ក្រសួងសាធារណការ រកចំណូលបានជាង ២០០លានរៀលពីការផាកពិន័យរថយន្តដឹកលើសទម្ងន់នៅក្នុងខែមេសា

ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឲ្យដឹងថា មានរថយន្តដឹកលើសទម្ងន់ ចំនួន ១៦១គ្រឿង និងពិន័យជាថវិកាបានជាង ២០០លានរៀល ក្នុងខែមេសា ឆ្នាំ២០២១ ដោយចំនួនដឹកល្មើសបានថយចុះ ៤៣ភាគរយ បើប្រៀបធៀបទៅនឹងខែមីនា ឆ្នាំ២០២១ កន្លងមក។

លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅខែ មេសា ឆ្នាំ ២០២១ បានចាប់រថយន្តដឹកជញ្ជូនលើសទម្ងន់ ១៦១គ្រឿង ដោយធ្វើការពិន័យបានថវិកាសរុបចំនួន ២២២ ០០០ ០០០ រៀល ដែលមានការថយចុះតិចជាងចំនួន ១២២ គ្រឿង ស្មើ ៤៣ភាគរយ បើធៀបនឹងទិន្នន័យ ខែមីនា ឆ្នាំ២០២១ កន្លងទៅ មានចំនួន ២៨៣គ្រឿង ។

សូមម្ចាស់រថយន្តដឹកទំនិញទាំងអស់ត្រូវដឹងថា ការបង្កផលប៉ះពាល់ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់ គឺបានបំផ្លាញផ្លូវជាតិ នាំឱ្យខាតបង់ថវិកាជាតិ ព្រមទាំងបង្កនូវគ្រោះថ្នាក់ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្សផងដែរ។

ទន្ទឹមនោះសូមបងប្អូនម្ចាស់យានយន្តដឹកជញ្ជូនទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា៕

Leave a Reply

Your email address will not be published.