ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Pfizer អាច​រកចំណូលបាន​ពី​វ៉ាក់សាំង​កូ​វីដ-១៩ រហូតដល់២៦ពាន់​លាន​ដុល្លារ

ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​អាមេរិក Pfizer Inc បាន​ព្យាករ​ថា ខ្លួន​នឹង​ទទួលបាន​ចំណូល​ពី​ការលក់​វ៉ាក់សាំង​កូ​វីដ-១៩ ចំនួន ២៦ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០២១នេះ ដោយ​កើនឡើង​ជាង ៧០% បើ​ធៀប​នឹង​ការ​ព្យាករ​មុននេះ។

សារព័ត៌មាន The Edge Markets បានចេញ​ផ្សាយ​ថា ការដំឡើង​ការ​ព្យាករ​នេះ ឆ្លុះបញ្ចាំង​ពី​កិច្ចព្រមព្រៀងថ្មីៗ ជាមួយ​រដ្ឋាភិបាល​នានា​ជុំវិញ​ពិភពលោក ដែល​កំពុង​ប្រឹងប្រែង​ដុតដៃដុតជើង ដើម្បី​បញ្ឈប់​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ តាមរយៈ​ការចាក់​វ៉ាក់សាំង​ឱ្យបាន​ឆាប់រហ័ស។

តាម​ការរំពឹងទុក​ក្រុមហ៊ុន Pfizer នឹង​ផលិត​បាន​លើស ១ភាគ៣ នៃ​ការលក់​ពេញ​មួយឆ្នាំ​របស់ខ្លួន ដោយ​ក្រុមហ៊ុន​នេះ​កំពុង​ចរចា​ផ្គត់ផ្គង់ ជាមួយ​ប្រទេស​ជាច្រើន​សម្រាប់​ឆ្នាំ២០២២ និង​លើសពីនេះ។

ការចំណាយ​ថ្លៃដើម និង​ប្រាក់ចំណេញ​សុទ្ធ បាន​ពី​ការលក់​វ៉ាក់សាំង​នឹងត្រូវ​បែងចែក ៥០-៥០ រវាង​ក្រុមហ៊ុន Pfizer និង​ក្រុមហ៊ុន BioNTech។ ក្រុមហ៊ុន​ផលិត​ឱ​ស​ទាំងពីរ​នេះ​ធ្លាប់បាន​និយាយថា ខ្លួន​មាន​គោលបំណង​ផលិត ឱ្យបាន​រហូតដល់ ២,៥ពាន់​លាន​ដូ​ស​ក្នុងឆ្នាំនេះ។

ប្រសិនបើ​ក្រុមហ៊ុន​នេះ លក់បាន​ចំនួន​នោះ​មែន ប្រាក់ចំណូល​ពី​ការលក់​វ៉ាក់សាំង​នៅ​ឆ្នាំ២០២១ នេះ​អាច​នឹង​ខ្ពស់ជាង ២៦ពាន់​លាន​ដុល្លារ យ៉ាងតិច​ក៏៥០%ដែរ។

ទន្ទឹមនេះ ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​អាមេរិក Moderna ដែលជា​គូប្រជែង​ក៏បាន​ព្យាករ​ដែរ​ថា ចំណូល​ពី​ការលក់​វ៉ាក់សាំង​របស់ខ្លួន នឹង​ទទួលបាន ១៨,៤ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០២១នេះ៕

Leave a Reply

Your email address will not be published.