មិនគួរអោយជឿ! ប៉ាន់ស្រាចិន អាយុកាលជិត៤ពាន់ឆ្នាំ ត្រូវបានរកឃើញស្រាប់តែបានតម្លៃមហាសាលប្រមាណ…

ចិន៖ ប៉ាន់ស្រាសំរិទ្ធដ៏កម្រមួយរបស់ប្រទេសចិន ដែលមានរូបរាងជាសត្វទីទុយ និងអាចមានអាយុកាលលើសពី៣,៥០០ឆ្នាំ បានលក់ក្នុងតម្លៃចំនួន១.៥២លានដុល្លារអាមេរិក នៅឯការដេញថ្លៃតាមប្រព័ន្ធអ៊ីនធើណេតកាលពីសប្ដាហ៍មុនកន្លងទៅថ្មីៗនេះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ប៉ាន់ស្រានេះ ត្រូវបានគេហៅឈ្មោះថា Zun និងប្រហែលជាគ្រប់គ្រងដោយអភិជននៃខ្សែរាជវង្ស Shang ហើយត្រូវបានគេជឿថា វាប្រើប្រាស់សម្រាប់បម្រើស្រានៅរឹត្តិការណ៍សំខាន់ៗប៉ុណ្ណោះ និងបង្កើតឡើងសម្រាប់បុគ្គលសំខាន់ ឋានៈខ្ពស់ និងសមាជិកនៃខ្សែរាជវង្សជាដើម។

យ៉ាងណាមិញ សិប្បកម្មដែលឆ្លាក់ជារូបសត្វ គឺជារឿងធម្មតាណាស់នៅក្នុងវត្ថុបុរាណដែលមានតាំងពីសម័យរាជវង្ស ដែលរូបទីទុយត្រូវបានឆ្លុះបញ្ចាំងជាយូរលង់មកហើយក្នុងសិល្បៈរបស់ប្រទេសចិន ជាពិសេសនៅក្រោមរាជវង្ស Shang ផ្ទាល់តែម្ដង ខណៈគេជឿថាសត្វទីទុយតំណាងឲ្យព្រះនាពេលរាត្រី និងជាអ្នកនាំសាររវាងមនុស្ស និងពិភពវិញ្ញាណផងដែរ៕
ប្រភព: asiaone