អូស្ត្រាលី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាជាមួយកូរ៉េខាងត្បូង ចំពេលកំពុងតានតឹងជាមួយចិន

(កង់បេរ៉ា)៖ អូស្ត្រាលី នៅថ្ងៃចន្ទនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាមួយមានតម្លៃ ៧១៦.៥លានដុល្លារ ជាមួយកូរ៉េខាងត្បូង ដែលនឹងជំរុញ កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងសេអ៊ូល ក្នុងការនាំចេញបរិក្ខាយោធា ខណៈកំពុងមានភាពតានតឹងជាមួយចិន។

នៅក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនផលិតអាវុធកូរ៉េខាងត្បូង Hanwha នឹងត្រូវផលិតកាំភ្លើងប្រភេទ howitzers ចំនួន៣០គ្រឿង ព្រមទាំងរថពាសដែក បញ្ចូលគ្រាប់ចំនួន ១៥ គ្រឿងសម្រាប់អូស្ត្រាលី។ កិច្ចព្រមព្រៀងយោធានេះដែរត្រូវបានធ្វើឡើងនាឱកាសនៃការបំពេញដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៉ីន ទៅកាន់ប្រទេសអូស្ត្រាលី។

ការចុះកិច្ចព្រមព្រៀងយោធា រវាងអូស្ត្រាលី និងកូរ៉េខាងត្បូង កើតមានឡើងនៅចំពេលដែលទីក្រុងកង់បេរ៉ា កំពុងមានភាពតានតឹងជាមួយទីក្រុង ប៉េកាំង ខណៈអូស្ត្រាលី កំពុងកាត់បន្ថយការពឹងផ្អែកទៅលើចិន ជាពិសេសគឺវិស័យពាណិជ្ជកម្ម។

លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison បានប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងកង់បេរ៉ា នៅថ្ងៃចន្ទនេះថាកិច្ចព្រមព្រៀងយោធានេះ ពិតជាមានសារៈសំខាន់ ខ្លាំងណាស់ដល់ឧស្សាហកម្មការពារជាតិ និងការពង្រឹងសមត្ថភាពយោធាអូស្ត្រាលី ហើយកូរ៉េខាងត្បូងគឺជាដៃគូដ៏សំខាន់ នៅក្នុងដំណើរដ៏វែងឆ្ងាយរបស់ អូស្ត្រាលី៕

ប្រភព៖​​​​​​ Reuters