នៅមណ្ឌលចត្តាឡីស័កក៏មិនលើកលែង! បុរសម្នាក់បានស្លាប់ក្រោយជន៣នាក់ទៀតប្រើហិង្សាក្រោយពី….

បាត់ដំបង ៖ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២១និង៣៨នាទី ត្រង់ចំណុចមណ្ឌលធ្វើចត្តាឡីស័ក (រោងចក្រម្សៅមី) ស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីអំពើហិង្សាបង្កឡើងដោយជនសង្ស័យចំនួន ០៣នាក់ បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត ។

ជនសង្ស័យមានឈ្មោះ ១. លី សុខា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិអូបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (រត់គេចខ្លួន) ។ ២.ឈ្មោះ ទិន ស៊ីញៀន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រៃឈៀង ឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង (រត់គេចខ្លួន) និង៣.ឈ្មោះ ម៉ៅ ស៊ីណា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិអង្ក្រង ឃុំអង្ក្រង ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ឃាត់ខ្លួនបាន) បានធ្វើសកម្មភាព យកកាំបិតដាវសាំម៉ូរ៉ៃ និងកូនកាំបិតកាប់ ចាក់ ទៅលើជនរងគ្រោះម្នាក់ឈ្មោះ ជេ ជាក់ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិស្វាយខ្មៅ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅធ្វើចត្តាឡីស័កក្នុងមណ្ឌលជាមួយគ្នា បណ្ដាលឲ្យរងរបួស ចំហៀងខាងឆ្វេង និងស្មា ចំហៀងខាងឆ្វេងចំនួន ០៤កន្លែងធ្ងន់ធ្ងរ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។

ក្នុងករណីនេះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាលដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ យកមកអធិការដ្ឋាននគរបាលស្រុកសំពៅលូន ធ្វើការសាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕