ដំណឹងល្អ! វ៉ាក់សាំងកូវីដ១៩ ជាជំនួយរបស់រដ្ឋាភិបាលចិន ៤០ម៉ឺនដូសទៀត នឹងមកដល់កម្ពុជានៅយប់នេះ

វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន ៤០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជានៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងធានាការពារសុខុមាលភាពប្រជាពលរដ្ឋកម្ពុជាពីការរាតត្បាតជំងឺកូវីដ១៩ ។

វ៉ាក់សាំងស៊ីណូហ្វាមចំនួន ៤០ម៉ឺនដូសនេះ គឺជាជំនួយរបស់មិត្តចិន ដឹកមកដល់កម្ពុជាលើកទី៣ហើយ។ លើកទី១ ដឹកមកដល់ថ្ងៃទី០៧ ខែកុម្ភៈ ចំនួន ៦០ម៉ឺនដូស និងលើកទី២ ដឹកមកដល់ថ្ងៃទី៣១ ខែមីនា ចំនួន ៧០ម៉ឺនដូស។

វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ដ៏សំខាន់មួយបន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារ ដោយជំងឺកូវីដ១៩។ រាជរដ្ឋាភិបាល បានប្រឹងប្រែង និងស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋកម្ពុជា។

កម្ពុជា ទទួលបានវ៉ាក់សាំងចំនួនជិត ៤លានដូសរួចមកហើយ ហើយភាគច្រើនបំផុតជាវ៉ាក់សាំងជាជំនួយ និងទិញពីប្រទេសចិន។ វ៉ាក់សាំងដែលកម្ពុជាទទួលបានរួចមកហើយនោះ រួមមាន៖ វ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីប្រទេសចិន ចំនួន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ជំនួយរបស់ខូវ៉ាក់ តាមអង្គការសុខភាពពិភពលោកចំនួន ៣២៤,០០០ដូស។

តាមរយៈវ៉ាក់សាំងទាំងនេះ កម្ពុជា បានប្រឹងប្រែងចាក់ជូនប្រជាពលរដ្ឋបានចំនួនជិត ១លាន ៣សែននាក់ហើយ។ កម្ពុជា បានក្លាយទៅជាប្រទេសឈរនៅលំដាប់ទី២ ក្នុងអាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី ដែលចាក់វ៉ាក់សាំងបានចំនួនច្រើនជូនប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងរហូតដល់ទៅជាង ១០លានដូសនៅក្នុងឆ្នាំ២០២១នេះ។ បើតាមសម្តេចតេជោ ហ៊ុន សែន វ៉ាក់សាំងនឹងមកដល់កម្ពុជាជាបន្តបន្ទាប់ទៀត រួមមាន៖ ខែឧសភា ចំនួន ១លាន ៥សែនដូស, ខែមិថុនា ចំនួន ៣លានដូស, ខែកក្កដា ២លានដូស និងខែសីហា ១លានដូស៕

Leave a Reply

Your email address will not be published.