សាលា​រាជធានី​ភ្នំពេញ ដាក់ចេញ​វិធានការ​កំណត់​ការចេញ-ចូល និង​គ្រប់គ្រង​នៅ​តំបន់​លឿង លឿងទុំ និងតំបន់​ក្រហម

គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បានដាក់​ចេញ​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​មួយ លើ​ការកំណត់​ការចេញចូល និង​ការគ្រប់គ្រង ការអនុវត្ត​នៅ​តំបន់​ពណ៌​លឿង លឿងទុំ និង​តំបន់​ក្រហម នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ឱ្យបាន​ល្អប្រសើរ

ក្នុងការ​ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ ទៅតាម​សេចក្តីសម្រេច​លេខ៥៤ សសរ ចុះ​ថ្ងៃទី២៦ មេសា ២០២១របស់​រាជរដ្ឋាភិបាល។

ការដាក់ចេញ​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ខាងលើនេះ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ តាមរយៈ Video Conference ក្រោម​វត្តមាន​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និង​ជា​អនុប្រធាន​គណៈកម្មការ​ប្រតិបត្តិ​នៃ គ.ប.ខ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​កងកម្លាំង អាជ្ញាធរ​ខណ្ឌ​ទាំង១៤ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ-១៩ ក្នុង​ព្រឹត្តិ​កាល​សហគមន៍២០កុម្ភៈ​នេះ។

ក្នុង​កិច្ចប្រជុំ​នោះ​លោក ឃួ​ង ស្រេង បាន​ថ្លែងថា ការបង្កើតឱ្យមាន​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ ដើម្បី​កំណត់ឱ្យ​បានច្បាស់លាស់​ពី​តំបន់​ក្រហម តំបន់​លឿងទុំ និង​តំបន់​លឿង ងាយស្រួល​គ្រប់គ្រង និង​អនុវត្ត​ការងារ​ទៅតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់ ពិសេស​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​ជាមួយ​អាជ្ញាធរ​របស់​យើង ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ​នេះ ឱ្យ​បានល្អ​បន្ថែមទៀត។

ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្ដី លោក ឃួ​ង ស្រេង បាន​ណែនាំ​ឱ្យ​កងកម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ទាំងអស់​អនុវត្ត​ការងារ​ខាងលើនេះ កុំឱ្យ​លើស និង​កុំឱ្យ​ខ្វះ ដើម្បី​អនុវត្ត​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​នេះ ទទួលបាន​ជោគជ័យ។

លោក កើត រិ​ទ្ធ បាន​ថ្លែងថា យើង​មាន​គោលដៅ២ ដែល​ត្រូវអនុវត្ត រួមមាន៖

ទី១៖ ស្វែងយល់​ឲ្យ​បានច្បាស់លាស់​បន្ថែម​ពី​តំបន់​បិទ​ខ្ទប់ ដើម្បី​យកទៅអនុវត្ត​ឲ្យ​ចំ​គោលដៅ មិន​លើស មិន​ខ្វះ និង​ទទួលបាន​ជោគជ័យ
ទី២៖ ការផ្សាយ​ផ្សាយ​ប្រជាពលរដ្ឋ​ឱ្យបាន​យល់ ពី​អ្វីដែល​ពួកគាត់​ត្រូវអនុវត្ត អ្វីដែល​ពួកគាត់​គួរ​ធ្វើ​និង​មិនគួរ​ធ្វើ លើ​តំបន់៣ពណ៌ ដែល​បានកំណត់ ដើម្បី​ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ-១៩ ។

លោក កើត​រិ​ទ្ធ ក្នុងឱកាស​នោះ​ក៏បាន​សម្តែង​ការកោតសរសើរ​ចំពោះ​កងកម្លាំង​និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល១៤ថ្ងៃ នៃ​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ​នេះ ឃើញថា កម្លាំង និង​អាជ្ញាធរ​បាន​ប្រឹងប្រែង​ខ្លាំងណាស់​ទាំង​កម្លាំងកាយ កម្លាំងចិត្ត ដែល​បានធ្វើឱ្យ​ការងារ​នេះ ដំណើរការ​ទៅដោយ​រលូន និង​ជោគជ័យ និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អប្រសើរ​ផងដែរ៕

Leave a Reply

Your email address will not be published.