ឱកាសមាស! លោក ហ្វីលីព ប្រកាសបើកថ្នាក់វិជ្ជាគុណសម្តែង ដល់ក្មេងជំនាន់ក្រោយ ព្រមទាំង…

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ កាលពីប៉ុន្មានម៉ោងមុននេះបន្តិច ផលិតករល្បីឈ្មោះ លោក សាវិន ហ្វីលីព ប្រកាសចង់ផ្ទេរវិជ្ជាគុណផ្ទាល់ខ្លួនរបស់លោក ជូនដល់ក្មេងជំនាន់ក្រោយ ដែលស្រលាញ់នូវវិស័យសិល្បៈសម្តែង ពោលគឺ ផលិតកររូបនេះ នឹងបើកថ្នាក់បណ្តុះបណ្តាលសម្តែងវគ្គខ្លីមួយ។
ក្នុងនោះ បើតាមការបញ្ជាប់របស់លោក វគ្គសិក្សាផ្នែកសម្តែងភាពយន្តវគ្គខ្លីនេះ មានរយៈពេលប្រមាណ ៨ សប្តាហ៍ ដែលមានរយៈពេល៣២ ម៉ោង នៃការសិក្សា ដោយក្នុងនោះ លោកមានបំណងចង់ចែករំលែកនូវបទពិសោធន៍ ក្នុងវិស័យសម្តែងដែលលោកធ្លាប់បានឆ្លងកាត់ជាច្រើនឆ្នាំកន្លងមក ដែលនឹងបង្ហាត់ដោយលោក សាវិន ហ្វីលីពផ្ទាល់តែម្តង។
ក្នុងនោះ បើតាមសំណេររបស់លោក សាវិន ហ្វីលីព បានសរសេររៀបរាប់ដូច្នេះថា៖ជួយស៊ែផង! ខ្ញុំនឹងបើកថ្នាក់បណ្ដុះបណ្ដាលសម្ដែងភាពយន្តវគ្គខ្លីមួយ( ៨សប្ដាហ៍- ៣២ម៉ោង ) ដើម្បីចែករំលែកបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យសម្ដែងដែលខ្ញុំបានឆ្លងកាត់វា ។ វគ្គនេះនឹងបង្វឹកដោយខ្ញុំផ្ទាល់ហេីយក៍នឹងមានតារាល្បីឈ្មោះផ្សេងទៀតចូលរួមផងដែរ។ យើងនឹងចាប់ផ្ដើមនៅដើមខែកុម្ភៈ២០២២ខាងមុខនេះហើយ។ វាជាដំណឹងល្អមួយសំរាប់បងប្អូនកូនក្មួយទាំងទ្បាយណាដែលមានបំណងចង់ក្លាយជាតារាសម្ដែងអាជីពល្បីឈ្មោះក្នុងពេលអនាគត។ ទាក់ទងខ្ញុំផ្ទាល់តាមតេលេក្រាម : 017 47 7878 ដើម្បីចុះឈ្មោះ។ដោយឡែក ក្រោយពីបានឃើញបែបនេះ មហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម សម្តែងការសាទរ និងគាំទ្រ ចំពោះបំណងចង់ផ្ទេរវិជ្ជាគុណផ្នែកសម្តែងជូនដល់ក្មេងជំនាន់ក្រោយ របស់ផលិតករ លោក សាវិន ហ្វីលីព៕