ព្យុះកំណាច Tornado នៅសហរដ្ឋអាមេរិក ផ្ដាច់ជីវិតមនុស្សកើនដល់ ៨៨នាក់

(វ៉ាស៉ីនតោន)៖ ចំនួនអ្នកស្លាប់ដោយសារព្យុះកំណាច Tornado នៅក្នុងសហរដ្ឋអាមេរិក បានកើនដល់ ៨៨នាក់ហើយ ខណៈអាជ្ញាធរកំពុងបន្តធ្វើប្រតិបត្តិការជួយសង្រ្គោះកម្មកររាប់សិបនាក់នៅឯរោងចក្រមួយកន្លែងក្នុងរដ្ឋ Kentucky ដែលត្រូវបានគេជឿជាក់ថានៅរស់រានមានជីវិត។

ព្យុះកំណាច Tornado កាលពីចុងសប្តាហ៍កន្លងទៅនេះ បានវាយប្រហារលើតំបន់ភាគកណ្តាល និងភាគខាងត្បូងនៃសហរដ្ឋអាមេរិក ក្នុងនោះរួមមានរដ្ឋ Arkansas, Tennessee, Illinois, Missouri, Mississippi និងរដ្ឋ Kentucky ជាទីដែលមានអ្នកស្លាប់ច្រើនជាងគេដល់ទៅ ៧៤នាក់ និង១០៩នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ ស្របពេលអាជ្ញាធរមានការព្រួយបារម្ភថាចំនួនអ្នកស្លាប់អាចនឹងកើនឡើង។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងធ្វើទស្សនកិច្ច ទៅកាន់តំបន់រងគ្រោះផ្ទាល់ផងដែរ ដើម្បីពិនិត្យមើលស្ថានការណ៍ជាក់ស្តែងនៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)៕

ប្រភព៖​​​​​​  AFP