ពិត​អត់? ដុសធ្មេញ​ក្រោយ​ញ៉ាំ​បាយ​ហើយ​ភ្លាម​ធ្វើឱ្យ​ពុក​ធ្មេញ?

កាលពី​ថ្ងៃមុន ឃើញ​មិត្ត​រួម​ការងារ​ម្នាក់​ញ៉ាំ​បាយ​ហើយ ក៏​ក្រោក​ទៅ​ចាប់យក​ច្រាស​ដុសធ្មេញ​ចូល​បន្ទប់ទឹក​ភ្លាម​តែម្ដង យើង​ក៏​នឹក​ស្ងើចសរសើរ​គាត់​ពី​រឿង​ម៉ឺងម៉ាត់​ក្នុងការ​ថែទាំ​សុខភាព​ប្រអប់មាត់​របស់ខ្លួន​បាន​យ៉ាង​ល្អ​ដែល​យើង​មិនដែល​បាន​ធ្លាប់ធ្វើ​បែប​ហ្នឹង​ឡើយ។ តែ​ក៏​គួរឱ្យ​នឹក​សង្ស័យ​ដែរ​ថា យើង​ជា​មនុស្ស​ម្នាក់​ដែល​មិន​ធ្លាប់​ដុសធ្មេញ​លើសពី 2ដង​ឡើយ​ក្នុង​មួយថ្ងៃ ហើយ​គ្រូពេទ្យ​បាន​ប្រាប់ថា យើង​ស្ទើរតែ​គ្មាន​ធ្មេញ​ណាមួយ​ពុក​ឡើយ កំណកកំបោរ​ក៏​មិនសូវមាន​ដែរ មិនចាំបាច់​សម្អាត​នាំ​តែ​អស់​លុយ​ទេ តែ​មិត្ត​រួម​ការងារ​ម្នាក់​នោះ​បែរ​ជាមាន​ធ្មេញ​ពុក​ច្រើន និង​ថែមទាំង​មាន​បញ្ហា​រឿង​ការ​ស្រៀវធ្មេញ​ញឹកញាប់​ទៀតផង។

ឬមួយ​ក៏…ការ​ដុស​សម្អាត​ធ្មេញ​ក្រោយ​ញ៉ាំ​បាយ​ហើយ​ភ្លាម មិនល្អ​ចំពោះ​សុខភាព​ធ្មេញ​ដូចដែល​យើង​គិត?

មាន​លទ្ធផល​នៃ​ការស្រាវជ្រាវ​មួយ​បាន​រកឃើញថា ការទទួល​ទាន​អាហារ​ប្រភេទ​ទឹក​ផ្លែឈើ ទឹក​ភេសជ្ជៈ​កំប៉ុង ឬ​អាហារ​និង​ភេសជ្ជៈ​ដែលមាន​ឫទ្ធិ​ជា​អាស៊ីតស្រាលៗ និង​មាន​ជាតិ​ស្ករ​ខ្ពស់ នឹង​ធ្វើឱ្យ​សារធាតុ​ស្រោប​ធ្មេញ​ផ្នែក​ខាងក្រៅ​បន្ទន់ខ្លួន​យូរ​តាំងពី 10 នាទី​រហូត​ទៅដល់ 1ម៉ោង ដូច្នេះ​ក្នុងអំឡុង​ពេលដែល​សារធាតុ​ស្រោប​ធ្មេញ​នោះ​កំពុង​បន្ទន់ខ្លួន បើ​យើង​ធ្វើការ​ដុស​សម្អាត​ធ្មេញ​ភ្លាម វា​នឹង​ក្លាយជា​មូលហេតុ​ធ្វើឱ្យ​សារធាតុ​ស្រោប​ការពារ​សាច់​ធ្មេញ​នោះ​របូត ឬ​សឹក​អស់​បាន។

នៅពេល​សារធាតុ​ស្រោប​ការពារ​ធ្មេញ​នោះ​រហូត​ចេញ ឬ​សឹក​អស់ ធ្វើឱ្យ​ធ្មេញ​លែង​រឹងមាំ អាច​ប្រថុយ​នឹង​ការកើត​អាការ​ស្រៀវធ្មេញ និង​ធ្មេញ​សឹក​កាន់​ខ្លាំង​ឡើង រហូត​ឈានទៅ​កាន់តែ​ងាយ​ពុក​ធ្មេញ​ឡើង​ទៀតផង។

បើ​អ្នកណា​ដែល​នៅតែ​ចង់​ដុស​សម្អាត​ធ្មេញ​ដើម្បី​សុខភាព​ដ៏​ល្អ​របស់​ប្រអប់មាត់​ក្នុងអំឡុងពេល​ថ្ងៃនោះ មាន​ដំបូន្មានល្អៗដូចខាងក្រោម​នេះ៖

1 . ដុស​សម្អាត​ធ្មេញ​ដោយ​ថ្នាំដុសធ្មេញ​ដែលមាន​ផ្សំ​ដោយ ផ្ល​អូ​រ៉ា​យ​ដ៍ មុន​ទទួលទាន​អាហារ​ប្រភេទ​ភេសជ្ជៈ​ទឹក​ផ្លែឈើ​ក្រឡុក ទឹក​ភេសជ្ជៈ​កំប៉ុង ឬ​ភេសជ្ជៈ និង​អាហារ​ដែលមាន​រសជាតិ​ជូរ និង​ផ្អែម​ខ្លាំង។

2 . ខ្ពុរមាត់​ដោយ​ទឹកស្អាតភ្លាមៗក្រោយពេល​ញ៉ាំ​អាហារ​ទាំងអស់នោះ​ហើយ​ភ្លាម អាច​នឹង​ខ្ពុរមាត់ដដែលៗបាន ហើយ​សម្រាក​ប្រមាណ​ជា 1ម៉ោង សឹម​ក្រោក​ទៅ​ដុស​សម្អាត​ធ្មេញ។

3 . ជ្រើសរើស​ប្រើ​ច្រាស​ដុសធ្មេញ​ដែលមាន​សរសៃទន់ៗ និង​ដុស​សម្អាត​ធ្មេញ​ដោយថ្នមៗដៃ តែ​ដុស​សម្អាត​ឱ្យបាន​យូរ​ឡើង ល្អ​ជាង​ដុស​បែបខ្លាំងៗ និងលឿនៗឆាប់​ហើយ។

4 . ក្រោយពេល​ដុសធ្មេញ អាច​ខ្ពុរ​តែ​ពពុះ​ថ្នាំដុសធ្មេញ​ចេញ​ដោយ​មិនបាច់​ខ្ពុរ​នឹង​ទឹកស្អាត​ទៀតឡើយ តែបើ​មាន​អារម្មណ៍​ថា​មិន​ស្រួល​ក្នុង​មាត់ ចូរ​ខ្ពុរមាត់​នឹង​ទឹកស្អាត​តែម្ដង​ទៀត​បាន​ហើយ ដើម្បីឱ្យ​សារធាតុ ផ្ល​អូ​រ៉ា​យ​ដ៍​នៅជាប់​នឹង​ធ្មេញ​ឱ្យបាន​ច្រើន​បំផុត។

ត្រឹមតែ​តិច​និកងាយៗប៉ុណ្ណឹង លោកអ្នក​ក៏​នឹងមាន​សុខភាព​ធ្មេញ​ដែល​ល្អ ដោយ​មិនចាំបាច់​ទៅ​ជួប​គ្រូពេទ្យ​ធ្មេញ​ញឹកញាប់​បាន​បាត់ទៅហើយ៕

Leave a Reply

Your email address will not be published.