គគ្លើនណាស់! ក្រុមជើងខ្លាំង វាយគ្នា ដុតម៉ូតូហុយជុក នៅជ្រោយចង្វារ ត្រូវបានអាវុធហត្ថឃាត់បានខ្លះហើយ!

ភ្នំពេញ៖ ករណីក្មេងស្ទាវពីរក្រុមបានដេញវាយគ្នា ដោយអ្នកចាញ់រត់ចោលម៉ូតូ រីឯអ្នកឈ្នះមិនអស់ចិត្តលើកយកម៉ូតូមួយគ្រឿងទម្លាក់ចោលចូលច្រាំងទន្លេ រួចយកសាំងចាក់ដុតម៉ូតូកម្ទេចចោល ផ្អើលអស់អ្នកភូមិ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១និង៣០នាទី យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមាត់ទន្លេត្រើយម្ខាង ម្ដុំសណ្ឋាគារសុខា ស្ថិតក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ហេតុការណ៍កើតឡើងមិនបាន ២៤ម៉ោងផង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានបើកការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ជាបន្តបន្ទាប់។
ជនសង្ស័យទាំងបីនាក់មានឈ្មោះ ៖

ទី១ ឈ្មោះ កើ សាក់រ៉នី ហៅ សាក់ណី (ជាជនដៃដល់) ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ដឹកសាច់គោ ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិ២ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។
ទី២ ឈ្មោះ សាន់ ហាណ្ណហ៊ី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបររត់តុ ជាអ្នកចូលរួមធ្វើសកម្មភាព។
ទី៣ ឈ្មោះ ហៀង សុវណ្ណស៊ីង ភេទប្រុស អាយុ១៦ មុខរបរមិនពិតប្រាកដ ជាអ្នកចូលរួមធ្វើសកម្មភាព។

ក្រៅពីនេះ នៅមានបក្ស ពួកផ្សេងទៀត ដែលចូលរួមធ្វើសកម្មភាព កំពុងត្រូវបានសមត្ថកិច្ចតាមប្រម៉ាញ់។

ចំណែកជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ប្រភព៖Phnom Penh Gendarmerie