លោកអើយ! អ៊ីស្រាអែល រកឃើញមេរោគថ្មីឈ្មោះ Florona ជាករណីលើកដំបូង

លោកអើយ! អ៊ីស្រាអែល រកឃើញមេរោគថ្មីឈ្មោះ Florona ជាករណីលើកដំបូង

អ៊ីស្រាអែល៖ ខណៈពេលដែល ការរីករាលដាលយ៉ាងឆាប់រហ័សនៃមេរោគបំប្លែងខ្លួនថ្មី Omicron បន្តរកឃើញ នៅទូទាំងពិភពលោក ស្រាប់តែ ជំងឺមួយផ្សេងទៀតត្រូវបានរកឃើញនៅក្នុងប្រទេសអ៊ីស្រាអែល។
ក្នុងនោះ អ៊ីស្រាអែល បានរកឃើញករណីដំបូងរបស់ខ្លួននៃមេរោគ ‘Florona’ នៅថ្ងៃសុក្រ ថ្ងៃទី 31 ខែធ្នូឆ្នាំ 2021 នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន Arab News។ ក្នុងនោះ សារព័ត៌មានអារ៉ាប់ បានបង្ហោះនៅលើបណ្តាញសង្គម Twitterថា “អ៊ីស្រាអែលកត់ត្រាករណីដំបូងនៃជំងឺថ្មីឈ្មោះ florona គឺជាការឆ្លងពីរដងបញ្ចូលគ្នារវាងកូវីដ១៩និងគ្រុនផ្តាសាយ”។

យោងតាមប្រភពសារព័ត៍មានដដែល បានឱ្យដឹងថា ស្ត្រីមានផ្ទៃពោះម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសម្រាលកូន ហើយត្រូវបានគេរកឃើញថាមានផ្ទុកមេរោគ ‘Florona’ ។ ជាការកត់សម្គាល់ ស្ត្រីនោះមិនត្រូវបានចាក់វ៉ាក់សាំងទេ ហើយមានរោគសញ្ញាខ្លះស្រដៀងនឹងជំងឺកូវីដ-១៩។សូមជម្រាបថា មេរោគថ្មី ‘florona’ គឺជាការឆ្លងពីរដងបញ្ចូលគ្នានៃជំងឺកូវីដ១៩ និងគ្រុនផ្តាសាយ។ ជំងឺថ្មីនេះ កើតលើរាងកាយមនុស្សឆ្លងជំងឺផ្តាសាយ និងជំងឺកូវីដ១៩ក្នុងពេលតែមួយ។ ហើយនេះក៏ ការថយចុះនៃភាពស៊ាំនៅក្នុងរាងកាយរបស់មនុស្សដែលត្រូវបានវាយប្រហារដោយមេរោគពីរក្នុងពេលដំណាលគ្នា។

ទន្ទឹមនឹងនេះ អ្នកវិទ្យាសាស្ត្រអ៊ីស្រាអែលនៅតែកំពុងសិក្សាសំណាកមេរោគ ‘florona’ ដើម្បីទាញយកព័ត៌មានលម្អិតបន្ថែម។ បន្ថែមពីនេះ រោគសញ្ញារបស់ Florona រួមមាន៖ គ្រុនក្តៅ ឈឺខ្លួន ក្អក កណ្តាស់ ឈឺក ដកដង្ហើមខ្លី អស់កម្លាំង ឈឺក្បាល ចង្អោរ ក្អួត រាគ និងកន្ទួល (ចំពោះកុមារ)។
រហូតមកដល់ពេលនេះ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសរកឃើញមេរោគថ្មី កន្លងមក មានដូចជា – អាល់ហ្វា បេតា ហ្គាម៉ា ដែលតា និងអូមីក្រុង។ ដោយឡែក ពេលនេះ ស្ត្រីខាងលើ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ហើយស្ថិតក្នុងស្ថានភាពល្អ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលរបស់អ៊ីស្រាអែល នៅតែកំពុងសិក្សាករណីនេះ ដើម្បីមើលថាតើការបញ្ចូលគ្នានៃមេរោគទាំងពីរអាចបង្កឱ្យមានជំងឺច្រើនជាង ឬធ្ងន់ធ្ងរ៕
ប្រភព៖ DNA