គួរអោយព្រួយបារម្ភ! អ្នកឆ្លងកូវីដនៅទូទាំងពិភពលោក កើនលើស ៣០០លាននាក់ហើយ

បរទេស៖ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក បានកើនលើស ៣០០លាននាក់ កាលពីថ្ងៃសុក្រ ខណៈវីរុសឆ្លងលឿនអូមីក្រុង បានរីករាលដាលដល់កំណត់ត្រាខ្ពស់ថ្មី នៅបណ្តាប្រទេសជាច្រើនសប្តាហ៍មុន។ នេះបើតាមប្រភពព័ត៌មាន CNA។
ក្នុងរយៈពេលប្រាំពីរថ្ងៃកន្លងមកនេះ ប្រទេសចំនួន ៣៤ បានកត់ត្រាករណីឆ្លងខ្ពស់បំផុតប្រចាំសប្តាហ៍ចាប់តាំងមានជំងឺរាតត្បាតមក ក្នុងនោះបញ្ចូលទាំងប្រទេសចំនួន ១៨នៅអឺរ៉ុប និងចំនួន ៧នៅទ្វីបអាហ្វ្រិក។ នេះបើយោងតាមការរាប់របស់ AFP ដោយផ្អែកលើតួលេខផ្លូវការ។
ទន្ទឹមនោះដែរ វីរុសឆ្លងលឿនប្រភេទអូមីក្រុង ដែលអ្នកជំនាញថាទំនងមិនសូវបង្ករជាជំងឺធ្ងន់ធ្ងរដូចប្រភេទ Delta នោះ បានរុញច្រានករណីឆ្លងទូទាំងពិភពលោកដល់ ១៣.៥លាននាក់ នៅសប្តាហ៍ចុងក្រោយ ដែលវាកើនខ្ពស់ ៦៤ភាគរយ ធៀបទៅនឹងសប្តាហ៍កន្លងទៅមួយទៀត។
គួរឱ្យដឹងដែរថា បើទោះជាអូមីក្រុង ប្រហែលមិនធ្ងន់ធ្ងរដូច Delta យ៉ាងណាក្តី តែអង្គការសុខភាពពិភពលោក (WHO) បានព្រមានថា អូមីក្រុង មិនគួរត្រូវបានចាត់ទុកជាប្រភេទស្រាលនោះឡើយ ព្រោះវាកំពុងធ្វើឱ្យអ្នកជំងឺឈឺសម្រាកនៅមន្ទីរពេទ្យ មិនតែប៉ុណ្ណោះវាក៏កំពុងឆក់យក.ជី.វិតមនុស្សដូចគ្នាដែរ៕