ក្រសួងប្រកាសចាក់វ៉ាក់សាំងដូសទី៤ ដល់ក្រុមមនុស្សទាំងអស់នេះ មុនគេបង្អស់នៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២កន្លងមកម្សិលមិញនេះ លោកជំទាវ ឱ វណ្ណឌីន បានមានប្រសាសន៍ថា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២នេះ គណៈប្រចាំការដែលដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ដែលជាប្រធានគណៈប្រចាំការនៅគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ នឹងមានការប្រជុំគ្នានូវកិច្ចប្រជុំពិភាក្សាការរៀបចំផែនការនិងចំណុចសំខាន់មួយចំនួនពាក់ព័ន្ធនឹងការផ្តល់វ៉ាក់ស៊ាំងដូសទី៤។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគ.វ.ក បានឱ្យបង្ហើបអំពីការចាក់ដូសទី៤នៅក្នុងប្រទេសកម្ពុជា និងប្រាប់អំពីក្រុមមនុស្សដែលនឹងត្រូវចាក់វ៉ាក់ស៊ាំងដូសទី៤នេះដំបូងគេបំផុតផងដែរ។

លោកជំទាវ ឱ វណ្ណឌីន បានបន្ថែមទៀតថា “ការៀបចំផែនការផ្តល់វ៉ាក់ស៊ាំងដូសទី៤នេះ ជូនទៅដល់មន្រ្តីជួរមុខ ជាពិសេសក្រុមគ្រូពេទ្យជួរមុខ ហើយនឹងក្រុមដែលមានហានិភ័យខ្ពស់ ព្រមទាំងអាជ្ញាធរមូលដ្ឋានជាដើម។ ផែនការនេះនឹងធ្វើការប្រជុំពិភាក្សាគ្នា ហើយគណៈកម្មការនឹងរៀបចំសំណើរអំពីការសម្រេចពីអង្គប្រជុំ ស្នើរទៅកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា។