ចំណេះដឹងអ្នកម្ដាយ! កូន​ក្អួត​ក្រោយពេល​បញ្ចុក​ថ្នាំ តើ​ត្រូវ​បញ្ចុក​ម្តងទៀត​ឬទេ?

ជឿថា​នៅ​រៀង​រាល់ពេល​បញ្ចុក​ថ្នាំ​ក្នុងពេលដែល​កូនតូច​មាន​អា​ការឈឺ​ថ្កាត់ម្តងៗនោះ គឺ​ពិតជា​រឿង​មួយ​ដែល​ធ្វើឱ្យ​លោកឪពុក​អ្នក​ម្តាយ​ឈឺក្បាល​វឹលមុខ​មិន​ស្ទើរ​ឡើយ ព្រោះ​ណាមួយ​កូន​មិន​ព្រម​ញ៉ាំ ឬ​លេបថ្នាំ​នោះ​សោះ និង​មួយទៀត គឺ​លេប​ចូលទៅ​ហើយ តែ​ក្អួត​ចេញមក​វិញ​អស់ ធ្វើឱ្យ​លោកឪពុក​អ្នក​ម្តាយ​កើតមាន​ការស្ទាក់ស្ទើរ​ក្នុង​ចិត្ត​ថា តើ​គួរ​បញ្ចុក​ម្តងទៀត​ឬ​យ៉ាងណា?

ដូច្នេះ ខាងក្រោម​នេះ​គឺជា​ចម្លើយ​ចំពោះ​ចម្ងល់​នេះ

មូលហេតុ​កូន​ក្អួត​ក្រោយពេល​បញ្ចុក​ថ្នាំ​រួច

អាការ​ក្អួត​របស់​កូន​ក្រោយពេល​ត្រូវ​ប៉ា​ម៉ាក់​បញ្ចុក​ថ្នាំ​រួច ជា​បញ្ហា​ដែល​ជួប​ញឹកញាប់ និង​កើតឡើងដដែល។ កូន​ក្អួត​ក្រោយ​ការ​បញ្ចុក​ថ្នាំ​ច្រើនតែ​បណ្តាលមកពី​ការ​យំ​យ៉ាងខ្លាំង​ក្លា​ព្រោះ​មិន​ចូលចិត្ត​រសជាតិ​របស់​ថ្នាំ មិន​ចូលចិត្ត​ក្លិន​របស់​ថ្នាំ កូន​ត្រូវ​ការបដិសេធ​ទើប​ព្យាយាម​ធ្វើឱ្យ​កើត​អាការ​ក្អួត ឬ​កើត​ពី​តិច​និក​ក្នុងការ​បញ្ចុក​ថ្នាំ​មិនល្អ ធ្វើឱ្យ​រសជាតិ​ថ្នាំ​ទៅ​ប៉ះ​នឹង​បរិវេណ​គល់​អណ្តាត​នាំឱ្យ​កើត​ប្រតិកម្ម​ការ​ខ្ជាក់​ចេញមក​វិញ​ដោយ​ស្វ័យប្រវត្តិ ដែល​ខាង​វេជ្ជសាស្ត្រ​ហៅថា gag reflex ធ្វើឱ្យ​ក្មេង​ក្អួត​ចេញមក ។

កូន​ក្អួត​ក្រោយពេល​បញ្ចុក​ថ្នាំ តើ​ត្រូវ​បញ្ចុក​ថ្នាំ​ម្តងទៀត​ឬទេ?

1 – ត្រូវ​បញ្ចុក​ឡើងវិញ​ម្តងទៀត៖ ក្នុងករណី​បញ្ចុក​ហើយ​ក្អួត​ភ្លាម (មិនមែន​ក្អែ​ចេញមក​បន្តិចបន្តួច​ទេ) ចូរ​អ្នក​ម្តាយ​បញ្ចុក​ថ្នាំ​ក្នុង​បរិមាណ​ដដែល​ឡើងវិញ​ម្តងទៀត​ក្រោយពី​កូន​ឈប់​ក្អួត​ហើយ។

2 – មិនបាច់​បញ្ចុក​ម្តងទៀត​ទេ៖ ក្នុងករណី​ដែល​កូន​ក្អួត​បន្ទាប់ពី​ការ​បញ្ចុក​ថ្នាំ​កន្លងផុតទៅ​យូរ​ក្រែល​ហើយ ឬ​ចាប់ពី​កន្លះ​ម៉ោង​ឡើងទៅ​នោះ មិនចាំបាច់​បញ្ចុក​ឡើង​វិញ​ម្តងទៀត​ទេ ព្រោះថ្នាំ​មួយចំនួន​អាច​ត្រូវបាន​បឺត​ជ្រាបចូល​ទៅក្នុង​រាងកាយ​ខ្លះ​ហើយ តែ​ត្រូវ​បញ្ចុក​តាម​ពេលវេលា​ដែល​ពេទ្យ​កំណត់​នៅលើ​ក​ក្រោយ​ទៀត។

 តិច​និក​ការ​បញ្ចុក​ថ្នាំ ឱ្យ​កូន​បានទទួល​ថ្នាំ​គ្រប់​ចំនួន​តាម​វេជ្ជបញ្ជា

1- បញ្ចុក​ថ្នាំ​សម្រេច​គ្រប់ពេល ត្រូវមាន​អារម្មណ៍ល្អ​តាំងពី​លើកដំបូង។ លើកដំបូង​របស់​ការ​បញ្ចុក​ថ្នាំ​ត្រូវ​បបួល​កូនតូច​លេងឱ្យមើល​នេះ​មើល​នោះ ចាប់ កាន់ ឧបករណ៍ផ្សេងៗ បើ​ស្ថិតក្នុង​វ័យ​យល់ដឹង​ខ្លះ​ហើយ​ត្រូវ​អធិប្បាយ ឱ្យ​ពេលវេលា និង​កុំ​បង្ហាញ​អាការធុញថប់​តានតឹង​ឱ្យ​កូន​ឃើញ​ឱ្យសោះ។

2- ឧបករណ៍​សម្រាប់​បញ្ចុក​ក៏​សំខាន់​ដែរ ត្រូវ​ជ្រើសរើស​ឱ្យ​ស័ក្តិសម ដូចជា​ថ្នាំ​ដែលមាន​រសជាតិ​ល្វីង យើងសូម​ណែនាំ​ឱ្យប្រើបំពង់ម្ជុល​ចាក់​ថ្នាំ បាញ់​បញ្ចូល​មាត់​កូន​តែម្តង រួច​ឱ្យ​ញ៉ាំ​ទឹក​តាម​ក្រោយ ចំណែក​ថ្នាំ​ដែលមាន​រសជាតិ​ផ្អែម​អាច​ប្រើ​ស្លាបព្រា​បញ្ចុក​បាន។

3- ឥរិយាបថ​របស់​កូន​ក្នុងពេល​បញ្ចុក​ក៏​សំខាន់​ដូចគ្នា​ដែរ កុំ​ប​ញ្ចុ​ុ​កដោយ​ឱ្យ​កូន​គេង​រាបស្មើ ព្រោះ​កូន​នឹង​លេប​មិនទាន់ ធ្វើឱ្យ​ក្អួត​ព្រួស​ចេញមក​វិញ ឬ​អាច​ឈ្លក់​ថ្នាំ​បាន គួរ​បញ្ចុក​ថ្នាំ​កូន​ក្នុង​ឥរិយាបទ​ដែល​ក្បាល​នៅ​ខ្ពស់ជាង​ខ្លួន។

4- ត្រូវ​ត្រៀម​ទឹក​ទុកជាមុន​បន្តិចបន្តួច បន្ទាប់ពី​បញ្ចុក​ថ្នាំ​ហើយ ចូរ​ឱ្យ​ទឹក​ញ៉ាំ​បន្តិច ព្រោះថ្នាំ​ប្រភេទ​ទឹក​ស៊ី​រ៉ូ​ធ្វើឱ្យ​ស្អិត​ក្នុង​បំពង់ក អាចធ្វើឱ្យ​កូន​ក្អក ហើយ​ការឱ្យ​ញ៉ាំ​ទឹក​បន្តិច​អាច​ការពារ​អាការ​ក្អក​បាន។

5- ប្តូរ​រសជាតិ​របស់​ថ្នាំ ពី​ល្វីង​ឱ្យទៅជា​ផ្អែម តែ​ត្រូវ​សួរនាំ​លោកគ្រូ​ពេទ្យ​ជាមុន​សឹ​ន ព្រោះថ្នាំ​ខ្លះ​អាច​កើត​ប្រតិកម្ម​ខាង​គីមី​ជាមួយ​ទឹក​ស៊ី​រ៉ូ អាចមាន​ផលប៉ះពាល់​ដល់​ការ​បឺត​ជ្រាប​របស់​រាងកាយ​បាន។

បានដឹង និង​ស្គា​ល់ពី​តិច​និកល្អៗពាក់ព័ន្ធ​នឹង​វិធី​បញ្ចុក​ថ្នាំ​កូន​ហើយ យើងសង្ឃឹមថា ក្មេងតូចៗទាំងឡាយ​នឹង​លែង​សូវ​ក្អួត ឬ​ព្រួស​ថ្នាំ​ចេញ​ទៀតហើយ តែ​អាការ​ក្អួត​នេះ​ក៏​អាច​បណ្តាលមកពី​ការកើត​ប្រតិកម្ម​ចាញ់​ថ្នាំ​ដែល​ញ៉ាំ​នោះដែរ ដូច្នេះ​អ្នក​ម្តាយ​គួរ​សង្កេតមើល​អាការ​រួម​ផ្សេង​ទៀតផង ដូចជា ឡើង​កន្ទួល​រមាស់ ភ្នែក​ហើម មាត់​ហើម ពិបាក​ដកដង្ហើម​ជាដើម បើ​ឃើញ​កូនតូច​កើតមាន​អាការ​ទាំងនេះ​ក្រោយពេល​បញ្ចុក​ថ្នាំ​រួច​នោះ អ្នក​ម្តាយ​គួរ​ប្រញាប់​នាំ​កូន​ទៅ​មន្ទី​ពេទ្យ​ជាបន្ទាន់​កុំ​បង្អង់​យូរ៕

Leave a Reply

Your email address will not be published.