មកទម្លាយមូលហេតុដែលមិនគួររៀបការជាមួយបងប្អូនជីដូនមួយ

មកទម្លាយមូលហេតុដែលមិនគួររៀបការជាមួយបងប្អូនជីដូនមួយ

យល់ដឹង៖ ជឿជាក់ថា ប្រិយមិត្ត ពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋខ្មែរមួយចំនួនប្រាកដជាធ្លាប់បានទទួលជ្រាបអំពីតំណហាមប្រាមមួយចំនួន ទាក់ទងនឹងចំណងអាពាហ៍ពិពាហ៍រវាងបងប្អូនជីដូនមួយ ដែលជាប់សាច់សាលោហិតជាមួយគ្នា រហូតមានមតិចំនួនបានលើកឡើងថាការរៀបការជាមួយបងប្អូនឯង ជាពិសេសបងប្អូនជីដូនមួយ បានកូនមកល្ងង់ រៀនមិនចេះ មិនសូវឆ្លាត ឧស្សាហ៍ឈឺ រាងកាយមិនសូវរឹងមាំថែមទៀតផង។
យ៉ាងណាមិញ បើយោងតាមសម្រង់លទ្ធផលនៃការស្រាវជ្រាវពីគេហទំព័រសារព័ត៌មានដ៏ល្បីរបស់ឥណ្ឌា The Hindu បានធ្វើការបកស្រាយជុំវិញបញ្ហាខាងលើនេះ យ៉ាងដូច្នេះថា៖

យោងតាមការសិក្សាបែបវិទ្យាសាស្រ្ត ដោយផ្អែកលើសេនេទិច និងសែននៃគូស្វាមី-ភរិយា ក្នុងចំណងអាពាហ៍ពិពាហ៍រវាងបងប្អូនជីដូនមួយ អាចនាំឱ្យមានបញ្ហាសុខភាពដល់កុមារដែលកើតចេញពីឪពុកម្តាយ ជាបងប្អូនបង្កើត ឬជីដូនមួយនឹងគ្នា ដោយអាការ:របស់ទារកនឹងបង្ហាញឱ្យឃើញពីភាពមិនប្រក្រតីចាប់តាំងពីកើតមក ឬនៅក្នុងផ្ទៃម្តាយតែម្តង។ ទារកដែលកើតចេញពីអាពាហ៍ពិពាហ៍បែបនេះអាចប្រឈមមុខនឹងបញ្ហាច្រើនពីកំណើត។ ក្នុងនោះបញ្ហាបេះដូងជាប់ចំណាត់ថ្នាក់លេខមួយ តាមពីក្រោយដោយជំងឺសរសៃប្រសាទ និងភាពមិនប្រក្រតីនៃអវយវៈ ដែលទារកអាចកើតមកមានពិការភាព ឬមានលើសអវយវៈជាដើម។

ការសិក្សាដដែលបានបង្ហាញថាប្រព័ន្ធ Gotram ឬការរៀបអាពាហ៍ពិពាហ៍ចម្រុះជាតិសាសន៍ ឬសាច់ឆ្ងាយ មានសុវត្ថិភាពជាងការរៀបការជាមួយបងប្អូនជីដូនមួយ។ វាជាការពិតហើយថា “ចម្ងាយហ្សែន” ឬនៅក្នុងភាសាជីវវិទ្យាឲ្យឈ្មោះថាការបង្កាត់ឆ្ងាយ ដែលនៅក្នុងន័យនរភាសាថា ការរៀបការជាមួយអ្នកដទៃក្រោយពីបងប្អូនឯង ផ្តល់ឲ្យនូវកូនដែលមានសុខភាពល្អ និងប្រាជ្ញាវៀងវៃជាងទារកដែលកើតចេញពីឪពុកម្តាយជាបងប្អូនបង្កើត ឬជាបងប្អូនជីដូនមួយនឹងគ្នា។

ដូច្នេះប្រសិនបើអ្នកមានគម្រោងក្នុងការរៀបអាពាហ៍ជាមួយបងប្អូនបង្កើត ឬបងប្អូនជីដូនមួយ អ្នកគួរគប្បីទៅធ្វើការពិភាក្សាជាមួយក្រុមគ្រូពេទ្យឯកទេសជំនាញជាមុនសិន ដើម្បីបង្ការហានិភ័យនៅថ្ងៃអានាគត៕
ប្រភព៖ សូមចុចទីនេះ(The Hindu)