ដំណឹងល្អ អ្នកនៅ តំបន់អរិយក្សត្រ! បន្តិចទៀត នឹងកសាងស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីភ្នំពេញ ទៅតំបន់អរិយក្សត្រ

ដំណឹងល្អ អ្នកនៅ តំបន់អរិយក្សត្រ! បន្តិចទៀត នឹងកសាងស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីភ្នំពេញ ទៅតំបន់អរិយក្សត្រ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានថ្លែងថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចជួយសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេតភ្ជាប់ភ្នំពេញ ទៅកាន់អរិយក្សត្រ។
ថ្លែងក្នុងឱកាសចូលរួម ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង លោក ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា បានថ្លែងថា ការសម្រេចសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ធ្វើឡើងឆ្លើយតបនឹងសំណើជាចំហររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងក្នុងពិធីបើកការដ្ឋានជួសជុលកែលម្អផ្លូវជាតិលេខ២ និងលេខ២២ កាលពីខែកុម្ភៈ ឆ្នាំ២០២០។

លោកឯកអគ្គរដ្ឋទូតបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េមួយ បានធ្វើការសិក្សាពីលទ្ធភាពក្នុងការសាងសង់ និងបានបញ្ជូនរបាយកាណ៍លទ្ធផល ជូនរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ ហើយផ្អែកលើរបាយការណ៍នេះ រដ្ឋាភិបាលកម្ពុជានឹងធ្វើការសម្រេចលើទីតាំងសាងសង់ និងទ្រង់ទ្រាយរបស់ស្ពានជាដើម។ ប្រជាជនកូរ៉េជាច្រើនមានក្តីសោមស្សរីករាយយ៉ាងខ្លាំង ដែលគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គក្នុងទីក្រុងភ្នំពេញនេះ ទទួលបាននូវចំណាប់អារម្មណ៍

និងមានការចូលរួមពីរាជរដ្ឋាភិបាលកម្ពុជា។ជុំវិញការប្រកាសជួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការអបអរសាទរ ចំពោះសមិទ្ធផលស្ពានថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋរាជធានីភ្នំពេញ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងនូវការអរគុណរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានសម្រេចជួយសាងសង់ស្ពានមួយខ្សែ ឆ្លងកាត់ទន្លេតភ្ជាប់ភ្នំពេញ ទៅកាន់អរិយក្សត្រ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញទៅតំបន់អរិយក្សត្រនេះ អាចនឹងសាងសង់នៅឆ្នាំ២០២២នេះ៕
ប្រភព៖ freshnew