ទៀតហើយ! ប្រទេសស៊ីប រកឃើញវីរុសបំប្លែងថ្មី ឈ្មោះ Deltacron

ស៊ីប៖ ប្រទេសស៊ីប បានរកឃើញមេរោគបំប្លែងខ្លួនថ្មីមួយទៀត មានឈ្មោះថា “Deltacron” ដែលមានប្រវត្តិហ្សែនស្រដៀងគ្នាទៅនឹងវីរុស Delta រួមជាមួយវីរុសបំប្លែងថ្មី Omicron។ក្នុងនោះ បើតាមប្រភពព័ត៍មាន មេរោគប្រភេទថ្មីនេះ បានប៉ះពាល់ដល់មនុស្ស ២៥នាក់រួចហើយនៅក្នុងប្រទេសស៊ីប (Cyprus)។

បើយោងតាមលោកវេជ្ជបណ្ឌិត Leondios Kostrikis ប្រធានមន្ទីរពិសោធន៍ជីវបច្ចេកវិទ្យា និងមេរោគម៉ូលេគុលនៅសាកលវិទ្យាល័យ Cyprus ក្នុងចំណោមសំណាកចំនួន ២៥ ដែលយកនៅប្រទេស Cyprus មាន ១១ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារតែមេរោគបំប្លែងថ្មីនេះ ខណៈ ១៤ នាក់មកពីប្រជាជនទូទៅ នេះបើយោងតាមសារព័ត៍មាន Cyprus Mail បានរាយការណ៍។
ទន្ទឹមនេះ លោកវេជ្ជបណ្ឌិត Kostrikis បាននិយាយថា ការពិតដែលថាភាពញឹកញាប់នៃការវិវត្តន៍នៃមេរោគ ក្នុងចំនោមអ្នកជំងឺដែលសម្រាកនៅមន្ទីរពេទ្យគឺមានលក្ខណៈខ្ពស់ អាចចង្អុលបង្ហាញពីការជាប់ទាក់ទងគ្នារវាងការវិវត្តន៍ថ្មីនៃមេរោគ និងការសម្រាករបស់អ្នកជំងឺនៅមន្ទីរពេទ្យ។

ទោះជាយ៉ាងណាក៏ដោយ វីរុសបំប្លែងខ្លួនថ្មីនេះ មិនមែនជាអ្វីដែលត្រូវព្រួយបារម្ភនៅពេលនេះទេ។ នេះបើតាមការបញ្ជាក់របស់ រដ្ឋមន្ត្រីសុខាភិបាលស៊ីប លោក Michalis Hadjipandelas៕

ប្រភព៖ India times