WHO ព្រមានថា «Omicron» កំពុងឆ្លងរាលដាលយ៉ាងលឿនរហ័ស ក្នុងអត្រាមួយមិនធ្លាប់មានពីមុនមក

(ហ្សឺណែវ)៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានព្រមានថាវីរុស COVID-19 បំប្លែងថ្មី Omicron កំពុងឆ្លងរាលដាលយ៉ាងលឿនរហ័ស នៅក្នុងអត្រាមួយមិនធ្លាប់មានពីមុនមក បើធៀបទៅនឹងវីរុសបំប្លែងថ្មីដទៃ។

ការព្រមានរបស់លោក Tedros ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយតាមប្រព័ន្ធអនឡាញ នៅថ្ងៃអង្គារសប្ដាហ៍នេះជាមួយការបញ្ជាក់ដែរថាវីរុសបំប្លែងថ្មី Omicron ទំនងជាមានវត្តមានរួចទៅហើយ នៅតាមបណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក។

បើតាមលោកប្រមុខអង្គការ WHO មកទល់នឹងបច្ចុប្បន្ន, ប្រទេសចំនួន៧៧ហើយ បានរាយការណ៍ពីករណីឆ្លងវីរុសបំប្លែងថ្មី Omicron។ តែលោកជឿថាវីរុសបំប្លែងថ្មីនេះ មានវត្តមាននៅតាមប្រទេសមួយភាគធំ រួចទៅហើយ ដោយគ្រាន់តែមិនទាន់មានការទទួលស្គាល់ករណីឆ្លងជាផ្លូវការតែប៉ុណ្ណោះ៕

ប្រភព៖​​​​​​ Reuters