អ្នកគាំទ្រជាច្រើនចូលរួមទស្សនាសិល្បៈល្ខោនស្រមោលស្បែកធំ ក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ

 ក្រុមសិល្បៈល្ខោនស្រមោលស្បែកធំរបស់វត្តរាជបូណ៌ ក្រុងសៀមរាប បានចូលរួមសម្តែងល្ខោនស្រមោលស្បែកធំ ជូនសាធារណៈជនទស្សនា នៅបរិវេណព្រះលានជល់ដំរី ក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ ដោយទទួលបានការគាំទ្រពីមហាជនមកពីគ្រប់ទិសទី។

មនុស្សម្នាជាច្រើនកុះករបានចូលរួមទស្សនាដោយផ្ទាល់ពីការសម្តែងសិល្បៈល្ខោនស្រមោលស្បែកធំរបស់ក្រុមសិល្បៈវត្តរាជបូណ៌ នៅបរិវេណព្រះលានជល់ដំរី ក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ ដោយម្នាក់ៗអួតសរសើរមិនដាច់ពីមាត់ពី ភាពសម្បូរបែបនៃសិល្បៈបុរាណខ្មែរ ដែលដូនតាបាន បន្សល់ទុកមកដល់សព្វថ្ងៃនេះ។ នៅថ្ងៃទី១នៃព្រឹត្តិការណ៍រំលឹកគុណអង្គរដែលត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ក្រុមសិល្បៈល្ខោនស្រមោលស្បែកធំរបស់វត្តរាជបូណ៌ បានសម្តែងរឿងរាមកេរ្តិ៍ ត្រង់វគ្គ ព្រះរាមកថ្នល់ ខណៈថ្ងៃទី១៥ ខែធ្នូ សម្តែងល្ខោនស្បែកតូច រឿងមន្តស្នេហ៍លិនថោង និងនៅថ្ងៃទី១៦ ខែធ្នូ សម្តែងល្ខោនស្បែកធំ រឿងរាមកេរ្តិ៍ត្រង់ វគ្គ សរនាគកបាស។

 

សូមបញ្ជាក់ថា ដើម្បីអបអរសា ទរ ព្រឹត្តិការណ៍រំលឹកគុណអង្គរ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដែលរៀបចំឡើង ដោយអាជ្ញាធរជាតិអប្សរា និងដើម្បីចូលរួមចំណែកលើកស្ទួយវប្បធម៍អរូបីនៃមនុស្សជាតិផង នោះ ក្រៅពីការសម្តែងសិល្បៈល្ខោនស្រមោលស្បែកធំ ក៏មានកម្មវិធី ពិព័រណ៍បង្ហាញសមិទ្ធផលការងាររយ:ពេល២៩ឆ្នាំកន្លងមករបស់អាជ្ញាធរជាតិអប្សរា និងស្នាដៃសិល្បៈផ្សេងៗ ដែលជាទំនៀមទម្លាប់ប្រពៃណី និងកម្មវីធីសម្តែងសិល្បៈ ល្ខោនបាសាក់ ដែលមានប្រជាពលរដ្ឋចូលទស្សនាគាំទ្រយ៉ាងច្រើនដូចៗគ្នា ក្នុងន័យជួយលើកកម្ពស់វិស័យវប្បធម៌ជាតិឱ្យបានរុងរឿងតទៅមុខទៀត៕