វិធី ៣ យ៉ាងក្នុងការគ្រប់គ្រងកំហឹងទោះបីអ្នកចង់ខឹង ក៏រលាយដូចអំបិលត្រូវទឹក

វិធី ៣ យ៉ាងក្នុងការគ្រប់គ្រងកំហឹងទោះបីអ្នកចង់ខឹង ក៏រលាយដូចអំបិលត្រូវទឹក

នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ ជឿជាក់ថា មិនអាចល្អគ្រប់ចន្លោះបានទេ ទាំងសុខភាពផ្លូវកាយ និង សុខភាពផ្លូវចិត្ត ជាពិសេសកំហឹង ។ កំហឹងតែងតែកើតមានជារឿយៗ ចំពោះមនុស្សទូរទៅនៅពេលដែលមានបញ្ហាអ្វីមួយកើតឡើង។
មានមនុស្សជាច្រើន ធ្លាប់មានវិប្បដិសារីជាមួយអាតីតកាល ដែលកើតចេញពីកំហឹង ហើយវាតាមលងបន្លាចរហូតដល់បច្ចុប្បន្ននេះ ។
តើនៅពេលដែលអ្នកមានកំហឹង អ្នកតែងតែធ្វើអ្វី?

បើយោងទៅតាមបណ្ណាល័យជាតិវេជ្ជសាស្ត្រមួយបានបង្ហាញប្រាប់ថា “កំហឹង” គឺជាការឆ្លើយតបទៅកាន់ប្រតិកម្មដែលមានប្រភពចេញមកពីប្រព័ន្ធសរសៃប្រាសាទរបស់មនុស្សម្នាក់ៗ។ ការដោះស្រាយ ឬការគ្រប់គ្រងកំហឹងវាមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែមានមនុស្សមួយចំនួនពិតជាអាចធ្វើការគ្រប់គ្រងដោះស្រាយបាន។ ទោះជាយ៉ាងណាក៏ដោយ កំហឹង អាចនឹងបង្កើតបានជាបញ្ហាជាច្រើននៅក្នុងជីវិតរស់នៅ និងអាចប៉ះពាល់ដល់សុខភាពរាងកាយផ្លូវចិត្ត ហើយក៏អាចបញ្ចប់ទំនាក់ទំនងរបស់អ្នកបានផងដែរ។
លោកអ្នកអាចសិក្សា និងអនុវត្តន៍តាមវិធីទាំងនេះ បើសិនជាយល់ថាខ្លួនឯងពិបាកក្នុងការគ្រប់គ្រងកំហឹង

១. គ្រប់គ្រងខ្លួនឯងដោយយល់ដឹងអំពីស្ត្រេស វាអាចជួយអ្នកក្នុងការដោះស្រាយជាមួយនឹងកំហឹងបាន ពីព្រោះវាទាក់ទងទៅនឹងអរម៉ូនស្ត្រេសដែលកំពុងតែកើនឡើងនៅក្នុងខួរក្បាលរបស់អ្នក ហើយនៅពេលដែលមានកំហឹងកាន់តែលឿន វាអាចបង្កជាបញ្ហាបាន។ មានមនុស្សមួយចំនួនធំបានយល់ច្រឡំថាកំហឹងគឺជារឿងដែលជាប់ពាក់ព័ន្ធទៅនឹងការឆ្កួតទៅវិញ ប៉ុន្តែអ្នកធ្លាប់បានឭគ្រូពេទ្យនិយាយថា “កុំរអ៊ូរទាំឬខឹងច្រើនពេក” វាមិនល្អសម្រាប់សុខភាពឡើយ ពីព្រោះនៅពេលដែលអ្នកមានអរម៉ូនស្ត្រេសច្រើនពេកកើនឡើងពេញរាងកាយរបស់អ្នក វាអាចបណ្តាលឲ្យប្រព័ន្ធការពាររាងកាយរបស់អ្នកចុះខ្សោយ សម្ពាធឈាមរបស់អ្នកកើនឡើង និងបង្កឲ្យាមានបញ្ហាផ្សេងៗទៀតបាន៕
២. ដឹងឬសគល់ នៃកំហឹងរបស់អ្នក មនុស្សមួយចំនួនគឺងាយខឹងជាងអ្នកដទៃ ជាឧទាហរណ៍ ប្រសិនបើអ្នកគឺជាប្រភេទមនុស្សដែលតែងតែយករឿងអ្វីមួយជារឿងផ្ទាល់ខ្លួន ឬជាមនុស្សដែលចូលចិត្តប្រឆាំងនឹងមតិអ្នកដទៃ អ្នកទំនងជាមានបញ្ហាខឹងសម្បាជាងអ្នកដទៃ។ ហេតុដូច្នេះហើយបានជាអ្នកមានកំហឹងលឿននៅពេលនរណាម្នាក់ប្រឆាំងនឹងទស្សនៈរបស់អ្នក។

៣. ប្រើយុទ្ធសាស្ត្រងាយៗទាំងបីមុខ ដូចជាការរាប់លេខពីមួយដល់ដប់ម្ដងហើយម្ដងទៀត ការដើរចេញពីស្ថានភាពកំហឹងនោះ (សំខាន់ជាងគេ) ការនាំភាគីទីបីមកចូលរួមដើម្បីទប់ស្កាត់ រហូតដល់អ្នកមានអារម្មណ៍ថាស្ងប់វិញ ចាំធ្វើការឆ្លើយតប។
ការដោះស្រាយកំហឹងអាចជាបញ្ហាធ្ងន់ធ្ងរមួយ ហើយប្រសិនបើអ្នកមិនរៀនអំពីវិធីដែលមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងឬដោះស្រាយនោះទេ វាអាចបណ្ដាលឲ្យមានបញ្ហាជាច្រើន។ មានមនុស្សមួយចំនួនធំបានបាត់បង់ទំនាក់ទំនងស្នេហា ការងារ និងសូម្បីតែសិទ្ធសេរីភាពរបស់ពួកគេដោយសារតែការអនុញ្ញាតឲ្យកំហឹងរបស់ពួកគ្របដណ្ដប់។

ចំនុចសំខាន់មួយទៀតដែលអ្នកត្រូវពិចារណានោះគឺ ការទទួលយកជំនួយបន្ថែម ការមានអ្នកប្រឹក្សាយោបល់ក៏អាចជួយដោះស្រាយអំពីបញ្ហាបុគ្គលិកលក្ខណៈ និងកំហឹងរបស់អ្នកបានយ៉ាងមានប្រសិទ្ធិភាពដែលនាំទៅរកសុខភាពផ្លូវចិត្តបានល្អប្រសើរ៕
ប្រភពរូបភាព៖ Pexels