វេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ មិនមានករណីម.រ.ណ.ភាពដោយសារវីរុសមីអូមីក្រុង នៅកម្ពុជាទេ

វេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ មិនមានករណីម.រ.ណ.ភាពដោយសារវីរុសមីអូមីក្រុង នៅកម្ពុជាទេ

ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានថ្លែងនៅល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ថា ករណីវីរុសបំប្លែងថ្មី អូមីក្រុង ដែលបាននិងកំពុងនាំចូលមកកម្ពុជាជាបន្តបន្ទាប់នាពេលថ្មីៗនេះ ពិតមែនតែជាវីរុសបំប្លែងថ្មីដែលមានសមត្ថភាពឆ្លងរហ័ស តែគិតមកទល់ថ្ងៃនេះ មិនមានករណីមរណភាពដោយសារវីរុសបំប្លែងថ្មី អូមីក្រុង នៅកម្ពុជានោះទេ ហើយស្ថានភាពរបស់អ្នកជំងឺក៏មិនមានអ្វីគួរឱ្យកត់សម្គាល់នោះដែរ។ លោកជំទាវវេជ្ជបណ្ឌិត បានបញ្ជាក់បន្ថែមថា ករណីអូមីក្រុងនៅកម្ពុជា

គិតមកត្រឹមថ្ងៃនេះ មានចំនួនសរុប ៧៥ករណី ហើយក៏មានការព្យាបាលបានជាសះស្បើយជាបន្តបន្ទាប់ផងដែរ។ដោយឡែក ពាក់ព័ន្ធនឹងករណីអ្នកដែលក្រុមគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំង ចំនួន ៧ម៉ឺននាក់ ដោយមូលហេតុផ្សេងៗនោះ លោកជំទាវ ឱ វណ្ណឌីន បានមានប្រសាសន៍ថា៖ “នៅពេលបើកយុទ្ធនាការចាក់វ៉ាក់សាំងកាលពីពេលកន្លងមក មានការរាយការណ៍ពីទីតាំងចាក់វ៉ាក់សាំងថា មានបុគ្គលមួយចំនួនដែលមានបញ្ហាសុខភាព ហើយដែលពេលនោះក្រុមគ្រូពេទ្យពុំទាន់អនុញ្ញាតឱ្យចាក់ ប៉ុន្តែនៅពេលបន្តបន្ទាប់មកទៀត បងប្អូនប្រជាពលរដ្ឋទាំងនោះមួយចំនួនធំលើសលប់ បានវិលត្រលប់មកចាក់វ៉ាក់សាំងវិញ ហើយមានតិចតួចប៉ុណ្ណោះ ដែលគ.វ.ក១៩ បាននិងកំពុងជំរុញពួកគាត់ឱ្យមកទទួលវ៉ាក់សាំងឡើងវិញ។ ដោយសារតែពួកគាត់វិលត្រលប់នេះហើយ ទើបតួលេខនៃការចាក់វ៉ាក់សាំងក្នុងចំណោម ១០លាននាក់នេះ បានបន្តកើនឡើងជាបន្តបន្ទាប់លើសពីគោលដៅដែលបានកំណត់”។

លោកជំទាវ បានបន្ថែមថា តួលេខនេះតាមពិតគឺត្រូវទូទាត់មុនដំណាច់ឆ្នាំ២០២១ ប៉ុន្តែគ.វ.ក១៩ យល់ឃើញថានឹងទូទាត់នៅដើមឆ្នាំ២០២២នេះវិញ ទើបតួលេខនេះពុំទាន់បានដកចេញ ហើយនៅពេលនេះ គ.វ.ក១៩ បានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រីរួចហើយ នៅក្នុងករណីនេះ។ ចំណែកចំពោះការចាក់ដូសទី៤វិញ លោកជំទាវ បានបញ្ជាក់ដោយខ្លីថា៖ “គណៈប្រចាំការ នឹងប្រជុំគ្នាអំពីបញ្ហានេះនៅថ្ងៃស្អែក ហើយនឹងធ្វើរបាយការណ៍គោរពជូនសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល សម្រេចដ៏ខ្ពង់ខ្ពស់ សម្រាក់ការចាក់ដូសទី៤នេះ”៕