ជំនឿ​បែបខុសៗ 6យ៉ាង​ពាក់ព័ន្ធ​នឹង​សុខភាព ដែល​អ្នក​ត្រូវ​ពិចារណា​ឡើងវិញ

មនុស្ស​ជាច្រើន​ប្រហែលជា​ធ្លាប់​បានឮ​អំពី​ជំនឿ​ដែល​ពាក់ព័ន្ធ​នឹង​រឿង​សុខភាពខ្លះៗមកហើយ មិនថាតែ​ការ​ញ៉ាំ​ផ្អែម​ខ្លាំង​នឹងធ្វើ​ឱ្យ​យើង​កើត​ជំងឺ​ទឹកនោមផ្អែម ឬ​មានតែ​អ្នក​ធាត់​ទេ​ដែលមាន​កូ​លេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម​ច្រើន ឬ​មានតែ​មនុស្ស​ចាស់​អាយុ​ច្រើន​ទេ​ដែល​ត្រចៀកធ្ងន់ (ស្ដាប់​មិនសូវ​ឮ) ដូច្នេះ​ថ្ងៃនេះ ឡា​រ៉ែ​ន​នឹង​នាំ​មិត្ត​អ្នកអាន​គ្រប់គ្នា​មក​ពិសោធ​មើលថា តើ​ជំនឿ​ដែល​យើង​ធ្លាប់​បានឮ (និង​មាន​អ្នកខ្លះ​អាច​ជឿ)មក​តាំងពី​នៅក្មេងៗនោះ មាន​ភាព​ពិត​ត្រឹមត្រូវ​ដែរឬទេ?

1. ញ៉ាំ​អាហារ​ដែលមាន​រសជាតិ​ផ្អែម​ខ្លាំង ច្រើនតែ​ធ្វើឱ្យ​កើត​ជំងឺ​ទឹកនោមផ្អែម

នៅក្នុង​ការពិត​វិញ មូលហេតុ​ចម្បង​របស់​ជំងឺ​ទឹកនោមផ្អែម​គឺ ការដែល​រាងកាយ​របស់​យើង​ខ្វះ​អ័រម៉ូន​អ៊ី​ន​ស៊ូ​លីន​ដែលមាន​តួនាទី​សំខាន់​ក្នុងការ​រក្សា​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម។ បើសិន​រាងកាយ​អាច​ផលិត​អ័រម៉ូន​មួយ​នេះ​បានជា​ប្រក្រតី ទោះជា​អ្នក​ទទួលទាន​អាហារ​ផ្អែម​ប៉ុនណា ក៏​មិនមាន​បញ្ហា​អ្វី​ដែរ វា​គ្រាន់តែ​ធ្វើឱ្យ​អ្នក​ធាត់​តែប៉ុណ្ណោះ តែ​ក្នុងករណី​ដែល​អ្នក​មានពូជ​អម្បូរ​របស់​ជំងឺ​នេះ​ស្រាប់​ហើយ ត្រូវតែ​គ្រប់គ្រង​អាហារ​ឱ្យមាន​តុល្យភាព ទទួលទាន​អាហារ​ឱ្យ​គ្រប់ 5ប្រភេទ​ក្រុម មិន​ទទួលទាន​អាហារ​ផ្អែម​ខ្លាំង​ជ្រុល​ពេក ក៏​អាច​នឹង​ជួយ​គ្រប់គ្រង​មិនឱ្យ​អាការ​របស់​ជំងឺ​ទឹកនោមផ្អែម​ដែល​បង្កប់​នៅក្នុង​ខ្លួន​កម្រើក​ឡើងមក​បាន​ឡើង។

ញ៉ាំ​អាហារ​ដែលមាន​រសជាតិ​ផ្អែម​ខ្លាំង ច្រើនតែ​ធ្វើឱ្យ​កើត​ជំងឺ​ទឹកនោមផ្អែម

2 . មានតែ​មនុស្សធាត់ៗប៉ុណ្ណោះ​ដែលមាន​កម្រិត​កូ​លេ​ស្តេ​រ៉ូ​ល​នៅក្នុង​ឈាម​ខ្ពស់

មិនមែនជា​ការពិតជា​និច្ច​នោះទេ មនុស្សស្គមៗក៏មាន​ឱកាស​ប្រថុយប្រថាន​នឹង​សភាវ​នេះដែរ ព្រោះ​កម្រិត​កូ​លេ​ស្តេ​រ៉ូ​ល​មិនបាន​វាស់​លើ​ទម្ងន់​ខ្លួន​នោះទេ។ មិន​ថា​ខ្លួន​អ្នក​ស្គម និង​មិន​ទទួលទាន​អាហារ​ដែលមាន​ខ្លាញ់​ក៏ដោយ ក៏​អាច​នឹងមាន​កូ​លេ​ស្តេ​រ៉ូ​ល​នៅក្នុង​ឈាម​ខ្ពស់​ដូចគ្នា បើសិនជា​មានពូជ​អម្បូរ​ដែល​ធ្វើឱ្យ​ប្រព័ន្ធ​មេ​តា​បូ​លី​ហ្សឹ​ម​ក្នុង​រាងកាយ​ធ្វើ​ការខុស​ប្រក្រតី រហូត​កើតការ​ផលិត និង​ប្រមូល​សន្សំ​កូ​លេ​ស្តេ​រ៉ូ​ល​ទុក​នៅក្នុង​ក្រសែ​ឈាម​ច្រើន​ជ្រុល​ពេក ដែល​នៅក្នុង​ករណីនេះ អ្នកជំងឺ​នឹងមិន​ដឹងខ្លួន​ទេ ដូច្នេះ​ដើម្បី​ភាពមិន​ធ្វេសប្រហែស យើង​គួរ​ទៅពិនិត្យ​ឈាម​ជាប្រចាំ​រៀងរាល់ឆ្នាំ រួមទាំង​ព្យាយាម​ចៀស​ពី​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​បង្កក​ខ្លួន​ច្រើន​ផង។

3 . ស្បែក​សម្បុរ​ស្រអែម ស៊ូ​ជាមួយ​កម្ដៅថ្ងៃ​បានល្អ​ជាង​ស្បែក​ពណ៌​ស

តាមរយៈ​ការស្រាវជ្រាវ​របស់​អាល្លឺម៉ង់​បាន​រកឃើញថា កាំរស្មី UV ប្រភេទ A ឬ​ដែល​ហៅថា UVA មាន​សមត្ថភាព​ជ្រៀតជ្រែក​ចូលទៅ​បំផ្លាញ​សាច់​ស្បែក​ស្រទាប់​ក្នុង​របស់​មនុស្ស​យើង​បាន ដោយ​មិនចាំបាច់​ថា អ្នកមាន​មាន​ស្បែក​សម្បុរ​ស្រអែម ឬ​ស​នោះទេ។ បើ​អ្នក​ត្រូវ​កម្ដៅថ្ងៃ​ដុតខ្លាំងៗ ក៏មាន​ឱកាស​ប្រថុយ​ក្នុង​ការកើត​ជំងឺមហារីក​ស្បែ​កបាន​ដូចគ្នា ដូច្នេះ មិន​ថា​រូបអ្នក​មាន​ស្បែក​សម្បុរ​អ្វី​នោះទេ អ្នក​គួរតែ​មើលថែទាំ​ខ្លួន​ដោយ​ការ​លាប​គ្រី​ម​ការពារ​កម្ដៅថ្ងៃ រួមទាំង​ស្លៀក​សម្លៀកបំពាក់​ណា​ដែល​អាច​បិទបាំង​រាងកាយ​បាន​ជិត​ល្អ​ផង​បើសិន​ត្រូវ​នៅក្រោម​ពន្លឺ​ថ្ងៃ​រយៈពេល​យូរ។

4 . មានតែ​មនុស្ស​ចាស់​ប៉ុណ្ណោះ​ដែល​ត្រចៀកធ្ងន់ (ស្ដាប់​មិនសូវ​ឮ)

បច្ចុប្បន្ននេះ យើង​ច្រើន​បាន​ជួប​យុវជន-យុវនារី​ដែលមាន​បញ្ហា​ខាង​ការ​ស្ដាប់ឮ ឬ​ត្រចៀកធ្ងន់​កាន់តែ​ច្រើនឡើង មូលហេតុ​មួយផ្នែក គឺ​បណ្ដាលមកពី​ការដែល​ពួកគេ​ចូលចិត្ត​លេង​ឧបករណ៍​ដែលមាន​សំឡេង​ឮ​ខ្លាំង​ជ្រុល​ពេក​កាលពី​នៅ​វ័យក្មេង ឬ​នៅពេល​ធំ​ឡើង​ត្រូវធ្វើ​ការងារ ឬ​ស្នាក់​នៅក្នុង​កន្លែង​ដែលមាន​បរិស្ថាន​មិនល្អ​ខាង​សំឡេងខ្លាំងៗហ្នឹងឯង។

5 . អ្នក​ដែល​កើត​ជំងឺលើសឈាម ហាម​ញ៉ាំ​កាហ្វេ

ក្នុង​ចំណុច​នេះ អាច​នឹង​គ្មាន​ភ័ស្តុតាង​អះអាង​ឱ្យបាន​ច្បាស់លាស់​នៅឡើយ ទោះជា​មានការ​ហាមប្រាម​អ្នកជំងឺ​លើសឈាម​ញ៉ាំ​កាហ្វេ​ក៏ដោយ តែ​ក្នុង​ការពិត​វិញ អ្នកជំងឺ​ទាំងនោះ មាន​ចំនួន​មិនតិច​ទេ​ដែលមាន​ទង្វើ​ចូលចិត្ត​ញ៉ាំ​កាហ្វេ​ជាប្រចាំ និង​នៅតែ​ញ៉ាំ​ជា​បន្ត ដោយ​គ្មាន​បង្ហាញ​ពី​អាការ​កម្រើក​នៃ​រោគសញ្ញា​ណាមួយ​ឡើយ តែ​យ៉ាងណាក៏ដោយ មានការ​ណែនាំ​មួយ​ថា មិនគួរ​ញ៉ាំ​កាហ្វេ​ក្នុង​មួយថ្ងៃ​លើសពី 4កែវ​ឡើយ។

6 . បើសិន​បណ្ដោយឱ្យ​បាតជើង​ត្រជាក់ នឹងធ្វើ​ឱ្យ​កើត​ជំងឺ​រលាក​ប្លោក​នាម

ចំពោះ​ការពិត​វិញ ប្លោក​ទឹកមូត្រ​របស់​យើង​នឹង​រលាក ឬ​អត់​នោះ គឺ​អាស្រ័យ​លើ​មេរោគ​ទេ ជាពិសេស​បំផុត​មេរោគ​ពី​ពោះវៀនធំ​ដែល​អាច​របូត​ជ្រៀតចូល​ទៅក្នុង​ប្លោក​ទឹកមូត្រ រហូត​ធ្វើឱ្យ​កើត​អាការ​រលាក​បាន។

នៅពេល​បានដឹង​បែបនេះហើយ ត្រូវតែ​ធ្វើការ​យល់ដឹង​ពី​សុខភាព​ជាថ្មី​ហើយ តែ​យ៉ាងណាក៏ដោយ ការមើល​ថែទាំ​សុខភាព គ្រប់គ្រង​រឿង​អាហារ​ការហូបចុក គេង​លក់​សម្រាក​ឱ្យបាន​គ្រប់គ្រាន់ រួមទាំង​ហាត់ប្រាណ​យ៉ាង​ជាប់លាប់ ក៏​ជា​មូលដ្ឋានគ្រឹះ​ដែល​អាចជួយ​ការពារ​យើង​ឱ្យនៅ​ឆ្ងាយ​ពី​រោគ​ព្យាធិ​បាន​ដូចគ្នា​ដែរ៕

Leave a Reply

Your email address will not be published.