10 ចំណុច​គួរ​រិះគិត ដើម្បី​ជីវិត​អាពាហ៍ពិពាហ៍​មាន​សុភមង្គល

ឆាក​អាពាហ៍ពិពាហ៍​អាចជា​ឆាក​បញ្ចប់​ដ៏​សែន​មហា Happy  តែ​សម្រាប់​ជីវិត​ពិត​វិញ ការរៀប​ការ ឬ​ការយល់ព្រម​រួម​រស់នៅ​ជាមួយគ្នា​ជា​ជីវិត​គូ គឺ​គ្រាន់តែ​ជាការ​ចាប់ផ្ដើម​នៃ​ការ​សាង​ក្រុមគ្រួសារ​ប៉ុណ្ណោះ។ មនុស្ស​ជាច្រើន ពេល​នៅ​ជា​គូស្នេហ៍ ស្រឡាញ់គ្នា​ស្ទើរ​បាត់​មុខ​មិនបាន តែ​ពេល​រៀបការ និង​រស់នៅ​ជាមួយគ្នា​ហើយ បែរជា​ជួប​បញ្ហា និង​រឿងរ៉ាវ​ដ៏​ច្រើន រហូតដល់​ពេលខ្លះ​អាចធ្វើឱ្យ​ជីវិត​គូ​បាក់បែក​ដួលរលំ​ក៏មាន។

ថ្ងៃនេះ យើង​សូម​រួបរួម​យក​ចំណុច​គួរ​រិះគិតល្អៗដែល​មនុស្ស​គ្រប់រូប​អាច​នាំយក​ទៅប្រើ​ក្នុង​ជីវិត​ជា​ស្វាមី-ភរិយា​របស់ខ្លួន ដើម្បីឱ្យ​គ្រួសារ​មាន​សេចក្ដីសុខ​សុភមង្គល មក​ជម្រាបជូន​មិត្ត​អ្នកអាន​ទាំងអស់គ្នា។

1 . រៀន​យល់ដឹង​ក្នុងការ​ធ្វើជា​អ្នក​ឱ្យ និង​អ្នកទទួល

នៅពេល​យើង​គិតថា នឹង​រស់នៅ​ជា​ជីវិត​គូ​ជាមួយនឹង​នរណាម្នាក់​ហើយ កុំ​នឹក​សង្ឃឹម​ត្រឹមតែ​ឱ្យគេ​មក​ស្រឡាញ់ និង​ធ្វើ​អ្វី​ដើម្បី​យើង​តែ​ម្យ៉ាង​នោះ តែ​យើង​គួរ​រៀន​យល់ដឹង​ក្នុងការ​ធ្វើជា​អ្នក​លះបង់​ឱ្យគេ​ខ្លះ​ផង ធ្វើ​ឱ្យគេ​មាន​សេចក្ដីសុខ យកចិត្តយកថ្លើម លើកទឹកចិត្ត​គ្នា​ទៅវិញទៅមក ផ្លាស់​គ្នា​ធ្វើជា​អ្នក​ឱ្យ និង​អ្នកទទួល វា​នឹងធ្វើ​ឱ្យមាន​អារម្មណ៍ល្អ​ទាំងពីរ​នាក់ មិនមែន​ឱ្យ​នរណាម្នាក់​ព្យាយាម​លះបង់​តែ​ម្ខាង​នោះទេ។

2 . ស្មោះត្រង់​នឹង​គ្នា និង​ទុកចិត្ត​គ្នា

សម្រាប់​ជីវិត​គូ ភាពស្មោះត្រង់ គឺជា​រឿង​ធំជាងគេ​បំផុត និង​ក្រៅពី​យើង​ស្មោះត្រង់​ចំពោះ​គ្នា​ហើយ គួរ​មាន​ភាពជឿ​ទុកចិត្ត​លើ​មនុស្ស​ដែល​យើង​ស្រឡាញ់​ផង។ បើ​មាន​ការមិនជឿ​ទុកចិត្ត ឬ​ប្រចែប្រចណ្ឌ​ហួងហែង​គ្នា​ខ្លាំង​ជ្រុល​ពេក វា​នឹង​ធ្វើឱ្យ​ជីវិត​គូ​មានតែ​បញ្ហា។

3 . រៀន​យល់ដឹង ទទួលស្គាល់ និង​កែសម្រួល​ពី​ខ្លួនឯង​ជាមុន

ទន្ទេញ​ទុកជា​ប់​ជានិច្ច​ថា យើង​មិនអាច​ផ្លាស់ប្ដូរ​អ្នកដទៃ​បានទេ តែ​ផ្លាស់ប្ដូរ​ខ្លួនឯងបាន ដូច្នេះ​កុំ​សង្ឃឹមថា មនុស្ស​ដែល​យើង​ស្រឡាញ់​នឹង​កែសម្រួល​ខ្លួនគេ​ដើម្បី​យើង ឬ​ត្រូវ​ផ្លាស់ប្ដូរអ្វីៗដើម្បីឱ្យ​ដូច​តាមចិត្ត​យើង​នោះ តែ​ចូរ​យល់ដឹង​ពីអ្វី​ដែលជា​រូបគេ និង​បើ​រកឃើញ​ភាព​ផ្សេងគ្នា​ដែល​ច្រើន​ជ្រុល​ពេក​នោះ ចូរ​សាកល្បង​ផ្លាស់ប្ដូរ​ខ្លួន​យើង​ជាមុនសិន។ បើ​ទាំងសងខាង​ជួយ​គ្នា​កែសម្រួល​ខ្លួន​ចូល​រកគ្នា​ទៅវិញទៅមក នោះ​ប្រាកដជា​នឹង​អាច​រស់នៅ​រួមគ្នា​បាន​យ៉ាង​រលូន​មិន​ខាន។

4 . ផ្ដល់​កិត្តិយស​ចំពោះ​គ្នា​ទៅវិញទៅមក​ជានិច្ច

មិន​ថា​ស្រឡាញ់គ្នា​ខ្លាំង​ប៉ុនណា ឬ​ស្រឡាញ់គ្នា​មក​យូរ​ប៉ុនណា​ក៏ដោយ មនុស្ស​គ្រប់រូប​នៅតែ​ត្រូវការ​ទីតាំង​ផ្ទាល់ខ្លួន និង​ចង់បាន​ការផ្ដល់​កិត្តិយស​ជានិច្ច។ ទោះជា​ស្វាមី-ភរិយា​នឹង​គ្នា​ក៏ដោយ ក៏​គួរតែ​ទុកចន្លោះ​ទំនេរ​មួយ​ឱ្យ​គ្នា​ទៅវិញទៅមក​ដែរ កុំ​សង្កត់ ឬ​ជិះជាន់​មនុស្ស​ដែល​យើង​ស្រឡាញ់ ទោះជា​គេ​មាន​ឥរិយាបថ​ថា ចុះ​ញ៉ម​ហើយក៏​ដោយ និង​កុំ​លូកលាន់​កកូរកកាយ​គេ​គ្រប់​តែ​រឿង​នោះ ព្រោះ​វា​នឹង​នាំមក​នូវ​ភាព​ទើសទាល់​ធុញថប់​ដល់​មនុស្ស​ដែល​យើង​ស្រឡាញ់។

5 . កុំ​ភ្លេច​នឹក​ដល់​ពាក្យ​ថា “ចិត្ត​យើង ចិត្ត​គេ”

ទោះជា​ចង់​ធ្វើ​អ្វី ឬ​ប្រុង​និយាយ​អ្វី​ចេញទៅ​ក៏ដោយ ចូរ​នឹកគិត​ជាប់​ជានិច្ច​ថា បើសិនជា​រូបយើង​វិញ នឹងមាន​អារម្មណ៍​យ៉ាងណា? នោះ​យើង​នឹង​ដឹង​ភ្លាម​ថា តើ​គួរ​ធ្វើ​បែប​នោះ​ឬទេ?

6 . នៅក្បែរ​ជានិច្ច តែ​មិន​កាន់ជើង

គូស្នេហ៍​ដែល​ល្អ គឺ​អ្នក​ដែល​នៅក្បែរ​គ្នា​ជានិច្ច ទោះជា​ពេល​មាន​បញ្ហា​ក៏ដោយ នៅ​ផ្ដល់​កម្លាំងចិត្ត មិន​បន្ទោស​បន្ថែម តែ​ខណៈពេល​ជាមួយគ្នា ក៏ត្រូវ​ចេះ​ដាស់តឿន នៅពេល​មើលឃើញថា​ខុស និង​មិន​ត្រឹមត្រូវ មិន​សមគួរ។ មិនមែន​ថា គេ​ជា​គូស្នេហ៍​យើង​ហើយ ត្រូវតែ​កាន់ជើង​គេ​គ្រប់​រឿង គេ​ធ្វើ​អ្វី​ក៏ត្រូវ​ទាំងអស់​នោះទេ ហើយ​ការ​ដាស់តឿន​នោះ​ទៀតសោត គួរ​ធ្វើឡើង​តែ​ពីរ​នាក់ស្ងាត់ៗ កុំ​បំបាក់មុខ​គូស្នេហ៍​ដោយ​ការ​ស្រែកជេរ​បញ្ចោរ​គេ​នៅមុខ​អ្នកដទៃ​ជាដាច់ខាត។

7 . កុំ​ប្រៀបធៀប​គូស្នេហ៍​របស់​យើង​ជាមួយ​គូស្នេហ៍​អ្នកដទៃ

ប្រាកដ​ណាស់​ថា គ្មាន​អ្នកណា​ឥតខ្ចោះ​គ្រប់យ៉ាង​នោះទេ ខ្លួន​យើង​ក៏​ដូចគ្នា​ដែរ ដូច្នេះ​កុំ​យក​គូស្នេហ៍​របស់​យើង​ទៅ​ប្រៀបធៀប​ជាមួយ​គូស្នេហ៍​របស់​អ្នកដទៃ កុំ​សរសើរ​ថា ប្ដី(ឬ​ប្រពន្ធ)របស់គេ​ម្នាក់​នោះ​ល្អ​អ៊ីចេះ ល្អ​អ៊ីចុះ ព្រោះ​វា​នឹង​ក្លាយជា​ការបំបាក់​អារម្មណ៍​របស់​មនុស្ស​ដែល​យើង​ស្រឡាញ់​ខ្លាំងណាស់។

8 . ពេល​គេ​ជា​ភ្លើង ចូរ​យើង​ធ្វើជា​ទឹក

ប្រហែលជា​គ្មាន​គូស្នេហ៍​មួយគូ​ណា​ដែល​មិន​ធ្លាប់​ឈ្លោះ​គ្នា​នោះទេ តែ​ធ្វើយ៉ាងណា កុំឱ្យ​ការ​ឈ្លោះ​នោះ​ក្លាយជា​បញ្ហា​រីកធំឡើង។ នៅពេល​ឃើញថា គេ​កំពុងតែ​ក្ដៅ​ដូច​ភ្លើង​ហើយ​នោះ យើង​គួរតែ​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់ និង​ស្ងប់​នឹង​ជាងគេ​ឱ្យបាន ព្រោះ​បើសិនជា​រឹតតែ​ក្ដៅ​ដាក់គ្នា នឹង​រឹតតែ​នាំមក​នូវ​បញ្ហា​ថែម​ឡើង​ប៉ុណ្ណោះ។

9 . ឧស្សាហ៍​បន្ថែម​ភាព​ផ្អែមល្ហែម​ក្នុង​ជីវិត​គូ

នៅពេល​រស់នៅ​ជាមួយគ្នាយូរៗទៅ គូ​ខ្លះ​ក៏​ភ្លេច​ភាព​ផ្អែមល្ហែម រ៉ូ​មែន​ទិ​ក​ដែល​ធ្លាប់មាន​ឱ្យ​គ្នា​កាល​ស្នេហ៍​គ្រា​ដំបូង​អស់ ដូច្នេះ​គួរតែមាន​ពេលវេលា​ក្នុងការ​ទៅធ្វើអ្វីៗជាមួយគ្នា ដូចជា​ទៅ​ដើរលេង​ជាមួយគ្នា ឬ​មាន​កាដូ​ធ្វើឱ្យ​ភ្ញាក់ផ្អើល​ក្នុងឱកាសពិសេសៗខ្លះ​ផង។ បបួល​ជជែក​ពី​រឿង​កាលដែល​ស្រឡាញ់គ្នាថ្មីៗ ឬ​នាំគ្នា​ទៅ​រំឭក​អនុស្សាវរីយ៍​នៅតាម​ទីកន្លែងផ្សេងៗដែល​ធ្លាប់បាន​ទៅ នឹង​ធ្វើឱ្យ​សេចក្ដីស្នេហា​រីក​ស្រស់​ឡើងវិញ។

10 . បញ្ឈប់​ការ​នឹក​រំពឹង ហើយ​ស្រឡាញ់គ្នា​យ៉ាង​ល្អ​បំផុត

ការ​នឹក​រំពឹង មិនដែល​ធ្វើឱ្យ​ជីវិត​អ្នកណា​មាន​សេចក្ដីសុខ​យ៉ាងពិត​ប្រាកដ​នោះទេ សម្រាប់​សេចក្ដីស្នេហា​ក៏​ដូចគ្នា​ដែរ យើង​មិនគួរ​នឹក​រំពឹង​អ្វី​ជាមួយ​គូស្នេហ៍​របស់​យើង​ខ្លាំង​ជ្រុល​ពេក​ទេ ព្រោះ​វា​នឹងធ្វើ​ឱ្យគេ​ទើសទាល់ ហើយ​ខ្លួន​យើង​ក៏​នឹងមាន​ទុក្ខ បើសិនជា​មិនបាន​ដូច​ការ​នឹក​រំពឹង។

«ជីវិត​មនុស្ស​យើងគ្រប់ៗគ្នា​សុទ្ធតែ​រាប់​ពេលវេលា​ថយក្រោយ​ដូចគ្នា​រាល់ថ្ងៃ ដូច្នេះ ចូរ​ស្រឡាញ់គ្នា​ឱ្យបាន​ល្អ​បំផុត​រៀងរាល់ថ្ងៃ»

Leave a Reply

Your email address will not be published.