Apple គ្រោង​បង្កើន​ការវិនិយោគ​រហូតដល់​ទៅ ៤៣០ពាន់​លាន​ដុល្លារ

ក្រុមហ៊ុន​យក្ស Apple មាន​គម្រោង​បង្កើន​ការវិនិយោគ​របស់ខ្លួន ២០% នៅ​សហរដ្ឋអាមេរិក​សម្រាប់​រយៈពេល ៥ឆ្នាំ​ខាងមុខ ដោយ​លៃ​ទុក​ដើមទុន​រហូតដល់​ទៅ ៤៣០ពាន់​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​ស៊ី​លី​កូន (Silicon) ជំនាន់​ថ្មី និង​ជំរុញ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​អ៊ីនធឺណិត​ល្បឿន​លឿន​បំផុត 5G នៅ​រដ្ឋ​ចំនួន៩របស់​សហរដ្ឋអាមេរិក។

យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន The Edge Markets ឱ្យដឹងថា ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ iPhone ដ៏​ល្បី​រន្ទឺ​មួយ​នេះ បានចេញ​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ច័ន្ទ ទី២៦ មេសា​ថា ខ្លួន​នឹង​បង្កើត​ការងារ​ថ្មី​ចំនួន ២០,០០០កន្លែង នៅ​ទូទាំង​សហរដ្ឋអាមេរិក ហើយនឹង​សាងសង់​អគារ​ថ្មី​មួយ នៅ​រដ្ឋ​ខា​រ៉ូ​ឡាយ​ណា​ខាងជើង (North Carolina)។

លោក Tim Cook នាយក​ប្រតិបត្តិ​របស់ Apple បាន​លើកឡើងថា “នៅ​ខណៈ​នៃ​ការ​ងើបឡើង និង​ការស្ដារ​ឡើងវិញ​នេះ ក្រុមហ៊ុន​ Apple កំពុង​ពង្រឹង​ការប្ដេជ្ញាចិត្ត​របស់​យើង​ចំពោះ​នវានុវត្តន៍​ថ្មី និង​ការផលិត​នៅ​សហរដ្ឋអាមេរិក ជាមួយនឹង​ការវិនិយោគ​មួយ​ដែល​ចូលដល់​សហគមន៍​ក្នុង​រដ្ឋ​ទាំង ៥០” ។

ក្នុង​រយៈពេល៣ឆ្នាំ​កន្លងមកនេះ ការវិនិយោគ​របស់​ក្រុមហ៊ុន Apple បាន​លើស​គោលដៅ​នៃ​ផែនការ​វិនិយោគ៥ឆ្នាំ ក្នុង​ទំហំ​ទឹកប្រាក់៣៥០ពាន់​លាន​ដុល្លារ ដែល​ខ្លួន​បានកំណត់​ក្នុង​ឆ្នាំ២០១៨ រួចទៅហើយ។

 

ជា​ផ្នែក​មួយ​នៃ​ការពង្រីក​អាជីវកម្ម​របស់ខ្លួន ក្រុមហ៊ុន Apple គ្រោង​នឹង​វិនិយោគ​ជាង១ពាន់​លាន​ដុល្លារ នៅ​រដ្ឋ​ខា​រ៉ូ​ឡាយ​ណា​ខាងជើង ដើម្បី​សាងសង់​អគារ​មជ្ឈមណ្ឌល​វិស្វកម្ម​ថ្មី​មួយ​នៅ​តំបន់ Research Triangle។ ការវិនិយោគ​នេះ នឹង​ជួយ​បង្កើត​ការងារ​ថ្មី​យ៉ាងតិច៣.០០០កន្លែង​ផ្នែក​វិភាគ​ទិន្នន័យ បច្ចេកវិទ្យា​បញ្ញា​សិប្ប​និមិត្ត (AI) វិស្វកម្ម​សូ​ហ្វ​វែ​រ និង​វិស័យ​បច្ចេកវិទ្យា​ជឿនលឿន​ផ្សេងទៀត៕

Leave a Reply

Your email address will not be published.