ញាក់ភ្នែក រឿងនេះ​ពាក់ព័ន្ធ​នឹង​សុខភាព ឬ​លាភ​សំណាង?

ញាក់ភ្នែក អាការ​នេះ​យើង​ប្រហែលជា​ធ្លាប់​ស្គាល់​ច្បាស់​ណាស់  ជាពិសេស​ដែល​គេ​ប្រាប់ថា បើ​ញាក់ភ្នែក​ខាងឆ្វេង គឺ​ប្រផ្នូល​ល្អ តែបើ​ញាក់ភ្នែក​ស្តាំ​វិញ បញ្ជាក់ថា រឿង​មិនល្អ​កំពុងតែ​ជិត​កើតឡើង​ហើយ  តែ​ចំពោះ​រឿង​សុខភាព​វិញ តើ​ញាក់ភ្នែក​ជា​សញ្ញា​ប្រាប់​ពី​ហេតុ​ការ ឬ​គ្រាន់តែ​ជា​ភាពខុសប្រក្រតី​បន្តិចបន្តួច​របស់​រាង​កាយ?។

ញាក់ភ្នែក​កើតមក​ពីអ្វី?

ញាក់ភ្នែក ឬ​ស្បែក​ភ្នែក​ញាក់ មិនថាតែ​ញាក់ភ្នែក​ឆ្វេង ឬ​ស្តាំ​នោះទេ ខាង​វេជ្ជសាស្ត្រ​បាន​ចាត់ទុកថា អាការ​ញាក់ភ្នែក​បណ្តាល​មកពី​សាច់ដុំ​នៅ​ម្តុំ​បរិវេណ​ភ្នែក​ពង្រឹង​ខ្លួន ដែល​កើតចេញពី​ការញាក់​ដែល​ខុស​ប្រក្រតី​របស់​សរសៃប្រសាទ​នៅ​ម្តុំ​នោះ ដោយ​បច្ច័យដែល​ធ្វើឱ្យ​កើត​អាការ​ញាក់ភ្នែក​នោះ​មាន​ទាំង​ការ​គេង​សម្រាក​មិនបាន​គ្រប់គ្រាន់ ការទទួល​ទាន​តែ ឬ​កាហ្វេ​ក្នុង​បរិមាណ​ច្រើន​ជ្រុល​ពេក ឬ​ភាព​តានតឹង​ធុញថប់ និង​កង្វល់​ក្នុង​អារម្មណ៍​ក៏​ធ្វើឱ្យ​ភ្នែក​ញាក់​ទាំង​ឆ្វេង ទាំង​ស្តាំ​បានដែរ។

ញាក់ភ្នែក​ញឹកញាប់ និង​ច្រើន​ថ្ងៃ មាន​គ្រោះថ្នាក់​ដែរឬទេ?

អាការ​ញាក់ភ្នែក​គ​រាន់​តែ​ជា​ភាពខុសប្រក្រតី​ក្នុងអំឡុងពេលខ្លីៗក៏ពិតមែន ប៉ុន្តែ​លោក​វេជ្ជ​ប​ណ្ដិ​ត​ជំនាញ​ផ្នែក​ចក្ខុ​បាន​ប្រាប់ថាបើសិនជា​ភ្នែក​ញាក់​ញឹកញាប់ និង​យូរ​លើស 1 សប្តាហ៍ ឬ​មាន​អាការ​ញាក់ភ្នែក​រួមជាមួយ​ការញាក់​របស់​សាច់ដុំ​នៅ​កន្លែង​ផ្សេងទៀត ដូចជា​រង្វះមាត់ និង​ថ្ពាល់ និង​មាន​អាការ​ភ្នែក​ក្រហម ឬ​មាន​អាចម៍​រួមជាមួយ​ផង រួមទាំង​បើ​ការញាក់​ភ្នែក​នោះ​មាន​ភាព​ធ្ងន់ធ្ងរ​ដល់​ថ្នាក់ធ្វើឱ្យ​ស្បែក​ភ្នែក​បិទ​ផង​នោះ  ករណី​ទាំងនេះ​ពេទ្យ​ជំនាញ​ខាង​ភ្នែក​បាន​ណែនាំ​ឱ្យមក​ពិនិត្យ​អាការ​នៅ​មន្ទី​ពេទ្យ​ដើម្បី​រកមើល​មូលហេតុ​ពិតប្រាកដ។

ញាក់ភ្នែក​បែបណា​ដែល​ចាត់ទុកថា កើត​ជំងឺ

វេជ្ជបណ្ឌិត​ជំនាញ​ខាង​ភ្នែក​បាន​រៀបរាប់ថា អាការ​ញាក់ភ្នែក​អាច​ចាត់​ចូលក្នុង​ក្រុម​ជំងឺ​បាន​ដូចគ្នា ដោយ​ក្រុម​ទីមួយ​ហៅថា Essential Blepharospasm  ដែល​អ្នកជំងឺ​នឹងមាន​អាការ​ញាក់ភ្នែក​ចំពោះតែ​បរិវេណ​ស្បែក​ភ្នែក​តែ​ម្យ៉ាង និង​ច្រើនតែ​ញាក់​តែ​ម្ខាងប៉ុណ្ណោះ​ក្នុង​រយៈ​ដំបូង ប៉ុន្តែ​បន្ទាប់ពី​ញាក់យូរៗម្តង ត​មក​ភ្នែក​នឹង​ញាក់​ញឹកញាប់​ឡើង មាន​ភាពខ្លាំង​ក្លា​ឡើង និង​ចាប់ផ្តើម​រាលដាលទៅ​ញាក់​លើ​ភ្នែក​ម្ខាង​ទៀត ដែល​ពេទ្យ​ក៏​ប្រាប់ថា ជា​ជំងឺ​ដែល​គ្មាន​មូលហេតុ និង​អាច​គ្មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​អ្វី​ឡើយ គ្រាន់​អាច​សាង​ភាព​រំខាន និង​សាង​ឧបសគ្គ​ក្នុង​ការរស់នៅ​បន្តិចបន្តួច​ប៉ុណ្ណោះ។

ចំណែក​សភាវ​មួយទៀត​គឺ  Hemi facial Spasm  ដោយ​អាការ​នឹងមាន​ទាំង​ញាក់ភ្នែក និង​សាច់ដុំ​ផ្ទៃមុខ​រាលដាល​ទៅដល់បំពង់ក​ផ្នែក​ខាង​ញាក់​នោះ​ដំណាលគ្នា​ទៀតផង។ សភាវ​នេះ គ្រូពេទ្យ​បាន​ដាស់តឿន​ឱ្យ​ប្រយ័ត្ន ដោយសារតែ​ជា​អា​ការដែល​បង្ហាញ​បាន​ថា មាន​ភាពខុសប្រក្រតី​កើតឡើង​ជាមួយ​សរសៃប្រសាទ​គូ​ទី 7 នៅក្នុង​ខួរក្បាល​របស់​អ្នក ដែលជា​សរសៃប្រសាទ​គ្រប់គ្រង​ការធ្វើការងារ​របស់​សាច់ដុំ​លើ​ផ្ទៃមុខ ដោយ​អាការ​ខុស​ប្រក្រតី​ដែលថា​នេះ​អាច​កើត​បាន​ទាំង​សរសៃឈាម​បរិវេណ​សរសៃប្រសាទ​នោះ​កោង-ង ឬ​មាន​សាច់​ដុះ​ទៅ​សង្កត់​សរសៃប្រសាទ​រហូត​ក្លាយជា​មូលហេតុ​របស់​ការញាក់​ភ្នែក និង​សាច់ដុំ​ផ្សេងទៀត​ញាក់​ផងដែរ។ ទាំងអស់នេះ​ការវិនិច្ឆ័យ​រោគ​ដំណាក់កាល​ដំបូង​ត្រូវ​អាស្រ័យ​ការ​ស្គែ​ន​ខួរក្បាល​ដើម្បី​រកមើល​ភាពមិន​សមប្រកប​រប​ស់​សរសៃប្រសាទ​ដើម្បីឱ្យ​ពេទ្យ​ធ្វើការ​ព្យាបាល​ជា​បន្ត។

អូ​ខេ! ស្គា​ល់ពី​មូលហេតុ​របស់​ការញាក់​ភ្នែក​រួចហើយ ឥឡូវ​យើង​នាំគ្នា​មក​មើល​ពី​ជំនឿ និង​ពាក្យ​ទំនាយ​អំពី​ការញាក់​ភ្នែក​នេះ​វិញ​ម្តង។

ញាក់ភ្នែក​នៅពេល​ព្រឹក(រាប់​ចាប់ពី​ពេល​ភ្ញាក់​ពី​គេង ជិត​ភ្លឺ)

– ញាក់ភ្នែក​ខាងស្តាំ ៈ នឹងមាន​ញាតិមិត្ត​បងប្អូន​ពី​ស្រុក​ឆ្ងាយ​មករក។

– ញាក់ភ្នែក​ខាងឆ្វេង ៈ នឹងមាន​ការឈ្លោះប្រកែក​តវ៉ា ឬ​មានរឿង​ក្តៅក្រហាយ​កើតឡើង។

ញាក់ភ្នែក​នៅពេល​ព្រឹក(ម៉ោង 09ៈ00 – 12ៈ00)

-ញាក់ភ្នែក​ខាងស្តាំ ៈ នឹង​ញាតិមិត្ត​បងប្អូន​ពី​ស្រុក​ក្រៅ ឬ​ពី​តាម​ខេត្ត​នាំ​លាភ​មកឱ្យ។

-ញាក់ភ្នែក​ខាងឆ្វេង ៈ នឹងមាន​កើតរឿង​មិនល្អ​នៅក្នុង​ក្រុមគ្រួសារ។

ញាក់ភ្នែក​នៅពេល​រសៀល(13ៈ00 – 16ៈ00)

-ញាក់ភ្នែក​ខាងស្តាំ ៈ រឿង​ដែល​កំពុង​គិត ឬ​កំពុង​ធ្វើ​នឹង​ទទួលបាន​ជោគជ័យ។

– ញាក់ភ្នែក​ខាងឆ្វេង ៈ នឹងមាន​មនុស្ស​ភេទ​ផ្ទុយ​នឹក​ដល់ ឬ​អាច​នឹង​មករក។

ញាក់ភ្នែក​នៅពេល​ល្ងាច(17ៈ00 – 19ៈ00)

– ញាក់ភ្នែក​ខាងឆ្វេង ៈ នឹងមាន​សាច់ញាតិ​បងប្អូន ឬ​មិត្ត​ជិតដិត​ដែល​នៅ​ឆ្ងាយ​មកលេង។

– ញាក់ភ្នែក​ខាងស្តាំ ៈ នឹង​បាន​ជួប​សាច់ញាតិ ឬ​មិត្ត​ភ័ក្តិ​ដែល​បែក​គ្នា​យូរ​ដោយ​មិន​នឹកស្មាន​ដល់។

ញាក់ភ្នែក​នៅពេល​យប់(19ៈ00 តទៅ)

– ញាក់ភ្នែក​ខាងឆ្វេង ៈ នឹងមាន​តំណឹង​ល្អ​មកដល់​នៅពេល​ព្រឹកស្អែក​ឡើង ឬ​នឹង​បានទទួល​លាភ​ពី​ស្នាដៃ​ដែល​បានធ្វើ​ពីមុន

– ញាក់ភ្នែក​ខាងស្តាំ ៈ នឹង​មានរឿង​ឈ្លោះប្រកែក​ជាមួយ​មនុស្ស​ក្នុង​គ្រួសារ។

ភ្នែក​ញាក់​ខាងឆ្វេង ឬ​ខាងស្តាំ គឺ​គ្រាន់តែ​ជា​អា​ការខុស​ប្រក្រតី​របស់​សាច់ដុំ​ប៉ុណ្ណោះ  តែបើ​អ្នកណា​ជឿ​លើ​ពាក្យចាស់​បុរាណ​ដែល​ប្រាប់ថា​ជា​ប្រផ្នូល​អាក្រក់ ឬ​ប្រាប់​ពី​ដំណឹង​ល្អ​នោះ​ក៏​មិនមែនជា​រឿង​ប្លែក​អ្វី​ដែរ គ្រាន់តែ​កុំទៅ​ជឿ​ជ្រុល​ពេក​រហូតដល់​ភ្លេច​សង្កេតមើល​ភាពខុសប្រក្រតី​របស់​រា​ង​កាយ​ទៅបាន​ហើយ៕