រលកទី៥កាន់តែខ្លាំង! ថៃ ត្រៀមគ្រែព្យាបាលជាង ៥០ ម៉ឺនគ្រែ ក្រោយ កូវីដ-១៩ កំពុងផ្ទុះឡើងម្ដងទៀត

គិតមកទល់បច្ចុប្បន្ននេះ វីរុសកាចសាហាវកូវីដ-១៩ ហាក់នៅតែជាបញ្ហាធំចម្បង សម្រាប់រាល់បណ្តាប្រទេសជុំវិញពិភពលោក។ ក្នុងនោះប្រទេសថៃ ក៏ហាក់កំពុងឈឺក្បាល ដុតដៃដុតជើងយកចិត្តទុកដាក់លើបញ្ហានេះដូចគ្នា ជាពិសេសចំពោះប្រភេទវីរុសបំប្លែងថ្មី អូមីក្រុង។មន្ត្រីសុខាភិបាលថៃលោក Somsak Akksilp បានរាយការណ៍ឱ្យដឹងថា ៖ «ស្ថានភាពកូវីដ-១៩ ក្នុងប្រទេសថៃបាននឹងកំពុងធ្លាក់ចូលក្នុងរលកទី ៥ នៃជំងឺកូវីដ-១៩ ហើយ ដោយការឆ្លងអាចនឹងផ្ទុះកើតឡើង ដល់ខ្ទង់ម៉ឺននាក់នឹងវិលត្រឡប់មកវិញក្នុងពេលឆាប់ៗនេះ ព្រោះតែវីរុសបំប្លែងថ្មីបានវាយលុកចូលក្នុងសហគមន៍រួចហើយ»។ «ហើយអ្វីដែលពួកយើងកំពុងត្រៀមរៀបចំនៅពេលនេះ គឺគ្រែព្យាបាលដែលមានចំនួនជាង ៥២ ៣០០ គ្រែទូទាំងប្រទេស ក្នុងនោះ ២៥ ៨២៨ គ្រែ គឺមានទីតាំងតាមមណ្ឌល

ព្យាបាល និង មន្ទីរពេទ្យក្នុងក្រុងបាំងកក។ យ៉ាងណាមិញ ប្រសិនបើករណីអ្នកជំងឺឆ្លង ឬក៏មានកម្រិតស្រាល យើងនឹងអនុញ្ញាតឱ្យពួកគេព្យាបាលតាមផ្ទះ ហើយសង្ឃឹមថាពួកយើងអាចគ្រប់គ្រងស្ថានការណ៍នេះបាន ដូចពួកយើងធ្លាប់ធ្វើពីមុនៗ។ ចំពោះបញ្ហាការបិទខ្ទប់ បិទច្រកព្រំដែន ឬ បន្តឹងវិធានការចំពោះអ្នកទេសចរណាមួយនោះ គឺអាស្រ័យលើថ្នាក់លើជាអ្នកសម្រេច។ ខាងក្រុមសុខាភិបាលគឺផ្តោតតែលើការព្យាបាល និង ទប់ស្កាត់កុំឱ្យតែមានការកើនឡើងការឆ្លងតែប៉ុណ្ណោះ»។គួរបញ្ជាក់ឱ្យដឹងដែរថា នៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២២ នេះ ថៃបានរកឃើញករណីឆ្លងថ្មីចំនួន ៥ ៧៧៥ ករណី។ ខណៈពេល ដែលអ្នកឆ្លងវីរុសប្រភេទបំប្លែងថ្មី អូមីក្រុង សរុបបានកើនឡើងដល់ ២ ០៦២ នាក់ទូទាំងប្រទេស៕
ប្រភព៖ Khaosod