រឿង12យ៉ាង ​ដែល​ត្រូវ​ជួប​ពេល​នៅក្នុង​មន្ទី​ពេទ្យ​ក្រោយពេល​ប្រសូត​ហើយថ្មីៗ

តើ​អ្នក​ម្តាយ​មានគភ៌​គ្រប់រូប​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ឬ​នៅ​សម្រាប់​ការ​ប្រសូត (ឆ្លងទន្លេ) បុត្រ និង​ការ​ស្ថិតនៅក្នុង​មន្ទី​ពេទ្យ​ក្នុងអំឡុងពេល​ក្រោយ​ប្រសូត​នោះ? ហើយ​តើ​នឹងមាន​អ្វី​កើតឡើង​ខ្លះ​នៅពេល​អ្នក​គេង​សម្រាក​នៅក្នុង​មន្ទី​ពេទ្យ​ក្នុងអំឡុង​ពេលនោះ ដូច្នេះយើង​សូម​ណែនាំ​ឱ្យ​អ្នក​ម្តាយ​មានគភ៌ និង​អ្នក​ម្តាយ​ដែល​ជិត​ប្រសូត​ទាំងអស់​អាន​នូវ​អត្ថបទ​ខាងក្រោម​នេះ​ទុកជា​ចំណេះដឹង និង​ដើម្បី​ជាការ​ត្រៀមខ្លួន​ទុកជាមុន​ផង។

1 – ញើស​នឹង​ជ្រាប​ចេញមក​ច្រើនជាង​ប្រក្រតី៖ ញើស​របស់​អ្នកនឹង​ហូរ​ចេញមក​ច្រើន​ដូចគ្នា​នឹង​ការ​បាន​ទៅ​ហាត់ប្រាណ​ក្នុងពេល​ប្រក្រតី​អ៊ីចឹង​ដែរ។

2 – ស្បូន​ច្របាច់​ខ្លួន៖ ក្រោយពេល​ប្រសូត​អ្នក​នឹងមាន​អារម្មណ៍​ថា ឈឺ​នៅក្នុង​ស្បូន​ខ្លាំងណាស់ ដោយសារតែ​អាការ​ស្បូន​ច្របាច់​ខ្លួន​ឱ្យ​តូច​ដូចដើម​វិញ ហើយ​ស្បូន​នឹង​រឹតតែ​ច្របាច់​ខ្លួន​ខ្លាំង​ឡើង​នៅពេល​កូន​ចាប់ផ្តើម​បៅដោះ។

3 – ត្រៀមខ្លួន​ថតរូប៖ ស្វាមី និង​បណ្តា​មិត្ត​ភ័ក្តិ ឪពុក ម្តាយ សាច់ញាតិ បងប្អូន សុទ្ធតែ​នាំគ្នា​ត្រៀម​ជាស្រេច​ជាមួយ​ការថតរូបភាព​ទើបនឹង​កើត​របស់​កូន ឬ​រូបភាព​កូនតូច​ពេល​នៅក្នុង​បន្ទប់​សម្រាក​ជាមួយ​អ្នក​ម្តាយ។

4 – មួយណា​កូន​យើង​ហ្ន៎? បើ​អ្នក​ដើរទៅ​មើល​កូន​ដែល​ទើបនឹង​កើតមក​ភ្លាម​នៅក្នុង​បន្ទប់​ទុក​ទារក​នោះ អ្នកនឹង​មិនអាចមើល​ដឹង​ឡើយ​ថា តើ​ទារក​មួយណា​ជា​កូន​របស់​អ្នក​ឡើយ រហូត​ទាល់តែ​គិលានុប្បដ្ឋាក​យិ​ការ​ជា​អ្នក​មក​ប្រាប់ ឬ​លួច​មើល​ផ្លាកឈ្មោះព្រោះ​វា​មិន​ងាយ​បាន​មើល​ដោយស្រួលៗនោះទេ។ ចំណុចនេះភាគច្រើនគឺនៅបរទេស និងមន្ទីរពេទ្យដែលសម្បូរ​ទារក។

5 – ស្វាមី​នឹង​បានដឹង​រឿងរ៉ាវ​គ្រប់យ៉ាង៖ ស្វាមី​នឹង​បានឃើញ​ការ​ដំណើរការ​គ្រប់យ៉ាង​ក្នុងអំឡុងពេល​ប្រសូត រហូតដល់​ពេល​ការ​ប្រសូត​ចប់សព្វគ្រប់។

6 – ទារក​ទើបនឹង​កើត​មួយចំនួន​ស្រែកយំ​ភ្លាម​តែម្តង​ក្រោយពី​ចេញពី​ពោះ​ម្តា​យមក​ភ្លាម៖ តែ​ទារក​ខ្លះ​មិនបាន​ស្រែកយំ​ភ្លាមទេ អាច​ត្រូវ​រង់ចាំ​ប្រហែល 2 -3 នាទី ឬ​យូរ​ជាង​នោះ ដូច្នេះ​អ្នក​ម្តាយ​មិនបាច់​បារម្ភ​ឡើយ។

7 – ក្រោយពេល​ប្រសូត​រួច អ្នក​ម្តាយ​នឹងមាន​អារម្មណ៍​ថា ពោះ​របស់ខ្លួន​រាងប្រហោងៗ៖ ឬ​ដូចជា​ហើមពោះ ឬ​អាចមាន​អារម្មណ៍​ចង់​ក្អួតចង្អោរ ដែល​នេះ​គឺជា​រឿង​ប្រក្រតី មិនមាន​អ្វី​ប្លែក​ទេ។

8 – ពេលខ្លះ​អ្នក​មិន​ចង់ឱ្យមាន​អ្នក​មក​សួរសុខទុក្ខ​នៅឯ​មន្ទី​ពេទ្យ​ទាំងអស់​ទេ៖ ជួនកាល​អ្នក​ក៏​ចង់​សម្រាក ច្រើនជាង​នៅចាំ​តែ​សម្លឹងមើល​មាត់ទ្វា​ថា នឹងមាន​អ្នកណា​បើក​ចូល​មកទៀត​ឬក៏​អត់។

9 – គិលានុប្បដ្ឋាក​យិ​ការ​នឹង​ចូលមកក្នុង​បន្ទប់​របស់​អ្នក​ញឹកញាប់​ណាស់៖ ដើម្បី​ពិនិត្យ​សុខភាព​របស់​អ្នក​ម្តាយ ដោយ​គ្រូពេទ្យ​អាច​នឹង​ចូលមក​មើល​ក្នុង 1 ថ្ងៃ តែ 1 – 2 ដង​ប៉ុណ្ណោះ ដូច្នេះ​អ្នក​គួរ​ត្រៀម​ចិត្ត​រឿង​ការបើក​ភ្លើង​របស់​គិលានុប្បដ្ឋាក​យិ​ការ​នៅពេល​យប់​ផង (មួយ​យប់​មក​ច្រើនដង)។

10 – ហាត់​ចិញ្ចឹម​មើលថែ​កូន​ដោយ​ខ្លួនឯង ល្អ​បំផុត៖ គ្មាន​នរណា​អាច​ប្រាប់​រឿង​ការចិញ្ចឹម​មើលថែ​កូន​ដល់​អ្នក​បានល្អ​ស្មើនឹង​ការដែល​អ្នក​ហាត់រៀន​ចិញ្ចឹម​មើលថែ​កូន​ដោយ​ខ្លួនឯង​តាំងពី​ថ្ងៃ​ដំបូង​នោះឡើយ។

11 – កុំ​គិត​អី​ច្រើន បើ​អ្នក​ចង់​ស្លៀក​ឈុត​កូនក្មេងស្អាតៗឱ្យ​កូន​ពេល​នៅក្នុង​មន្ទី​ពេទ្យ​នោះ៖ លោកអ្នក​អាច​ស្លៀក​ឱ្យបាន​ភ្លាម​បើ​មិន​ខ្លាច​កូន​រមាស់ ឬ​ស្កៀប​ទេនោះ (ទារកភាគច្រើនៗស្លៀក​ឈុត​ទារក ឬ​រុំ​ដោយ​ក្រណាត់ទន់ៗប៉ុណ្ណោះ) ឬ​អាច​ស្លៀក​ឱ្យនៅ​ថ្ងៃ​ដែល​កូន​ចេញពី​មន្ទី​ពេទ្យ​ក៏បាន។

12 – កុំ​ភ្លេច​យក​អីវ៉ាន់​ត្រឡប់ទៅផ្ទះ​វិញ៖ កុំ​ភ្លេច​ថ្ងៃ​ដែល​ចេញពី​មន្ទី​ពេទ្យ​គួរ​ប្រមូលរបស់​ប្រើប្រាស់​ផ្ទាល់ខ្លួន​ទាំងអស់​ត្រឡប់ទៅវិញ​ផង និង​កុំ​ភ្លេចរបស់​ដែល​គេ​យកមក​ផ្ញើ​ទៅជា​មួយ​ផង។

អ្នក​ម្តាយ​ក្រោយពេល​ប្រសូត​ដែល​ត្រូវ​គេង​សម្រាក​នៅក្នុង​មន្ទី​ពេទ្យ​ច្រើនតែ​មិនសូវមាន​អ្វី​ច្រើន​ទេ ភាគច្រើន​ក៏ត្រូវ​ហាត់រៀន​ចិញ្ចឹម​មើលថែ​កូន ច្របាច់​ដោះ​ដើម្បី​ជំរុញ​ការផលិត​ទឹកដោះ និង​ទទួលភ្ញៀវ​ដែល​មក​សួរសុខទុក្ខ​ក្រោយពេល​ប្រសូត​ប៉ុណ្ណោះឯង៕

Leave a Reply

Your email address will not be published.