ពលរដ្ឋ​កូរ៉េខាងត្បូង​ម្នាក់​​ឆ្លងកាត់​ព្រំដែន​ ចូលទៅ​ប្រទេស​កូរ៉េខាងជើងដែល​វាជា​ការរត់​ចោលស្រុកដ៏​កម្រ

យោធា​កូរ៉េខាងត្បូង​បាន​និយាយ​ថា ពលរដ្ឋ​កូរ៉េខាងត្បូង​ម្នាក់​បាន​ឆ្លងកាត់​ព្រំដែន​ដែលមាន​ការ​យាមកាម​យ៉ាង​តឹងរ៉ឹង ចូលទៅក្នុង​ប្រទេស​កូរ៉េខាងជើងដែល​ទំនងជា​ការរត់​ចោលស្រុកដ៏​កម្រ​។ ​ជនជាតិ​កូរ៉េខាងត្បូង​នេះ​អាច​គេច​ពី​ការ​តាម​ចាប់ខ្លួន​អស់​រយៈពេល​ជាច្រើន​ម៉ោង បើទោះជា​មាន​ប្រតិបត្តិ​ការរុករក​ដោយ​ទាហាន​កូរ៉េខាងត្បូង​ក៏ដោយ​។​

មេទ័ព​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​បាន​និយាយ​ថា ពួកគេ​មិន​ដឹង​ថា តើ​បុគ្គល​នោះ​នៅ​មាន​ជីវិត​ឬ​អត់​នោះ​ទេ ប៉ុន្តែ​បាន​ផ្ញើ​សារ​ទៅកាន់​កូរ៉េខាងជើង​ហើយ​ដោយ​សុំ​ឱ្យ​ពួកគេ​ការពារជន​នោះ​។ កូរ៉េខាងជើង​បាន​អនុវត្ត​គោលនយោបាយ​បាញ់សម្លាប់​ចោល​ ចំពោះ​អ្នក​ដែល​រត់គេច​ចេញពី​ប្រទេសអំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​សកល។​ អគ្គសេនាធិការ​ចម្រុះ​របស់​កូរ៉េខាងត្បូង (JCS) បាន​និយាយ​ថា ​មនុស្ស​ម្នាក់​ត្រូវ​បាន​គេ​រក ឃើញ​នៅតំបន់​គ្មាន​កងទ័ព (DMZ) ដែល​ខណ្ឌ​ចែក​កូរ៉េ​ទាំងពីរ​នៅ​ចំណុច​មួយនៅ​ឆ្នេរសមុទ្រ​ភាគខាងកើត​ នៅម៉ោង​ប្រហែល ២១:២០​ម៉ោង​ក្នុងស្រុកកាលពី​ថ្ងៃ​សៅរ៍​។​

​កាល​ខែកញ្ញា ឆ្នាំ២០២០ ទាហាន​កូរ៉េខាងជើង​បាន​បាញ់ និង​ដុត​មន្ត្រីជលផល​កូរ៉េខាងត្បូង​ម្នាក់ដែល​បាន​បាត់​ខ្លួន​នៅ​សមុទ្រ​។ ហេតុការ​ណ៍​នេះ​បាន​បង្កឱ្យមាន​ចលាចល។ ទីក្រុង​ព្យុងយ៉ាង​បាន​ស្តីបន្ទោស​ច្បាប់​ប្រឆាំង​វីរុស និង​បាន​សុំ​អភ័យទោស​។​ កាលពីពេល​ថ្មីៗ​នេះ​មេដឹកនាំ​កូរ៉េខាងជើងលោក Kim Jong-un បានប្រកាស​អាសន្ន​ទូទាំងប្រទេស​ និង​បិទ​ទីក្រុង​មួយ បន្ទាប់ពី​អ្នករត់​ចោលស្រុក​កូរ៉េខាងជើង​ម្នាក់ដែល​លោក Kim បាន​និយាយថា មាន​រោគសញ្ញា Covid-19 បាន​ឆ្លង​ចូល​ទៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង​ពី​កូរ៉េខាងត្បូង​៕