ពោះម៉ាយមិនសំខាន់ តារាប្រុស ៥ រូបនេះ ជះរាងសង្ហាខ្លាំងរហូតធ្វើអោយ…

មហាជនបានជ្រាបហើយថា កន្លងមកមានតារាប្រុសខ្មែរជាច្រើនរូប បន្ទាប់ពីបានសម្រេចចិត្តចូលរោងការសាងគ្រួសារជាមួយនឹងដៃគូយ៉ាងមានសុភមង្គល និង មានអ្នកខ្លះទទួលបានចំណងដៃកូនប្រុសស្រីហើយ ក៏បានជួបនឹងស្នេហ៍ប្រះឆា បែកបាក់គ្នាទៅវិញ ដោយបានបន្សល់ឈ្មោះជាពោះម៉ាយមកដល់សព្វថ្ងៃ។

ថ្ងៃនេះ «ប្រជាប្រិយ» នឹងនាំមហាជនមកដឹងពីពោះម៉ាយរូបសង្ហា ៥ រូប បន្ទាប់ពីបានលែងលះនឹងភរិយា គេសង្កេតឃើញតារាប្រុសទាំងនេះ មិនបានឃើញស្វែងរកគូជីវិតថ្មីនោះទេ ដែលបន្តស្ពាយឈ្មោះមេម៉ាយមកដល់សព្វថ្ងៃ រស់នៅក្នុងជីវិតឯករាជ្យមួយ ដែលពោរពេញដោយភាពរីករាយ ថែមទាំងស្រឡាញ់មើលថែខ្លួនយ៉ាងល្អ និង នៅតែមានរូបរាងស្រស់សង្ហា មិនខុសពីកាលនៅកំលោះនោះឡើយ។ តោះចង់ដឹងថា មាន តារាប្រុសរូបណាខ្លះ សូមតាមដានទាំងអស់គ្នា៖

១. ស៊ុក សុភា

តារាសម្ដែងប្រុស ស៊ុក សុភា ដែលទើបតែស្ពាយឈ្មោះជាពោះម៉ាយ កាលពីថ្មីៗកន្លងទៅនេះ បន្ទាប់ពីភរិយាប្រកាសពីដំណឹងលែងលះគ្នា ក្រោយរួមរស់ជាមួយគ្នាអស់រយៈពេលជាង ១០ឆ្នាំ និង មានចំណងដៃកូនប្រុសស្រីចំនួន ៥ នាក់។ តារាប្រុសរូបនេះ ថ្វីដ្បិតចាកឆ្ងាយពីសិល្បៈទៅសាងគ្រួសារ និង មានកូនជាច្រើន ប៉ុន្តែគេឃើញថា រូបសម្រស់របស់លោកនៅតែស្រស់សង្ហាមិនចាញ់កាលនៅកំលោះ ដែលជាតួឯកប្រុសរូបសង្ហាក្នុងចិត្តមហាជនប៉ុន្មាននោះដែរ។

២. សន ពិសិដ្ឋ

តារាសម្ដែងប្រុស សន ពិសិដ្ឋ ត្រូវបានគេដឹងថា លោកក៏ធ្លាប់រៀបការរួចម្ដងដែរ ដោយទទួលបានកូនស្រីម្នាក់ បន្ទាប់មកក៏បានលែងលះគ្នាជាមួយភរិយាវិញ ដែលបានស្ពាយឈ្មោះជាពោះម៉ាយមកដល់សព្វថ្ងៃនេះ ប៉ុន្តែលោកមិនខ្វល់ស្វែងរកដៃគូថ្មីឡើយ។ ម្យ៉ាងវិញទៀត គេសង្កេតឃើញតារាប្រុសរូបនេះ កំពុងតែក្ដោបបានទីផ្សារសិល្បៈខ្លាំងក្នុងការសម្ដែងខ្សែភាពយន្តជាបន្តបន្ទាប់ ហើយរូបសម្រស់របស់លោក វិញក៏កាន់តែស្រស់សង្ហា មានសាច់ដុំធំៗយ៉ាងទាក់ទាញថែមទៀត។

៣. យ៉ែម សំអូន

តារាចម្រៀងប្រុស យ៉ែម សំអូន បន្ទាប់ពីបានសម្រេចចែកផ្លូវគ្នានឹងភរិយា លោកក៏បានក្លាយជាពោះម៉ាយកូនមួយ ដែលសព្វថ្ងៃលោកមិនបានស្វែងរកដៃគូជីវិតថ្មីនោះទេ ដោយឃើញថាកំពុងតែបន្តអាជីពសិល្បៈរបស់ខ្លួន មានភាពមមាញឹកខ្លាំង។ បើនិយាយពីសម្រស់វិញ តារាប្រុសរូបនេះ មានវ័យច្រើនក្បែរ ៥០ ឆ្នាំទៅហើយ ប៉ុន្តែលោក នៅតែមាំមួនសង្ហាមិនចាញ់តារាស្រករក្រោយប៉ុន្មានឡើយ។

៤. ហ្សូណូ

តារាចម្រៀងប្រុស ហ្សូណូ គេដឹងដែរថា តារារូបនេះ ធ្លាប់បានរៀបការ និង មានកូនស្រីម្នាក់ផងដែរ តែក៏បានលែងលះគ្នាវិញ បន្សល់នូវឈ្មោះជាពោះម៉ាយដល់សព្វថ្ងៃ។ ដោយតារាប្រុសរូបនេះ នៅមិនទាន់មានគូស្នេហ៍ថ្មីនៅឡើយ ដែលកំពុងតែចាយជីវិតជាមួយនឹងការងារសិល្បៈ រីឯរូបសម្រស់របស់លោកនៅតែស្រស់សង្ហាដដែល។

៥. សុវណ្ណ មករា

តារាសម្ដែងប្រុស សុវណ្ណ មករា ដែលមហាជនបានដឹងថា លោកជាអតីតស្វាមីរបស់ពិធីការិនី ឈិន សុធារី ដែលក្រោយពីលែងលះគ្នា លោកបានស្ពាយឈ្មោះជាពោះម៉ាយកូន ២ ហើយពេលនេះ លោកក៏មិនទាន់ស្វែងរកអ្នកស្អំបេះដូងថ្មីនៅឡើយ ហើយក៏មិនបានឃើញវត្តមានរបស់លោកក្នុងវិស័យសិល្បៈទៀតដែរ ប៉ុន្តែគេសង្កេតឃើញថា តារាប្រុសរូបនេះនៅតែមានរូបរាងស្រស់សង្ហាដដែល បើទោះបីជា សព្វថ្ងៃរៀងប្រែប្រួលរូបសម្រស់ មានសាច់ឈាមជាងមុនបន្តិចមែន៕