ស្រវឹងស្រា ចេញហិង្សា! សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ប្រើអំពើហិង្សាលើមិត្តភក្តិបណ្តាលឲ្យបាក់ស្មងជើង

បន្ទាយមានជ័យ ៖ មានករណីហិង្សាដោយចេតនាមួយកើតឡើង នាវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែមកករា ឆ្នាំ២០២២ ចំណុចភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យបុរសម្នាក់រងរបួសបាក់ស្មងជើង ចំណែកជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។
លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុថ្មពួក បានឲ្យដឹងថា ជនដៃដល់ឈ្មោះ ម៉ន រដ្ឋា ភេទប្រុស អាយុ៣៩ឆ្នាំ ។ ចំណែកជនរងគ្រោះឈ្មោះ ជា សាម៉ុន ភេទប្រុស អាយុ៣២ឆ្នាំ ទាំង០២នាក់ជាមិត្តភក្តិនឹងគ្នា នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបញ្ជាក់ថា តាមការសាកសួរចម្លើយពីជនដៃដល់ និយាយថា ពួកគេទាំង២នាក់ ជាមិត្តភក្តិនឹងគ្នា ។ នៅមុនពេលកើតហេតុ គេបានបបួលជនរងគ្រោះមកផឹកស៊ីនៅផ្ទះរបស់ខ្លួន ដោយស្រវឹងខ្លាំងជនរងគ្រោះបានដេកលក់ ខណៈនោះរូបគេបានយកដែកស្បែងទំហំមុខកាត់ប្រហែល២០លីនិងប្រវែង៦០សង្ទីម៉ែត្រវាយចំជើងជនរងគ្រោះចំនួន០៣ដង បណ្តាលអោយបាក់ស្មងជើងខាងឆ្វេង ។ ជនដៃដល់បន្តថា មូលហេតុដោយសារតែខ្លួនខឹងនឹងជនរងគ្រោះបានលួចបន្តោងខ្សែករូបព្រះធ្វើអំពីប្រាក់កាក់របស់ខ្លួនជាច្រើនលើកច្រើនសារ ។

លោកវរសេនីយ៍ទោ ឈឿន គឹមឈុន បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀតបានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនដៃដល់អនុវត្តតាមនិតិវិធី។ ចំណែកជនរងគ្រោះ បានដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពបឹងត្រកួន តែដោយរបួសធ្ងន់ធ្ងរបានបន្តដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ៕