ​ដល់​ទៅ 700 ឆ្នាំ​នៅក្នុង​នោះ ដោយ​សាកសព​ចុងក្រោយ​ដែល​ត្រូវ​កប់​នៅទីនេះ​ធ្វើឡើង​នៅក្នុង​សតវត្ស​ទី 9។ អ្វីដែល​គួរឱ្យ​ព្រឺព្រួច​នៅក្នុង​រណ្តៅ​ខ្មោច​មួយ​នោះ​ក៏​គឺ សាកសព​ទាំងអស់​ត្រូវបាន​រកឃើញ​នៅក្នុង​លក្ខណៈ​អង្គុយ ហើយលលាដ៍ក្បាល​ទាំងអស់​សុទ្ធតែ​ត្រូវបាន​កែច្នៃ​ឱ្យមាន​លក្ខណៈ​មើលទៅ​ដូច​មនុស្ស​កំពុង​ញញឹម​អ៊ីចឹង។

18 . ព្រះវិហារ ថូ​ហ្វេ​ត ប្រទេស ទុយ​នី​សៀ

អ្វីដែល​គួរឱ្យ​សោកសៅ​បំផុត​របស់​ការគោរព​សាសនា​ក្នុង​នគរ ខា​ធេ​ច​បុរាណ​នោះ​គឺ ការបូជា​យ័​ញ្ញ​កូនក្មេង ជាពិសេស​ទារក​ដែល​នៅ​តូច​បំផុត។ ទាំងអស់គ្នា​ដែល​នៅក្នុង​ពិធី​នឹងត្រូវ​បាន​ហាម​មិនឱ្យ​ស្រែកយំ​ឡើយ ព្រោះ​គេ​ជឿថា ទឹកភ្នែក​ត្រឹម​តែមួយ​ដំណក់ ឬ​ការដក​ដង្ហើមធំ​ដោយ​ក្តី​សោកសង្រេង នឹងធ្វើ​ឱ្យ​គុណ​តម្លៃ​នៃ​ការលះបង់​ជីវិត​នេះ​ធ្លាក់ចុះ។ នៅ​ឆ្នាំ 1921 អ្នក​បុរាណវិទ្យា​បាន​រកឃើញ​សាកសព​ទារក​ចំនួន​ដ៏​ច្រើន រួមទាំង​សត្វផ្សេងៗនៅក្នុង​ព្រះវិហារ​នេះ​ទៀតផង។

19 . កោះពស់ នៅ​ប្រទេស​ប្រេ​ស៊ី​ល

កោះ​ដែលមាន​ឈ្មោះថា ILha da Queimada Grandeគឺជា​កន្លែង​ដែល​គ្រោះថ្នាក់​បំផុត​ក្នុង​ពិភពលោក​យ៉ាងពិត​ប្រាកដ ព្រោះ​វា​គ្របដណ្តប់​ទៅដោយ​សត្វ​ពស់​ដែលមាន​ចំនួន​ដ៏​ច្រើន​ពាសពេញ​ទាំង​កោះ ដោយ​គិត​ជា​ចំនួន​វិញ​គឺ មាន 6 ក្បាល​ក្នុង​ផ្ទៃដី​មួយ​ម៉ែត្រការ៉េ​បួន​ជ្រុង។ មាន​សត្វ​ពស់​ទាំង​មាន​ពិសល្មមៗ និង​ពិស​ខ្លាំង​ដែល​អាចធ្វើឱ្យ​មនុស្ស​ស្លាប់ភ្លាមៗបាន រហូតដល់​រដ្ឋាភិបាល​ប្រទេស​ប្រេ​ស៊ី​ល​ប្រកា​សបិទ​កោះ​នេះ និង​ហាម​មិនឱ្យ​អ្នកណា​ឈាន​ជើង​ចូលទៅក្នុង​កោះ​នោះ​ជាដាច់ខាត។

20 . ដា​រ៍​កេ​ហ្វ​ស៍ ប្រទេស រុស្ស៊ី

លក្ខណៈ​ខាងក្រៅ​មើលទៅ​ឃើញ​ដូចជា​ភូមិតូច​មួយ​ដែលមាន​ការ​ឌី​ហ្សា​ញ​ប្លែក​ភ្នែក តែ​ការពិតទៅ​វា​គឺ​ជាទី​កប់ខ្មោច​បុរាណ​ដែល​បាន​បញ្ចុះសព​មនុស្ស​អស់​ចំនួន​ដ៏​ច្រើន​រាប់មិនអស់។

21 . មន្ទីរពេទ្យ​យោធា​ដែល​គេ​បោះបង់ចោល នៅ Beelitz-Heolstatten ប្រទេស អាល្លឺម៉ង់

ក្នុងអំឡុង​សង្គ្រាម​ពិភពលោក​ទាំង 2 លើក មន្ទី​ពេទ្យ​មួយ​នេះ​ត្រូវបាន​ប្រើប្រាស់​ដោយ​កងទ័ព​ផ្តាច់កា​រណា​ហ្ស៊ី​តាំងពី​ឆ្នាំ 1916 បន្ទាប់ពីនោះ​វា​ក៏​ក្លាយ​មកជា​របស់​បក្សកុម្មុយនិស្ត និង​ជា​មន្ទីរពេទ្យ​ដែល​ធំ​បំផុត​នៅក្រៅ​តំបន់​របស់​សហភាពសូវៀត​ក្នុង​ជំនាន់​នោះ ដែល​ប្រកបទៅដោយ​អគារ​ជាង 60 ខ្នង ដែល​បច្ចុប្បន្ន​ផ្នែក​ខ្លះ​ត្រូវបាន​កែសម្រួល​ជួសជុល​ជាថ្មី តែ​ផ្នែក​ខ្លះ​ក៏ត្រូវ​បិទ​ចោល​តែម្តង។

22 . ក្តារ​មឈូស​ព្យួរ​នៃ​សា​កា​ដា ប្រទេស ហ្វ៊ី​លី​ពី​ន

នៅលើ​កោះ លូ​សន ក្នុងប្រទេស​ហ្វ៊ី​លី​ពី​ន មាន​ភូមិតូច​មួយ​ដែលមាន​ឈ្មោះថា សា​កា​ដា ជា​កន្លែង​មួយ​ក្នុងចំណោម​ទីកន្លែង​ដែល​គួរឱ្យ​ភ័យខ្លាច​បំផុត​របស់​ប្រទេស ដែល​លោកអ្នក​អាច​ជួប​ប្រទះឃើញ​សាកសព​មនុស្ស​បាន​យ៉ាង​ងាយ ព្រោះ​វា​ត្រូវបាន​ព្យួរ​នៅតាម​ចម្រាក់​ភ្នំផ្សេងៗជាច្រើន។

ដោយ​ជំនឿ​របស់​មនុស្ស​នៅក្នុង​ភូមិ​មួយ​នោះ​គឺ ការដែល​ព​ន្យួ​រ​សាកសព​ទុកចោល​នៅ​ទី​ខ្ពស់​បែបនេះ គឺ​ការធ្វើឱ្យ​ដួងវិញ្ញាណ​បាន​ចូល​ទៅជិត​ស្ថានសួគ៌​ខ្លាំង​ឡើង​ហ្នឹងឯង៕

Leave a Reply

Your email address will not be published.