តិចអត់ដឹង! ថ្លើមរបស់អ្នកមានភាពសំខាន់អ្វីខ្លះ?

«បើ​នឹង​ប្រៀបធៀប​ឱ្យ​ងាយ​យល់ ថ្លើម​ប្រៀបដូចជា​អាគុយ​ខ្នាត​ធំ​បំផុត​នៅក្នុង​រាងកាយ ដោយមាន​ទម្ងន់​ប្រមាណ​ជា 1.2គីឡូក្រាម ជា​បន្ទះ​ត​គ្នា តែ​បែង​ចែកជា​បន្ទះ​ខាងស្ដាំ និង​បន្ទះ​ខាងឆ្វេង ស្ថិតនៅក្នុង​ប្រអប់​ពោះ​ផ្នែក​ខាងលើ​ក្រោម​ឆ្អឹងជំនី​ខាងស្ដាំ»

ក្រៅពី​លក្ខណៈ​ខាង​កាយវិភាគវិទ្យា​ដែល​ច្បាស់លាស់​ហើយ ថ្លើម​នៅមាន​តួនាទី​សំខាន់​ជាច្រើន​យ៉ាង​ទៀត៖

1 . ផលិត​សារធាតុ​អាហារ និង​សារធាតុ​ចាំបាច់

នៅពេល​ថ្លើម​ទទួល​ឈាម​ពី​ប្រព័ន្ធ​រំលាយ​អាហារ​ដោយ​ឆ្លងកាត់​សរសៃឈាម​ខ្មៅ​ធំ(Portal Vein)មកហើយ ឈាម​នឹង​ហូរ​ចូលទៅក្នុង​សរសៃឈាមតូចៗ និង​ប៉ះពាល់​ជាមួយ​កោសិកា​ថ្លើម កើតការ​បំប្លែង​សារធាតុ​អាហារ ទាំង​កាបូ​ហាយ​ដ្រេ​ត ប្រូតេអ៊ីន ខ្លាញ់ និង​វីតាមីន ឱ្យ​ស្ថិតនៅក្នុង​រូបរាង​ដែល​រាងកាយ​អាច​យកទៅ​ប្រើការ​បាន។ បន្ទាប់ពីនោះ​សារធាតុ​អាហារ​ដែល​បំប្លែង​ហើយនឹង​ហូរ​ចេញ​មកពី​ថ្លើម​តាមរយៈ​សរសៃឈាម អេ​ប៉ា​ទិ​ក(Hepatic Vein)ចូលទៅក្នុង​បេះដូង និង​បឺត​បាញ់​ទៅ​ចិញ្ចឹម​រាងកាយ​ជា​បន្ត។

ឧទាហរណ៍​របស់​សារធាតុ​អាហារ​ដែល​ថ្លើម​ធ្វើការ​បំប្លែង​ដើម្បីឱ្យ​ស័ក្តិសម​នឹង​ការ​នាំយកទៅ​ប្រើការ មានដូចជា បំប្លែង​ពី​ម្សៅ និង​ស្ករ​ទៅជា​គ្លុយ​ខូ​ស បំប្លែង​ពី​ខ្លាញ់​ទៅជា​ខូ​លេ​ស្តេ​រ៉ូ​ល(ទាំង​ប្រភេទ​ល្អ និង​មិនល្អ​ចំពោះ​រាងកាយ) រួមទាំង​សាង​ប្រូតេអ៊ីនសំខាន់ៗច្រើន​ប្រភេទ មាន​ជាអាទិ៍ អ៊ែ​ល​បូ​មីន ឬ​ប្រូតេអ៊ីន​ស៊ុត​ស មាន​តួនាទី​សំខាន់​ក្នុង​ការបន្ថយ​អាការ​ហើម​ដោយសារ​ទឹក។

ក្រៅពី​សារធាតុ​អាហារ​ដែល​ចាំបាច់​ដល់​ការធ្វើការងារ​របស់​រា​ង​កាយ​ហើយ ថ្លើម​នៅបាន​ផលិត​សារធាតុ​សំខាន់ផ្សេងៗទៀត​ដូចជា សារធាតុ​ការពារ​ការ​បង្កក​ខ្លួន​របស់​ឈាម ជាដើម។

2 . ប្រមូល​សន្សំ​អាហារ

ក្រៅពី​មាន​តួនាទី​ផលិត​សារធាតុ​អាហារ​ដើម្បី​នាំយកទៅ​ប្រើប្រាស់​ហើយ ថ្លើម​ថែមទាំង​ជា​ប្រភព​ប្រមូល​សន្សំ​អាហារ​ដែល​នៅ​មិនទាន់បាន​ប្រើប្រាស់​ទៀតផង ដោយ​វេជ្ជបណ្ឌិត​ជំនាញ​ខាង​រោគ​ថ្លើម​បាន​អធិប្បាយ​ថា នៅពេល​ថ្លើម​ផលិត ក្លុយ​ខូ​ស​ពី​កាបូ​ហាយ​ដ្រេ​ត​បាន​ច្រើនជាង​បរិមាណ​ដែល​រាងកាយ​ត្រូវការ​ប្រើ​ហើយ​នោះ ថ្លើម​នឹង​បំប្លែង​គ្លុយ​ខូ​ស​ទាំងនោះ​ទៅជា​ក្លៃ​ខូ​ជេន(Glycogen) និង​សន្សំទុក​ដើម្បី​ធ្វើជា​ថាមពល​បម្រុង បើសិន​នៅពេលណា​កម្រិត​គ្លុយ​ខូ​ស​ក្នុង​រាងកាយ​ធ្លាក់ចុះ​ទាប ថ្លើម​នឹង​បំប្លែង​ក្លៃ​ខូ​ជេន​ដែល​សន្សំទុក​នោះ​ទៅជា​គ្លុយ​ខូ​ស​វិញ និង​បញ្ជូនទៅ​ចិញ្ចឹម​ផ្នែកផ្សេងៗរបស់​រាងកាយ​ភ្លាម។

ក្រៅពីនេះ ថ្លើម​ថែមទាំង​ជា​ប្រភព​រក្សាទុក​វីតាមីនសំខាន់ៗ ដូចជា វីតាមីន A វីតាមីន D វីតាមីន E វីតាមីន K  និង​វីតាមីន B12 រួមទាំង​សារធាតុ​រ៉ែ​ដែល​ចាំបាច់​ចំពោះ​រាងកាយ ដូចជា ស័ង្កសី ដែក ម៉ាញេស្យូម និង​ទង់ដែង ដោយ​នឹង​បញ្ចេញ​ឆ្ពោះទៅ​ក្រសែ​ឈាម​ក្នុង​គ្រា​ដែល​រាងកាយ​ចាំបាច់​ត្រូវ​ប្រើ។

– ផលិត​ទឹកប្រមាត់

ថ្លើម​ថែមទាំង​មាន​តួនាទី​សំខាន់​ក្នុង​ការផលិត​ទឹកប្រមាត់​ទៀតផង។ ទឹកប្រមាត់​ពិតជា​មាន​ប្រយោជន៍​ណាស់ ព្រោះ​មាន​តួនាទី​ជួយ​រំលាយ​អាហារ​ប្រភេទ​ខ្លាញ់​ជា​ចម្បង។ ក្រោយពី​ថ្លើម​ផលិត​ទឹកប្រមាត់​ហើយ នឹង​បញ្ជូន​តាមរយៈ​បំពង់​ទឹកប្រមាត់​ចេញទៅ​រួមគ្នា​នៅក្នុង​ថង់ទឹកប្រមាត់ ដែល​នៅជាប់​នឹង​ពោះវៀនតូច​ផ្នែក​គល់។ នៅពេល​ញ៉ាំ​អាហារ​ប្រភេទ​ខ្លាញ់ ថង់ទឹកប្រមាត់​នឹង​ច្របាច់​ខ្លួន​បញ្ចេញ​ទឹកប្រមាត់​ចុះទៅ​រំលាយ​ខ្លាញ់​នៅក្នុង​ពោះវៀន។

តាមរយៈ​តួនាទី​សំខាន់​នេះ ធ្វើឱ្យ​អ្នក​ដែលមាន​បញ្ហា​រោគ​ថ្លើម​ភាគច្រើន​នឹង​ឆ្អល់ពោះ​ពេល​ញ៉ាំ​អាហារខ្លាញ់។ បើ​ថ្លើម​មិន​បញ្ចេញ​ទឹកប្រមាត់​ចេញមក វីតាមីន​មួយចំនួន​ក៏ត្រូវ​បឺត​ជ្រាប​យក​ដោយ​ខ្លាញ់ ដូចជា វីតាមីន A វីតាមីន D វីតាមីន E វីតាមីន K ក៏​នឹងធ្វើ​ឱ្យមាន​បរិមាណ​ទាប​តិច​រហូត​លែង​គ្រប់គ្រាន់​សម្រាប់​ការនាំយក​ទៅប្រើ។

4 . កម្ចាត់​វត្ថុ​សំណល់ និង​សារធាតុពុល

តួនាទី​សំខាន់​ម្យ៉ាងទៀត​របស់​ថ្លើម​គឺ ការ​កម្ចាត់​វត្ថុ​សំណល់​ចេញពី​រាងកាយ។ ជា​ប្រក្រតី​រាងកាយ​របស់​យើង មាន​អវយវៈ​ច្រើនយ៉ាង​ដែល​ជួយ​ក្នុងការ​កម្ចាត់​វត្ថុ​សំណល់ ដូចជា​ក្រលៀន​បញ្ចេញ​វត្ថុ​សំណល់​តាម​ទឹកមូត្រ ស្បែក​ក៏​បញ្ចេញ​តាមរយៈ​ញើស ថ្លើម​ក៏​ដូចគ្នា ដោយ​បញ្ចេញ​កាកសំណល់​តាមរយៈ​ទឹកប្រមាត់។ ក្រៅពី​វត្ថុ​សំណល់​ដែល​កើតចេញពី​កម្មវិធី​ខាងក្នុង​រាងកាយ​ហើយ ថ្លើម​ថែមទាំង​មាន​តួនាទី​បញ្ចេញ​សារធាតុពុល ឬ​តុកស៊ីន​ដែល​កើតចេញពី​ការដុត​បំផ្លាញ​ជាតិ​អាល់កុល ថ្នាំ​ប្រភេទ​ខ្លះ មេរោគ រួមទាំង​សារធាតុពុល​ពី​រុក្ខជាតិ​ទៀតផង។

5 . កម្ទេច​កោសិកា​ផុត​អាយុ

ក្រៅពី​កម្ចាត់​វត្ថុ​សំណល់ និង​សារធាតុពុលផ្សេងៗហើយ ថ្លើម​នៅ​បំពេញ​តួនាទី​ជួយ​ប្ដូរ​សភាព​សារធាតុ​ផ្គុំ​របស់​កោសិកា​គ្រាប់​ឈាម​ដែល​ចុះខ្សោយ ឬ​ខូច​ឱ្យ​អាច​បញ្ចេញ​ចោល​ពី​រាងកាយ​តាម​លាម​កបាន​ទៀតផង។

ការដែល​ថ្លើម​ត្រូវ​ទទួលបន្ទុក​ភារកិច្ច​ច្រើន​បែបនេះ បើសិនជា​ថ្ងៃ​ណាមួយ​កើតមាន​ភាពខុសប្រក្រតី​ចំពោះ​ថ្លើម តើ​វា​នឹង​ហុច​ផលប៉ះពាល់​ដល់​រាងកាយ​យ៉ាងណា​ទៅ?៕

 

Leave a Reply

Your email address will not be published.