ចង់ដឹង​ទេ​ថា ស្រីៗកូរ៉េ ថែទាំ​ស្បែក​បែបណា​បានជា «ស​ភ្លឺ​ថ្លា» និង​ស្អាត​ម៉េះ?

បើ​មិន​និយាយ​ពី​រឿង​វះកាត់ កែកុន​រូប​សម្ផស្ស និង​ការតុបតែង​មុខ​ស្ទីល​កូរ៉េ ទេនោះ  ការ​មាន​ស្បែក​មុខ​ដ៏​ស​ស្អាត ម៉ដ្ឋខៃ របស់ក្រមុំៗជនជាតិ​កូរ៉េ បានធ្វើឱ្យនារីៗស្រុក​យើង នាំគ្នា​លួច​នឹក​ច្រណែន​មិន​ស្ទើរ​ឡើយ… ព្រោះ​មិន​ថា​ពួកនាង​ចង់​តុបតែង​មុខ ឬ​តែងខ្លួន​ម៉ូដ​ណាក៏ដោយ ក៏​មើលទៅ​ឃើញ​ស្អាត ស្រស់​ប្រឹម​ប្រី​យ៍​ទាំងអស់​តែម្ដង។

ថ្ងៃនេះ យើង​សូម​នាំយក​គន្លឹះល្អៗ ក្នុងការ​មើលថែទាំ​ស្បែក របស់នារីៗកូរ៉េ មក​ជម្រាបជូន​ដូចខាងក្រោម៖

– យកចិត្តទុកដាក់ ថែបំប៉ន​ស្បែក យ៉ាង​ពេញទំហឹង

ដោយ​ការជ្រើសរើស​ប្រើ​ឃ្រី​ម​បំប៉ន​ស្បែក​សម្រាប់​ពេល​ថ្ងៃ និង​ពេលយប់​យ៉ាង​ទៀងទាត់ និង​ជាប់​ជានិច្ច។ ជាពិសេស​សម្រាប់​អ្នក​ដែលមាន​ស្បែក​មុខស្ងួត ឬ​ស្បែ​កមុខ​ដែល​ខ្វះ​ការថែបំប៉ន ចាំបាច់​ត្រូវតែ​ប្រើ​ជំនួយការ ជួយ​បន្ថែម ដូចជា សេរ៉ូម​ថែបំប៉ន​ប្រភេទ​ខាប់ ឬ​ម៉ាស់​ផ្ទៃមុខ មុនពេល​គេង​ជាប្រចាំ ដើម្បី​ជួយ​បង្កើន​សំណើម និង​រក្សា​តុល្យភាព​របស់​ស្បែ​កមុខ។

-មិន​ធ្វេសប្រហែស ក្នុងការ​លាប​ឃ្រី​ម​ការពារ​កម្ដៅថ្ងៃ

នេះ​គឺជា​គន្លឹះ​សំខាន់ ក្នុងការ​មើលថែទាំ​ស្បែក ដែលនារីៗកូរ៉េ បានទទួល​ការបណ្តុះបណ្តាល​មក​តាំងពីក្មេង។ សម្រាប់​ការ​លាប​ឃ្រី​ម​ម​ការពារ​ពន្លឺ​ថ្ងៃ មុនពេល​តុបតែង​មុខ​គ្រប់​ពេលនេះ  គឺ​ដើម្បី​ជួយ​ការពារ​ស្បែ​កមុខ មិនឱ្យ​ខ្មៅ​ស្រពោន និង​ស្អាត​ស្រស់ថ្លា​ជាប់​ជានិច្ច  ថែមទាំង​ជួយ​ថែរក្សា​សភាព​ស្បែក​ផ្ទៃមុខ ឱ្យនៅតែ​ស្រស់ស្អាត ភ្លឺរលោង មិន​ចាស់​មុន​អាយុ​ទៀតផង។

-ប្រើប្រាស់​ផលិតផល ដែលមាន​ចំណែក​ផ្សំ​របស់​សារធាតុ វ៉ៃ​ធេ​ន​នី​ង (Whitening)

ដើម្បី​ជាការ​ការពារ មិនឱ្យ​ស្បែក​របស់​ផ្ទៃមុខ កើត​ស្នាម​ជាំ​អុច​ខ្មៅ និង​មាន​ភាព​ស្រពោន​ខ្មៅ​នោះ  ក្រមុំៗកូរ៉េ និយម​ប្រើ​ឃ្រី​ម​ថែបំប៉ន​ស្បែ​កមុខ រួមទាំង​គ្រឿង​ថែបំប៉ន​ស្បែក ដែលមាន​សារធាតុ វ៉ៃ​ធេ​ន​នី​ង ដើម្បី​ជួយ​សម្រួល​សភាព​ស្បែក​ឱ្យ​ម៉ដ្ឋ ភ្លឺ​ថ្លា និង​មាន​ភាពជឿជាក់​ក្នុង​ចិត្ត​រៀងរាល់ថ្ងៃ។

-ធ្វើ​ស្ក្រា​ប់​ផ្ទៃមុខ ខាត់​ស្បែក​ឱ្យ​ស្អាត​ជាប្រចាំ

ដោយ​ការយក​បន្លែ និង​ផ្លែឈើ​ស្រស់ ដែល​សម្បូរ​ដោយ​វីតាមីន ដែល​ចាំបាច់​ចំពោះ​ស្បែក ដូចជា ផ្លែក្រូច ស្ត្រ​ប៊ើ​រី  គី​វី ឬ​មើម​ការ៉ុត​ជាដើម  ដោយ​អាច​យកមក​កិន​ក្រឡុក រួមជាមួយ​ទឹកដោះគោឆៅ ឬ​ទឹកឃ្មុំ​បន្តិច  ហើយ​យកមក​បំពោក​លើ​ផ្ទៃមុខ ទុកចោល 20នាទី។  ធ្វើជា​ប្រចាំ 1សប្តាហ៍ 3-4ដង  នឹង​ជួយ​ស្តារ​សភាព​ស្បែក​ដែល​ខូច ឱ្យ​ស្អាត​ស្រស់ ថ្លា ដូច​ក្រមុំ​កូរ៉េ តែម្តង។

-ហាត់ប្រាណ និង​គេង​សម្រាក​ឱ្យបាន​គ្រប់គ្រាន់

ព្រោះ​ការហាត់​ប្រាណ ក្រៅពី​ជួយ​ឱ្យ​លំហូរ​វិល​របស់​ឈាម​នៅក្នុង​រាងកាយ​ដំណើរ​ការល្អ  ជួយ​ធ្វើឱ្យ​រាងកាយ​មាំមួន​ស្វាហាប់​ឡើង​ហើយ  នៅបាន​បង្កើន​ការ​បន្សាយ​ឈាម ធ្វើឱ្យ​សាច់​ស្បែក បានទទួល​ការជំរុញ​រហូត​មើលឃើញ​ស្រស់ថ្លា ភ្លឺរលោង​ទៀតផង។  ក្រៅពីនេះ នារីៗកូរ៉េ នៅបាន​ប្រើ​គន្លឹះងាយៗក្នុងការ​ថែទាំ​ស្បែក ដោយ​គ្រាន់តែ​គេង​ឱ្យ​លក់ សម្រាក​ឱ្យបាន​គ្រប់គ្រាន់ ក៏​វា​មាន​ចំណែក​ជួយ ឱ្យ​ប្រព័ន្ធ​ឈាម​រត់ ធ្វើការ​បាន​ប្រក្រតី ធ្វើឱ្យ​ស្បែក​ស្អាត ស្រស់ថ្លា ផូរផង់​ឡើង​បានដែរ។

-អាហារ ការហូបចុក ក៏​សំខាន់

អ្នក​ដែល​គិតថា ការ​មាន​ស្បែក​ស្រស់ស្អាត គឺ​បានមកពី​ការ​លាប​ឡេ លាប​ឃ្រី​ម តែ​ម្យ៉ាង​នោះ  ប្រហែលជា​ត្រូវ​ផ្លាស់ប្តូរ​គំនិត​នេះ​ជាថ្មី​ហើយ  ព្រោះក្រមុំៗកូរ៉េ ជឿជាក់ថា បើ​យើង​បានទទួល​ទាន​អាហារ ដែលមាន​ប្រយោជន៍ មាន​វីតាមីន និង​សារជាតិ​អាហារល្អៗដល់​ស្បែក​យ៉ាង​ពេញទំហឹង ដូចជា ទឹកដោះ  តៅហ៊ូ  សាច់​ត្រី  បន្លែ​ស្លឹក​បៃតង និង​ផ្លើ​ឈើផ្សេងៗនោះ វា​មាន​ចំណែក​ជួយ​ឱ្យ​ស្បែក​ស្អាត​ភ្លឺ​ថ្លា ចេញពី​ខាងក្នុង​មក​បាន​ដូចគ្នា​ដែរ។

ថាៗទៅ គន្លឹះ​ក្នុងការ​មាន​ផ្ទៃមុខ​ស្រស់ស្អាត​ភ្លឺ​ថ្លា បែប​ក្រមុំ​កូរ៉េ មិនមាន​អ្វី​ពិបាក​ដូចដែល​មនុស្ស​ជាច្រើន​គិត​នោះឡើយ  គ្រាន់តែ​យើង យកចិត្តទុកដាក់ និង​មើលថែទាំ​ស្បែក​ឱ្យបាន​ច្រើន លើសពី​អ្វីដែល​យើង​ធ្លាប់តែ​ខ្ជិល ឬ​ខ្វះ​ការថែបំប៉ន​ស្បែក យូរ​រាប់​ខែ​មកហើយ​នោះ តែ​បន្តិច​ប៉ុណ្ណោះ។  សូម​នាំគ្នា​សាកល្បង បែរមក​មើលថែទាំ​ស្បែក និង​រាងកាយ​ចាប់តាំងពី​ថ្ងៃនេះ​តែម្តង ក៏​មិនទាន់​ហួសពេល​ដែរ​ចា៎ស៕

Leave a Reply

Your email address will not be published.