“ជ្រុ​ញ” នឹង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព បើ​ប្រើប្រាស់ និង​ទុកដាក់​មិនត្រូវ​វិធី

ខណៈដែល​ការយកចិត្តទុកដាក់​លើ​រឿង​សុខភាព​កំពុងតែ​ត្រូវបាន​ចាប់អារម្មណ៍​ខ្លាំង ហើយ​មនុស្ស​ជាច្រើន​បាន​ងាក​យកចិត្តទុកដាក់​លើ​ការធ្វើ​ម្ហូបអាហារ​ញ៉ាំ​ដោយ​ខ្លួនឯង​នៅក្នុង​ចង្ក្រាន​វិញ​ម្ដងនោះ ក្រៅពី​ឆ្នាំង ចាន ខ្ទះ វែក និង​កាំបិត​ធ្វើ​បន្លែ​សាច់​ហើយ​នោះ នៅមាន​វត្ថុ​សំខាន់​មួយទៀត និង​មិនអាច​ខ្វះ​បាន​នោះ​គឺ “ជ្រុ​ញ”។ តើ​នៅក្នុង​ផ្ទះ​របស់​អ្នក មាន​ជ្រុ​ញ​ប៉ុន្មាន​ដែរ? បើ​ឆ្លើយថា មានតែ 1 គត់! អ្នកគ្រូ ឆវី​ប្រហែលជា​ត្រូវ​ប្រាប់ថា នោះ​គឺជា​រឿង​គ្រោះថ្នាក់​ហើយ។

ព្រោះ “ជ្រុ​ញ” ជា​ឧបករណ៍​ផ្ទះបាយ​ដ៏​សំខាន់​មួយ​ក្នុងការ​រៀបចំ​បន្លែ​ត្រី​សាច់​ដើម្បី​ត្រៀម​ចម្អិន ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់​ជាមួយ​អាហារ​ទាំង​នៅ​ឆៅ និង​ឆ្អិន​អាច​ញ៉ាំ​បាន​ផង ដូច្នេះ​បើសិន​អ្នក​ត្រៀម​ម្ហូបអាហារ​មិនបាន​មើលថែទាំ សម្អាត​ជ្រុ​ញ​ឱ្យបាន​ស្អាត​ល្អ​ទេនោះ ជ្រុ​ញ​អាច​នឹង​កខ្វក់ រហូត​បង្កើតជា​មេរោគ​ឡើង និង​អាចធ្វើឱ្យ​អ្នក​បរិភោគ​ម្ហូបអាហារ​នោះ​កើត​អា​ការឈឺ​ថ្កាត់​បាន។

“ជ្រុ​ញ” អាច​បង្ក​រោគ​បាន​មែនឬ?

អ្នកជំនាញ​ក្នុង​ស្ថាប័ន​ភោជនាហារ​ក្នុងប្រទេស​ថៃ បាន​និយាយថា បន្ទះ​ជ្រុ​ញ​មិនបាន​បង្ក​ឱ្យ​កើត​មេរោគ​អ្វី​ដល់​រាងកាយ​ទេ តែ​វិធី​ការប្រើប្រាស់​ជ្រុ​ញ រួមទាំង​ការថែទាំ​រក្សាទុក​ដាក់​ជ្រុ​ញ​មិន​បានល្អ អាច​បង្ក​ឱ្យ​កើត​រោគាព្យាធិ​បាន។ វិធី​ដែល​អាច​បង្ក​ឱ្យ​កើតជា​ជំងឺ​គឺ ការ​ហាន់​សាច់សត្វឆៅៗនៅលើ​ជ្រុ​ញ​ជាមុន រួច​តាម​ដោយ​បន្លែ ឬ​ផ្លែឈើស្រស់ៗ អាចធ្វើឱ្យ​មេរោគ​ពី​សាច់សត្វ​ឆៅ(ដែល​មិនទាន់​ឆ្លងកាត់​ការ​ស្ងោរ​ឱ្យ​ឆ្អិន​សម្លាប់​មេរោគ)មក​ជាប់​នៅលើ​បន្លែ ឬ​ផ្លែឈើ​ស្រស់​ទាំងនោះ ហើយ​បើ​ទទួលទាន​បន្លែ​ផ្លែឈើ​ទាំងនោះ​ទាំង​ស្រស់ ដោយ​មិនបាន​ឆ្លងកាត់​កម្ដៅ​ដែល​ខ្លាំង​គ្រប់គ្រាន់​នោះ អាច​នឹងធ្វើ​ឱ្យ​យើង​បានទទួល​មេរោគ ឬ​អតិសុខុមប្រាណ​ទាំងនោះ​ចូលមកក្នុង​រាងកាយ​ដោយ​ងាយ។

ក្រៅពីនេះ ជ្រុ​ញ​ដែល​ចាស់ និង​ប្រើ​មក​យូរ​ឆ្នាំ​ហើយ បើសិន​លាង​សម្អាត​មិនបាន​ស្អាត​ល្អ អាចមាន​ភាព​ប្រថុយប្រថាន​ក្នុង​ការជួប​មេរោគ​នៅតាម​កន្លុកកន្លៀត​សាច់​ឈើ​ដែល​ប្រេះ​បែក ឬ​តាម​ស្នាម​មុខកាំបិត​ដែល​មុត​នៅលើ​ជ្រុ​ញ​ប្លា​ស្ទិ​ក បើ​យើង​ញ៉ាំ​អាហារ​ដែល​ប្រឡាក់ប្រឡូស​មេរោគ​ពី​ជ្រុ​ញ​ចូលទៅក្នុង​រាងកាយ អាចធ្វើឱ្យ​យើង​មាន​អាការ​រាករូស ដូចជា៖

– មេរោគ អ៊ី​ខូ​ឡៃ ដែល​មកពី​សាច់សត្វឆៅៗ ធ្វើឱ្យ​កើត​អាការ​រាករូស។

– មេរោគ សាល់​ម៉ូ​នេ​ល​ឡា ដែល​មកពី​សាច់សត្វ​ស្លាប​ឆៅ ដូចជា សាច់មាន់ ស៊ុត រួមទាំង​សាច់គោ និង​បន្លែ​ផ្លែឈើ​ដែល​មិនបាន​លាង​សម្អាត អាច​បណ្ដាលឱ្យ​ចុកពោះ គ្រុនក្ដៅ ក្អួតចង្អោរ​បាន។

– មេរោគ​ដែល​សាង​សារធាតុពុល ដូចជា អា​ហ្វ្លា​តុកស៊ីន និង​បើ​កើតមាន​ការប្រមូល​សន្សំ​នៅក្នុង​រាងកាយ​យូរ​ទៅ អាច​បង្ក​ឱ្យ​កើតរោគ​មហារីក​បាន។

-មេរោគ លី​ស្ទី្​រៀ ម៉ូ​ណូ​សៃ​តូ​ជី​នេស ច្រើន​ប្រទះឃើញ​នៅក្នុង​អាហារ​ដែល​ប្រឡាក់ប្រឡូស​ក្នុង​ទឹក​កខ្វក់ ឬ​លាមក​មនុស្ស និង​សត្វ អាចធ្វើឱ្យ​ប្រថុយប្រថាន​ដល់​ការ​កើតរោគ Listeriosis លោហិត​មាន​ជាតិពុល និង​រលាក​សាច់​ភ្នាស​ខួរក្បាល និង​បំផ្លាញ​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ក្នុង​រាងកាយ។

ជ្រុ​ញ​ឈើ និង​ជ្រុ​ញ​ប្លា​ស្ទិ​ក

អ្នកជំនាញការ​បានបញ្ជាក់​ថា ជ្រុ​ញ​មាន​ទាំង​ធ្វើ​ពី​ប្លា​ស្ទិ​ក ឈើ និង​អាចធ្វើ​ពី​វត្ថុ​ផ្សេងទៀត​ផងដែរ។ ចំណុច​ល្អ​របស់​ជ្រុ​ញ​ប្លា​ស្ទិ​ក​គឺ មានតម្លៃ​ថោក ជាប់​បានយូរ តែ​ចំណុច​មិនល្អ​របស់​វា​គឺ មាន​ភាព​ប្រថុយ​ក្នុងការ​សឹក​ដាច់ និង​មានការ​លាយឡំ​សាច់​ប្លា​ស្ទិ​ក​ចូលទៅក្នុង​អាហារ។ ចំណែកឯ​ចំណុច​ល្អ​របស់​ជ្រុ​ញ​ឈើ​គឺ ជ្រុ​ញ​ឈើ​ជាវ​ត្ថុ​ពី​ធម្មជាតិ នៅពេល​មានការ​សឹក​ដាច់ ហើយ​លាយឡំ​ចូលទៅក្នុង​អាហារ ក៏​រាងកាយ​របស់​យើង​មិនមាន​គ្រោះថ្នាក់​អ្វី​ដែរ តែ​ចំណុច​មិនល្អ​របស់​ជ្រុ​ញ​ឈើ​គឺ ឆាប់​សឹក សាច់​ឈើ​មាន​ប្រហោង ឬ​រន្ធ​ច្រើន បៀម​សំណើ​មយូរ​ធ្វើឱ្យមាន​ការប្រមូល​សន្សំ​របស់​មេរោគ ឬ​អតិសុខុមប្រាណ​ច្រើនជាង​ជ្រុ​ញ​ប្លា​ស្ទិ​ក។

វិធី​លាង​សម្អាត និង​ថែរក្សា​ទុកដាក់​ជ្រុ​ញ​យ៉ាង​ត្រឹមត្រូវ

– គួរ​លាង​សម្អាត​ជ្រុ​ញ​ទាំង​មុន និង​ក្រោយពី​ប្រើការ​ហើយ។

– ត្រូវ​កម្ចាត់​កំណកខ្លាញ់​នៅលើ​ជ្រុ​ញ​ដោយ​ទឹកសាប៊ូ​លាងចាន ហើយ​លាង​ចេញ​ដោយ​ទឹកស្អាត ឬ​ប្រើ​ទឹកខ្មេះ ទឹកក្រូច​ឆ្មារ​ក្នុងការ​សម្លាប់​មេរោគ​ដែល​តោង​ជាប់​នៅលើ​ជ្រុ​ញ តែ​មិន​គួរប្រើ​ដែក​ដុស​ឆ្នាំង​ដុស​សម្អាត​លើ​ជ្រុ​ញ​ឡើយ ព្រោះ​អាច​នឹង​ធ្វើឱ្យ​កើតមាន

ស្នាម​ដាច់​ជ្រៅ​នៅលើ​សាច់​ជ្រុ​ញ​ដែល​អាច​ក្លាយជា​ប្រភព​ប្រមូល​សន្សំ​មេរោគ​បាន។

– ហាម​ប្រើ​ក្រណាត់​កខ្វក់​ជូត ព្រោះ​អាច​នឹង​ក្លាយជា​ការនាំ​មេរោគ​មក​ប្រឡាក់​ជាប់​នឹង​អាហារ​បាន។

– កុំ​ភ្លេច! ត្រូវ​ប្រើ​ជ្រុ​ញផ្សេងៗពីគ្នា​សម្រាប់​ហាន់សាច់​សត្វ​ឆៅ សម្រាប់​ហាន់​បន្លែ​ផ្លែឈើ និង​សម្រាប់​ហាន់​អាហារ​ដែល​ចម្អិន​ឆ្អិន​ហើយ។

– ជ្រុ​ញ​ដែល​មិនបាន​ប្រើការ គួរ​មាន​គម្រប​គ្រប​ដើម្បី​ការពារ​សត្វ​រុញ​មក​រោម និង​ទុកដាក់​នៅលើ​កន្លែង​ដែល​ខ្ពស់។

– បើជា​ជ្រុ​ញ​ឈើ ចូរ​យកទៅដាក់​ហាលថ្ងៃ​ឱ្យបាន​ញឹកញាប់ ដើម្បី​ការពារ​កុំឱ្យ​កើត​មេរោគ​ផ្សិត និង​យកទៅ​ទុក​នៅពេលដែល​ជ្រុ​ញ​ស្ងួត​ល្អ៕

Leave a Reply

Your email address will not be published.