តើ​បរិមាណ​កាហ្វេ​អ៊ី​ន​ក្នុង​រាងកាយ​មាន​ចំនួន​ប៉ុន្មាន? អ្នក​បាន​ញ៉ាំ​កាហ្វេ​ច្រើនពេក​ទេ​ដឹង?

អ្នកណា​ថា អាហារ​ដែលមាន​ជាតិ​កាហ្វេ​អ៊ី​ន មានតែ​កាហ្វេ​មួយ​មុខ​នោះ? សាកល្បង​នាំគ្នា​មក​គណ​នាពី​បរិមាណ​កាហ្វេ​អ៊ី​ន​ក្នុង​អាហារ​ប្រភេទ​ផ្សេងទៀត​បន្តិច​មើល៍  ព្រោះ​ជួនកាល ក្នុង 1 ថ្ងៃ​យើង​អាច​បានទទួល​កាហ្វេ​អ៊ី​ន​ច្រើន​ជ្រុល​ពេក​ក៏​អាច​ថា​បានដែរ។

អ្នកជំនាញ​ខាង​ភោជនាហារ​បាន​ណែនាំ​ថា បរិមាណ​កា​ហ្វ​អ៊ី​ន​ដែល​ស័ក្តិសម​ល្អ​ចំពោះ​រាងកាយ​មនុស្ស​នោះ​គឺ ត្រឹមតែ 300 មី​ល្លី​ក្រាម​ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ  តែបើ​អ្នក​និយម​ញ៉ាំ​កាហ្វេ​ទាំងឡាយ​ដូចជា​រាង​មិនសូវ​ប្រាកដ​ក្នុង​ចិត្ត​ថា បរិមាណ 300 មី​ល្លី​ក្រាម​គឺ​ប៉ុនណា ហើយ​កាហ្វេ ឬ​ទឹកតែ​ដែល​ញ៉ាំ​ចូលទៅ​រៀងរាល់ថ្ងៃ មួយថ្ងៃៗច្រើន​កែវ​នោះ បើរួមៗចូលគ្នា​ទៅ តើ​វា​លើ​សក​ម្រឹត​កំណត់​ដែរឬទេ?

ដូច្នេះ​ថ្ងៃនេះ យើង​សូម​នាំ​អ្នក​និយម​ញ៉ាំ​តែ ឬ​កាហ្វេ​ទាំងឡាយ​ទៅពិនិត្យ​មើល​បរិមាណ​ជាតិ​កាហ្វេ​អ៊ី​ន​នៅក្នុង​អាហារ​ទាំងនោះដើម្បីឱ្យ​យើង​បាន​គណនា​មើល​ទាំងអស់គ្នា។

– ស្ករ​សូកូឡា 1 បន្ទះ (បរិមាណ 50 ក្រាម) មាន​ជាតិ​កាហ្វេ​អ៊ី​ន 50 មី​ល្លី​ក្រាម។

– ទឹក​ភេសជ្ជៈ​ពណ៌​ខ្មៅ 1 កំប៉ុង មាន​កាហ្វេ​អ៊ី​ន 32 មី​ល្លី​ក្រាម។

– តែ​បៃតង 1 កែវ មាន​កាហ្វេ​អ៊ី​ន 45 មី​ល្លី​ក្រាម។

– កាហ្វេ​ខ្មៅ 1 ពែង មាន​កាហ្វេ​អ៊ី​ន 100 មី​ល្លី​ក្រាម។

– តែ​ទឹកដោះគោ 1 ពែង​មាន​ជាតិ​កាហ្វេ​អ៊ី​ន 75 មី​ល្លី​ក្រាម។

– កាហ្វេ​អេស​ផ្រេ​ស​សូ 1 ពែង មាន​កាហ្វេ​អ៊ី​ន 75 មី​ល្លី​ក្រាម។

ឃើញ​តួលេខ​ហើយ អ្នកណា​ដែល​ចូលចិត្ត​ញ៉ាំ​ទឹកតែ ឬ​កាហ្វេ​ក្នុង​មួយថ្ងៃច្រើនៗកែវ និង​ថែមទាំង​ញ៉ាំ​ទឹក​ភេសជ្ជៈ​កំប៉ុងញ៉ាំ​ស្ករ​សូកូឡា​យ៉ាង​សប្បាយរីករាយ​ផង​នោះ ប្រហែលជា​ត្រូវបន្ថយៗខ្លះ​ហើយ។

គន្លឹះ​ក្នុងការ​ញ៉ាំ

ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ចូលទៅ​ច្រើន អាចមាន​ផល​ធ្វើឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​បង្កើន​ក​ម្រឹត​ការ​លោត​របស់​បេះដូង​ទៀតផង ហើយ​សម្រាប់​អ្នក​ដែលមាន​ភាពទន់ខ្សោយ​ចំពោះ​កាហ្វេ បើ​ញ៉ាំ​ក្រោយ​ម៉ោង 4 ល្ងាច​ផង​នោះ អាចធ្វើឱ្យ​គេង​មិន​លក់បាន  តែ​ចំណុច​ល្អ​នោះ​គឺ វា​ជួយ​បង្កើន​ភាពស្វាហាប់ ដូច្នេះ​ការ​ញ៉ាំ​កាហ្វេ 15 នាទី​មុន​ហាត់ប្រាណ ឬ​មុនពេល​ប្រជុំ ក៏​ជួយ​ឱ្យ​ខួរក្បាល​ភ្លឺ​ស្រឡះ​បានដែរ។

តើ​អ្នកដឹង​ទេ?

រឹតតែ​ត្រាំ​ថង់​កាក​តែ​នៅក្នុង​កែវ​ទឹកក្តៅៗយូរ​ប៉ុនណា ក៏​រឹតតែ​បង្កើន​ភាព​ខាប់​របស់​កាហ្វេ​អ៊ី​ន​ច្រើនឡើង​ប៉ុន​នោះដែរ ដូចជាបើ​យើង​ត្រាំ​ទុកចោល 1 នាទី ស្មើនឹង​បង្កើន​បរិមាណ​ជាតិ​កាហ្វេ​អ៊ី​ន 19 មី​ល្លី​ក្រាម តែបើ​ត្រាំ​ទុកចោល 5 នាទី នឹងមាន​បរិមាណ​ជាតិ​កាហ្វេ​អ៊ី​ន​កើន​ឡើងដល់​ទៅ 31 មី​ល្លី​ក្រាម​ឯណោះ៕