5 រឿងដែលហាមធ្វើ ក្រោយពេលទើបញ៉ាំបាយឆ្អែត

តើមិត្តអ្នកអានដឹងទេថា ពេលដែលយើងទើបទទួលទានអាហារហើយថ្មីៗ តើមានចំណុចហាមធ្វើអ្វីខ្លះ? ព្រោះថាពេលខ្លះបើយើងធ្វើអ្វីមិនត្រឹមត្រូវនោះ វានឹងហុចផលប៉ះពាល់ដល់រាងកាយរបស់យើងភ្លាមតែម្តង ដូច្នេះដើម្បីសុខភាពល្អ ថ្ងៃនេះយើងនាំគ្នាមកមើលវិញប្រសើរជាងថា តើមានរឿងអ្វីខ្លះដែលយើងមិនគួរធ្វើ ក្រោយពេលទទួលទានបាយឆ្អែតហើយភ្លាម?។

1 – ញ៉ាំទឹកតែភ្លាមៗ

ព្រោះការញ៉ាំទឹកតែភ្លាមអាចនាំឆ្ពោះទៅរកការកើតរោគសរសៃឈាមបេះដូងបានដោយសារតែសារធាតុផូលីហ្វ៊ីណូលដែលមាននៅក្នុងទឹកតែនឹងចូលទៅរារាំងការបឺតជ្រាបយកសារធាតុដែកពីអាហារ ក្រៅពីនេះជាតិអាស៊ីតនៅក្នុងទឹកតែនៅបានបំផ្លាញប្រូតេអ៊ីនពីអាហារទៀតផង។

2 – ងូតទឹកភ្លាម

ការងូតទឹកភ្លាមៗក្រោយពេលញ៉ាំបាយរួច នឹងធ្វើឱ្យប្រព័ន្ធរំលាយអាហារធ្វើការខុសប្រក្រតី ប្រសិទ្ធភាពក្នុងការរំលាយអាហារនឹងថយចុះ ប្រព័ន្ធឈាមនៅក្នុងរាងកាយមិនតុល្យការ វិធីដែលល្អនោះគឺ រង់ចាំយ៉ាងតិចកន្លះម៉ោងដើម្បីឱ្យអាហារបានរំលាយហើយសឹមងូតទឹក។

3 – គេងលក់ភ្លាម

ការគេងលក់នឹងធ្វើឱ្យអាហារមិនអាចរំលាយបាន ដោយសារទិសដៅការធ្វើការងាររបស់ប្រព័ន្ធរំលាយអាហារខុសទិសដៅធ្វើឱ្យកើតមានខ្យល់នៅក្នុងក្រពះ និងពោះវៀន រួមទាំងធ្វើឱ្យកើតរោគអាស៊ីតហូរបញ្រ្ចាស់ទៀតផង។

4 – ហាត់ប្រាណភ្លាម

ការដើរទៅមក និងការហាត់ប្រាណធ្វើឱ្យពោះវៀនកម្រើកចុះឡើង ហុចផលឱ្យប្រព័ន្ធរំលាយអាហារធ្វើការបានមិនពេញទំហឹង វិធីដែលល្អគួររង់ចាំយ៉ាងតិចកន្លះម៉ោងដើម្បីឱ្យអាហារបានរំលាយ និងមិនគួរហាត់ប្រាណធ្ងន់ៗឡើយ។

5 – ញ៉ាំផ្លែឈើ

ផ្លែឈើធ្វើឱ្យកើតមានខ្យល់នៅក្នុងក្រពះ និងធ្វើឱ្យកើតអាការឆ្អល់ ហើមពោះ គួររង់ចាំប្រមាណជា 1 – 2 ម៉ោង ដើម្បីឱ្យអាហារបានរំលាយអស់សិន ឬគួរទទួលទានមុនពេលបាយប្រមាណជា 1 ម៉ោង ដើម្បីឱ្យរាងកាយទទួលបានប្រយោជន៍ពីផ្លែឈើយ៉ាងពេញទំហឹង។

បានដឹងយ៉ាងនេះហើយ តទៅទៀតកុំភ្លេចផ្លាស់ប្តូរទង្វើដើម្បីសុខភាពដ៏ល្អរបស់យើងក្នុងរយៈពេលវែង ព្រោះសុខភាពដែលល្អមិនអាចទិញលក់បាននោះឡើយ ស្ថិតនៅលើយើងត្រូវមើលថែទាំឱ្យល្អតាំងពីថ្ងៃនេះតែម្តង៕