គ្មានកងទ័ពអាមេរិកណាម្នាក់ ត្រូវរងពិន័យដោយសារការច្រឡំសម្លាប់ ជនស៊ីវិលអាហ្វហ្កានីស្ថាននោះទេ, នេះបើតាមមន្ទីរបញ្ចកោណ

(វ៉ាស៉ីនតោន)៖ ពុំមានកងទ័ព ឬមន្រ្តីយោធាអាមេរិកម្នាក់ណា ដែលនឹងត្រូវទទួលរងការដាក់ពិន័យនោះឡើយ ពាក់ព័ន្ធនឹងវាយប្រហារដោយយន្តហោះដ្រូនអាមេរិក នៅទីក្រុងកាប៊ុល នៃប្រទេសអាហ្វាហ្កានីស្ថាន កាលពីខែសីហា ឆ្នាំ២០២១នេះ ដែលបានផ្តាច់ជីវិតជនស៉ីវិលអាហ្វហ្កានីស្ថាន១០នាក់ ក្នុងនោះរួមមានកុមារ៧នាក់។ នេះបើតាមមន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក។

បើតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin បានទទួលរបាយការណ៍វាយតម្លៃកម្រិតខ្ពស់ ជុំវិញករណីវាយប្រហារខាងលើ ដោយក្នុងនោះគ្មានការផ្តល់អនុសាសន៍ឲ្យធ្វើការដាក់ពិន័យ លើមន្រ្តីយោធាឬកងទ័ពអាមេរិកណាម្នាក់ឡើយ។

លោកបន្ថែមថា ក្រោយពិនិត្យមើលរបាយការណ៍ លោក Austin ក៏បានយល់ស្របចំពោះការផ្តល់អនុសាសន៍នេះ ហើយមិនបានទាមទារឲ្យមានការកែសម្រួល អ្វីបន្ថែមនោះទេ។

ការវាយប្រហារដោយយន្តហោះដ្រូនអាមេរិក នៅទីក្រុងកាប៊ុល នៃប្រទេសអាហ្វាហ្កានីស្ថាន កាលពីខែសីហា ឆ្នាំ២០២១នេះគឺមានគោលដៅសងសឹកទៅនឹង ក្រុមភេរវករ ISIS ដែលបានវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតផ្ដាច់ជីវិតកងទ័ពអាមេរិកជាច្រើននាក់។ ក៏ប៉ុន្តែការវាយប្រហារនេះបានផ្តាច់ជីវិតលោក Zemari Ahmadi) ដែលជាបុគ្គលិកនៃអង្គការអន្តរជាតិមួយ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយនិងសមាជិកគ្រួសារចំនួន៩នាក់ទៀតរបស់លោក ក្នុងនោះរួមមានកុមារ៧នាក់៕

ប្រភព៖  AFP