គួរដោះលែងឬយ៉ាងណា? ការបារម្ភក្លាយជាសម្ពាធសម្រាប់មនុស្សប្រុសទៅវិញ

យល់ដឹង៖ វាមិនមែនជារឿងដែលចម្លែកអ្វីណាស់ណានោះទេ នៅពេលដែលមនុស្សប្រុស និងមនុស្សស្រីមានការយល់ឃើញខុសគ្នា ជាពិសេសចំពោះមនុស្សប្រុស គឺតែងតែមានការយល់ខុស ចំពោះទង្វើរបស់មនុស្សស្រីដែលបានធ្វើដាក់ពួកគេ ទាំងដែលមនុស្សស្រីធ្វើ ក៏ព្រោះតែស្រលាញ់ និងបារម្ភ តែបែរជាត្រូវបានមនុស្សប្រុសយល់ឃើញថាជាការដាក់សម្ពាធទៅវិញ។

ដូច្នេះហើយ ទង្វើមួយចំនួន ដែលមនុស្សស្រីតែងតែចូលចិត្តធ្វើ ដោយសារតែការព្រួយបារម្ភ ចំពោះមនុស្សប្រុសដែលពួកគេស្រលាញ់ តែទង្វើទាំងអស់នោះ បែរជាត្រូវបានមនុស្សប្រុស យល់ថាវាជាការដាក់សម្ពាធ និងជារឿងដ៏គួរឱ្យធុញទ្រាន់សម្រាប់ពួកគេទៅវិញ ទាំងដែលមនុស្សស្រីធ្វើក៏ព្រោះតែស្រលាញ់ និងការព្រួយបារម្ភតែប៉ុណ្ណោះ។

ទង្វើដែលស្រីៗតែងធ្វើ គិតថាជាការព្រួយបារម្ភ តែប្រុសៗយល់ថាជាការដាក់សម្ពាធ៖
១. ហាមមិនឱ្យញុំាគ្រឿងស្រវឹង
មនុស្សស្រីមិនមែនចេះតែហាមនេះហាមនោះខុសទំនងនោះទេ នាងក៏មានហេតុផលក្នុងការហាមដែរ ដូច្នេះហើយ ប្រសិនបើមនុស្សស្រីហាមមនុស្សប្រុស មិនឱ្យញុំាគ្រឿងស្រវឹង នោះគឺបានន័យថានាងព្រួយបារម្ភពីសុខភាព និងសុខសុវត្ថិភាពតាមផ្លូវ របស់មិត្តប្រុសរបស់នាង ប៉ុន្តែការហាមឃាត់របស់មនុស្សស្រីបែបនេះ បែរជាធ្វើឱ្យមនុស្សប្រុសមួយចំនួនយល់ថា វាជាការដាក់សម្ពាធទៅលើពួកគេទៅវិញ។

២. ទៅណាមកណា តែងចង់ទៅជាមួយ
មនុស្សប្រុសតែងយល់ថា នៅពេលដែលមានមិត្តស្រីជាមនុស្សដែលចូលចិត្តទៅតាមស្ទើរតែគ្រប់កន្លែងនោះ វាគឺជាការបិទសិទ្ធ និងជាការដាក់សម្ពាធទៅលើពួកគេជាខ្លាំង ដោយទង្វើដែលមនុស្សស្រីភាគច្រើនធ្វើនេះ គឺមកពីស្រលាញ់ និងព្រួយបារម្ភ ពីមនុស្សប្រុសដែលពួកគេស្រលាញ់សោះ តែបែរជាត្រូវបានមនុស្សប្រុស ដែលជាមិត្តប្រុសពួកគេ គិតថាវាជាការដាក់សម្ពាធ ទាំងដែលតាមពិតទៅ អ្វីគ្រប់យ៉ាងដែលមនុស្សស្រីធ្វើ គឺដើម្បីតែមនុស្សដែលនាងស្រលាញ់ប៉ុណ្ណោះ។

៣. ទាមទារពេលវេលា
វាមិនមែនជារឿងដែលខុសនោះទេ ប្រសិនបើមនុស្សស្រី តែងតែទាមទារពេលវេលា ពីមនុស្សប្រុសដែលនាងស្រលាញ់នោះ ព្រោះមនុស្សស្រលាញ់គ្នា គឺរមែងតែងតែចង់មានពេលវេលានៅក្បែរគ្នាអញ្ចឹងហើយ តែការទាមទារពេលវេលារបស់មនុស្សស្រី ចំពោះមនុស្សប្រុសបែបនេះ គឺត្រូវបានមនុស្សប្រុសយល់ថាជាការដាក់សម្ពាធដ៏គួរឱ្យធុញទ្រាន់ តែមនុស្សប្រុសមិនដឹងដឹងទេថា ពេលដែលបាត់បង់មនុស្សស្រីប្រភេទនេះហើយ ពួកគេច្បាស់ជាស្តាយក្រោយ។

៤. ចាត់ទុកសំខាន់ខ្លាំងពេក
ដោយសារតែការស្រលាញ់ និងព្រួយបារម្ភក្នុងការខ្លាចបាត់បង់មនុស្សប្រុសដែលខ្លួនស្រលាញ់ ទើបបានជាមនុស្សស្រី ចូលចិត្តបញ្ចេញសកម្មភាពធ្វើជាម្ចាស់ជីវិតមនុស្សប្រុស ពេលខ្លះក៏អាចលើសលប់បន្តិចដែរ តែនោះក៏ដោយសារតែសេចក្តីស្រលាញ់ ដែលមនុស្សស្រីមានចំពោះមិត្តប្រុសរបស់ពួកគេ ប៉ុន្តែទង្វើទាំងនេះ តែងតែត្រូវបានមនុស្សប្រុសយល់ថា វាជាការដាក់សម្ពាធដ៏គួរឱ្យធុញទ្រាន់ទៅវិញ ទាំងដែលមនុស្សស្រីធ្វើក៏ព្រោះតែស្រលាញ់ និងខ្លាចបាត់បង់តែប៉ុណ្ណោះ។

៥. មិនចង់ឱ្យសេពគប់មិត្តភក្តិណាដែលមិនល្អ
មនុស្សប្រុសភាគច្រើនតែងតែយល់ថា ពេលដែលមិត្តស្រីរបស់ពួកគេ ហាមពួកគេមិនឱ្យមានទំនាក់ទំនង ជាមួយនឹងមិត្តភក្តិណាម្នាក់នោះ ពួកគេស្រាប់តែយល់ថាមនុស្សស្រី គឺកំពុងតែដាក់សម្ពាធ និងធ្វើជាម្ចាស់ជីវិពួកគេហើយ ទាំងដែលអ្វីដែលមនុស្សស្រីធ្វើទាំងអស់នោះ គឺព្រោះតែស្រលាញ់ និងមិនឱ្យមនុស្សប្រុស ដែលគេស្រលាញ់ត្រូវដើរផ្លូវខុស ឬមានបញ្ហាតែប៉ុណ្ណោះ តែបែរជាត្រូវបានមនុស្សប្រុសភាគច្រើន យល់ថាវាជាការដាក់សម្ពាធ ដ៏គួរឱ្យធុញទ្រាន់ទៅវិញ៕