លោក Blinken ផ្ដើមបំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ី ខណៈអាមេរិកព្យាយាមស្ដារទំនាក់ទំនងឡើងវិញជាមួយតំបន់អាស៊ីអាគ្នេយ៍

(ហ្សាការតា)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានធ្វើដំណើរមកដល់ប្រទេសឥណ្ឌូណេស៉ីហើយ នៅថ្ងៃចន្ទនេះ ជាការចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោក នៅតំបន់អាស៉ីអាគ្នេយ៍ ដែលជាតំបន់សមរភូមិយុទ្ធសាស្រ្តដ៏សំខាន់មួយ នៃការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាមេរិក និងចិន។

នេះជាដំណើរបំពេញទស្សនកិច្ច ជាលើកដំបូងរបស់លោក នៅតំបន់អាស៊ីអាគ្នេយ៍ ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឡើងកាន់អំណាច កាលពីខែមករា ដើមឆ្នាំ២០២១នេះមក។ ក្រោយបញ្ចប់ទស្សនកិច្ចនៅឥណ្ឌូណេស៊ី លោក Blinken នឹងបន្តដំណើរឆ្ពោះទៅកាន់ ម៉ាឡេស៉ី និងថៃ ក្នុងសប្តាហ៍នេះ។

លោកនឹងត្រូវជួបពិភាក្សាជាមួយប្រធានាធិបតីឥណ្ឌូណេស៉ី លោក Joko Widodo ហើយគ្រោងនឹងថ្លែងសារពីយុទ្ធសាស្រ្តអាមេរិក ចំពោះឥណ្ឌូ-ប៉ាស៉ីហ្វិក នៅថ្ងៃអង្គារសប្តាហ៍នេះ។

អាស៉ីអាគ្នេយ៍ គឺជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយ ដែលនៅចន្លោះការប្រកួតប្រជែងឥទ្ធិពលគ្នា រវាងសហរដ្ឋអាមេរិក និងចិន ស្របពេលរដ្ឋបាល លោក បៃដិន កំពុងព្យាយាមផ្សារភ្ជាប់ទំនាក់ទំនងឡើងវិញ ជាមួយតំបន់នេះ បន្ទាប់ពីវាបានធ្លាក់ទៅក្នុងភាពស្រពិចស្រពិល នៅក្រោមជំនាន់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕

ប្រភព៖ Reuters