អាថ៍កំបាំងក្នុងការថែទាំស្បែកមុខសម្រាប់បុរស ទៅតាមប្រភេទនៃស្បែក

ពីរូបរាងសង្ហា និងសម្លៀកបំពាក់ ដែលស័ក្តិសមនឹងខ្លួនប្រាណហើយនោះ នៅមានរឿង ១ទៀតដែលបុរសមិនអាចធ្វើព្រងើយកន្តើយបានឡើយ ដើម្បីភាពស្អាតសង្ហាដ៏ឥតខ្ចោះរបស់ខ្លួន។ នោះគឺ រឿងស្បែក ជាពិសេស គឺស្បែកមុខតែម្តង។

មនុស្សជាច្រើន មិន​ដឹងថា ប្រភេទស្បែកនីមួយៗនោះ គួរបានទទួលការមើលថែទាំខុសប្លែកពីគ្នាឡើយ ហើយដោយសារនិស្ស័យរបស់មនុស្សប្រុស ​ដែលមិនសូវ​ចូលចិត្តអ្វីដែល​រញ៉េរញ៉ៃច្រើនផងនោះ ទើបធ្វើឱ្យអ្នកខ្លះព្រងើយកន្តើយនឹងវិធីមើលថែស្បែកមុខដែលត្រឹមត្រូវ ឬមិនប្រើផលិតផលសម្អាតផ្ទៃមុខ​ឱ្យត្រូវនឹង​ប្រភេទស្បែកមុខរបស់ខ្លួន។ ដូច្នេះថ្ងៃនេះ យើងសូមនាំយកវិធីការថែទាំស្បែកមុខ តាមប្រភេទនីមួយៗ មកជម្រាបមិត្តអ្នក​អាន​ ដែល​​​ជាសុភាពបុរស ឱ្យ​​បាន​​ដឹង ដើម្បីបន្ថែមភាពស្អាតសង្ហា ដល់ខ្លួនឯង ឱ្យបានគ្រប់គ្រឿងតែម្តង។

– សម្រាប់កំលោះស្បែកមុខស្ងួត

លក្ខណ: អាចសង្កេតឃើញតាមរយ:ស្បែកដែលស្ងួតប្រេះ ឬមានឡើងស្នាមក្រហមញឹកញាប់ រួមទាំងអាចមានអារម្មណ៍​ដឹងថា មានភាពស្ងួតក្រៀមនៅលើស្បែកមុខ ឬពេលលុបលាងមុខរួច នឹងមានអារម្មណ៍ថា តឹងៗនៅលើស្បែកមុខទៀតផង។

ការមើលថែទាំ: ចូរជ្រើសរើសហ្វូម (ឡេ) លាងមុខ ប្រភេទរក្សាសំណើម និងប្រើឃ្រីមថែបំប៉នស្បែក រាល់ពេលព្រឹក ក្រោយពេល​កោរ​ពុកមាត់ និងមុនពេលចូលគេង រួមទាំងរកហ្វូមស្រ្ខាប់ (Scrub) មកប្រើ 1សប្តាហ៍ 2ដង ដើម្បីកម្ចាត់កោសិកាស្បែកដែលចាស់​ចេញផង។

– សម្រាប់កំលោះស្បែកមុខឡើងខ្លាញ់

លក្ខណ: អ្នក អាចដឹងពីភាពឡើងខ្លាញ់នេះ ដោយគ្រាន់តែយកម្រាមដៃ អង្អែលលើផ្ទៃមុខ ភាពរលោងខ្លាញ់ នឹងដឹតជាប់នៅលើម្រាមដៃ យ៉ាងឃើញច្បាស់តែម្តង ទោះជាទើបតែលាងសម្អាតមុខហើយថ្មីៗក៏ដោយ។ ក្រៅពីនេះនៅមានកើតមុន ច្រើនជាងស្បែកមុខប្រភេទផ្សេងៗទៀតផង។

ការមើលថែទាំ : គួរងាកមកប្រើជេលលាងមុខ ដែលមានផ្សំដោយអាស៊ីត សាលីសៃលិក ដែលជួយឱ្យមុនស្រកចុះ និងកាត់បន្ថយជាតិខ្លាញ់នៅលើផ្ទៃមុខ។ ហើយក្រោយពេលលាងមុខរួច ក៏គួរតែរកថូនើរ៍មកជូតសម្អាតស្បែកម្តងទៀតដើម្បីកាត់បន្ថយការកើតមុន។ អ្វីដែលមិនគួរភ្លេចនោះ គឺផលិតផលថែបំប៉នស្បែក ក្រោយពេលកោរពុកមាត់ ក៏ជាវត្ថុចាំបាច់បំផុតដែរ ព្រោះផលិតផលថែទាំស្បែក​មុខ​​ទាំង​នេះ នឹងបន្ថែមភាពស្រស់ស្រាយ និងជួយកាត់បន្ថយជាតិខ្លាញ់នៅលើផ្ទៃមុខបានច្រើនទៀតផង។

– សម្រាប់កំលោះដែលមានស្បែកមុខងាយប្រតិកម្ម

លក្ខណ:  ស្បែកងាយកើតស្នាមអុចៗ កន្ទួលដោយសារធូលីដី ឡើងអាការក្រហម ដោយសារសភាពបរិយាកាសជុំវិញខ្លួន ឬឡើងខ្មៅក្រៀម ដោយសារកម្ដៅថ្ងៃ ដែលក្តៅខ្លាំងជាដើម។

ការមើលថែទាំ : គួរប្រឹក្សាជាមួយអ្នកជំនាញ ដើម្បីជ្រើសរើសប្រើផលិតផល ដែលស័ក្តិសមនឹងស្បែកមុខរបស់ខ្លួនឯង ដោយគោលការណ៍​ភាគច្រើនគឺ ព្យាយាមជ្រើសយកផលិតផលណា ដែលផលិតពីធម្មជាតិឱ្យបានច្រើនបំផុត តាមដែលអាចទៅរួច។ ចៀសវាងផលិតផលណាដែលមានក្លិនក្រអូប ឬមានចំណែកផ្សំរបស់អាល់កុល ។

– សម្រាប់កំលោះដែលមានស្បែកផ្សំ

លក្ខណ : បុរសភាគច្រើនៗ មានស្បែកក្នុងលក្ខណ:នេះ ដោយស្បែកបែបផ្សំនេះ នឹងមានភាពឡើងខ្លាញ់នៅម្តុំ T-zone ដែលមានដូចជា នៅម្តុំថ្ងាស ច្រមុះ និងចង្កា ចំណែកឯថ្ពាល់វិញ មានលក្ខណ:ជាស្បែកស្ងួត ។

ការមើលថែទាំ : អ្នកចាំបាច់ត្រូវតែប្រើ ទាំងផលិតផលសម្រាប់ស្បែកស្ងួត និងស្បែកឡើងខ្លាញ់ មើលថែទាំតាមកន្លែង។ ដោយចំណុច T-zone គួរប្រើផលិតផលថែទាំសម្រាប់ស្បែកខ្លាញ់ ឯកន្លែងថ្ពាល់វិញ ក៏មើលថែទាំដោយផលិតផលសម្រាប់ស្បែកស្ងួត ហើយអ្វីដែលសំខាន់គឺ គួរប្រើប្រាស់ឃ្រីមការពារកម្ដៅថ្ងៃ និងឃ្រីមថែបំប៉នស្បែក ដើម្បីការពារស្បែកមុខ ឱ្យបានស្អាតល្អផង ។

បានដឹងពីប្រភេទ និងវិធីមើលថែទាំស្បែកមុខគ្រប់ប្រភេទបែបនេះហើយ យើងសង្ឃឹមថា ប្រហែលជាធ្វើឱ្យកំលោះៗយើង ​នាំគ្នា​ងាកមក​មើល​ថែ​ទាំស្បែកមុខកាន់ច្រើនឡើងហើយ ព្រោះផ្ទៃមុខ គឺជាកន្លែងមួយដែលមនុស្សយើងតែងក្រឡេកមើលមុនគេបំផុត។ ដូច្នេះ​មិនគួរធ្វេស​ប្រហែស ឬព្រងើយកន្តើយឡើយ បើសិនជាអ្នកចង់បានផ្ទៃមុខដែលស្អាតសង្ហា ក្មេងជាងវ័យ និងភ្លឺថ្លារហូតនោះ៕

Leave a Reply

Your email address will not be published.