មិន​ស្រួលខ្លួន​ខណៈ​មាន​ផ្ទៃពោះ ត្រូវ​មើលថែទាំ​ខ្លួនឯង​យ៉ាងណា?

ត្រឹម​តែមាន​ផ្ទៃពោះ​តែ​ម្យ៉ាង​ក៏​ធ្វើឱ្យ​អ្នក​ម្តាយ​មាន​អារម្មណ៍​ថា​នឿយហត់ និង​ចង់​សម្រាក​ឱ្យបានច្រើនៗណាស់​ទៅហើយ តែបើ​អ្នក​ម្តាយ​មានគភ៌​មាន​អា​ការឈឺ​ថ្កាត់ ឬ​មិន​ស្រួលខ្លួន​រួមជាមួយ​ទៀតផង​នោះ ក៏​រឹតតែ​ធ្វើឱ្យ​អ្នក​ម្តាយ​មាន​អារម្មណ៍​ថា​យ៉ាប់យ៉ឺន​ទុរុនទុរា ព្រោះ​អ្នក​ម្តាយ​នឹង​អស់កម្លាំង​ខ្លាំង​ឡើងដល់​ទៅ​ទ្វេ​រដង  និង​មិនដឹងថា​នឹង​ចាត់ការ​ចំពោះ​ខ្លួនឯង​យ៉ាងណា​ស្រួល  ដូច្នេះ​ថ្ងៃនេះយើងមាន​វិធី​ដែល​អ្នក​ម្តាយ​មានគភ៌​ត្រូវធ្វើ​ពេល​មាន​អា​ការឈឺ​ថ្កាត់ ឬ​មិន​ស្រួលខ្លួន​មក​ជម្រាបជូន។

1 – ពិនិត្យមើល​ខ្លួនឯង ៈ តើ​អ្នក​គ្រុនក្តៅ​មិន​ស្រួលខ្លួន​ដោយសារ​អ្វី? អ្នក​ម្តាយ​មានគភ៌​គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ដើម្បីឱ្យគ្រូពេទ្យ​ពិនិត្យ​មើលថា អាការ​ដែល​អ្នក​ឈឺ​ថ្កាត់​នោះ​បណ្តាលមកពី​ឆ្លង​មេរោគ​បាក់តេរី ឬ​មេរោគ​វីរុស ព្រោះ​ក្នុងអំឡុងពេល​មានគភ៌​អ្នក​ម្តាយ​នឹងមាន​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ទាប​ជាង​ប្រក្រតី​ស្រាប់​ហើយ និង​គួរតែ​ឱ្យ​គ្រូពេទ្យ​រកមើល​មូលហេតុ​ឱ្យឃើញ​ឱ្យបាន​លឿន​បំផុត។

2 – នៅពេល​ដឹងថា ឈឺ​ដោយសារ​អ្វី​ហើយ គួរតែបញ្ឈប់​ទង្វើ​នោះ ៈ ដើម្បី​កុំឱ្យ​កើតមាន​ទៀត​នៅ​លើក​ក្រោយ ដូចជា ប្រឡូកប៉ូកប៉ាក​ជាមួយ​អ្នកជំងឺ​ញឹកញាប់ ឬ​ចេញទៅ​នៅក្នុង​កន្លែង​ដែលមាន​មនុស្សម្នា​ច្រើន​កុះករ​ញឹកញាប់​ជាដើម។

3 – បើ​មាន​អាការ​ដូចតទៅ​នេះ ស្ត្រី​មានគភ៌​គួរ​ប្រញាប់​ទៅ​ជួប​ពេទ្យ ៈ គ្រុនក្តៅ​ខ្លួន​ខ្លាំង នឿយ​ល្វើយ​ខ្លាំង​ជាង​ធម្មតា ឈឺ-កមាន​អាការ​ហើម ណែន​ថប់​ក្នុង​ដើមទ្រូង ពិបាក​ដកដង្ហើម ខ្លួនប្រាណ​ស្លេកស្លាំង វឹលមុខ ឈរ​ទប់ខ្លួន​មិនជា​ប់ អាការ​ទាំងអស់នេះ​ត្រូវប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់។

ការមើល​ថែទាំ​ខ្លួនឯង​របស់​អ្នក​ម្តាយ​មានគភ៌​នៅពេល​ឈឺ​ថ្កាត់

ជា​ប្រក្រតី​អ្នក​ម្តាយ​ដែលមាន​គភ៌ បើ​ឈឺ​ថ្កាត់​បន្តិចបន្តួច​មិនចាំបាច់​ទៅ​ជួប​គ្រូពេទ្យ​ក៏បាន អាច​ព្យាបាល​ខ្លួនឯងបាន​បែបងាយៗដោយ​ការ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន សម្រាក​ឱ្យបាន​គ្រប់គ្រាន់ និង​មិន​គួរប្រើ​ថ្នាំ​ក្នុងការ​ព្យាបាល​ខ្លួនឯង​ឡើយ​បើ​គ្មាន​វេជ្ជបញ្ជា។

អ្វីដែល​អ្នក​ម្តាយ​គួរ​ធ្វើ​នៅពេល​មាន​អា​ការឈឺ​ថ្កាត់ គ្រុនក្តៅ មិន​ស្រួលខ្លួន​នោះ​គឺ ទទួលទាន​ទឹក​ឱ្យបានច្រើនៗ ព្រោះ​ពេល​មិន​ស្រួលខ្លួន រាងកាយ​នឹងត្រូវ​ការ​ទឹក​ច្រើនជាង​ពេល​ប្រក្រតី ដូច្នេះ​ការទទួល​ទាន​ទឹក​ច្រើន​ធ្វើឱ្យ​រាងកាយ​របស់​ស្ត្រី​មានគភ៌​ឆាប់​ស្រួលខ្លួន​ឡើងវិញ និង​មាន​អារម្មណ៍ល្អ​ឡើង។ ទឹក​ដែល​គួរ​ទទួលទាន​គឺ ទឹករ៉ែ ទឹកបរិសុទ្ធ បើ​ទទួលទាន​អាហារ​មិនបាន គួរ​ទទួលទាន​ទឹក​ផ្លែឈើ​ច្រ-បាច់ស្រស់ៗ ដើម្បីឱ្យ​ទារក​ក្នុង​គភ៌​បានទទួល​សារធាតុ​អាហារ​ដែល​ចាំបាច់ និង​ភេសជ្ជៈ​ដែល​មិនគួរ​ទទួលទាន​សោះ​នោះ​គឺ ភេសជ្ជៈដែលមាន​កាហ្វេ​អ៊ី​ន និង​ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល៕