ភ្នំពេញ- កំពង់សោម ជិះត្រឹម២ម៉ោង? កំពង់សោមលែងឆ្ងាយហើយផ្លូវល្បឿនលឿនកម្ពុជានឹងបង្ហើយឆាប់ៗនៅ…

ភ្នំពេញ- កំពង់សោម ជិះត្រឹម២ម៉ោង? កំពង់សោមលែងឆ្ងាយហើយផ្លូវល្បឿនលឿនកម្ពុជានឹងបង្ហើយឆាប់ៗនៅ…

ពិតជាដំណឹងក៏គួរអោយត្រេកអរដោយគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ សម្រេចបាន ៧០,៩៣% ហើយ គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២១ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ។

ឯកឧត្តម យិត បុណ្ណារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារគ្រប់គ្រងគម្រោង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ស្ថិតត្រង់ចំណុចទីតាំងផ្លូវបំបែកប្តូរទិសទី២ និងទី៣ ក្នុងគោលបំណងតាមដាន វាយតម្លៃការអនុវត្តការងារសាងសង់ដើម្បីធានាអនុលោមភាពតាមបទដ្ឋានបច្ចេកទេស ជាពិសេស ត្រួតពិនិត្យចំណុចទីតាំងប្តូរទិសចរាចរណ៍ និងទីកន្លែងដែលសាងសង់ជាប់ជម្រាលភ្នំ ដែលអាចទទួលរងការរអិលបាក់ដី បង្កគ្រោះថ្នាក់ជាយថាហេតុ។

ក្រោយពីបានចុះពិនិត្យផ្ទាល់ត្រង់ចំណុចផ្លូវបំបែកប្តូរទិសទី២ និងទី៣រួចមក ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យក្រុមហ៊ុនសាងសង់ ពិនិត្យមើលទីតាំងផ្លូវបំបែកប្តូរទិសនីមួយៗឱ្យបានហ្មត់ចត់ ជាពិសេសត្រង់កន្លែងប្ដូរទិសដែលមិនមានរបាំងបែងចែកទិសចរាចរណ៍ ដើម្បីស្វែងរកដំណោះស្រាយប្រសិទ្ធភាព និងធានាបានសុវត្ថិភាពដល់អ្នកបើកបរ ដែលធ្វើចរាចរណ៍ចូលមកប្រើប្រាស់ផ្លូវល្បឿនលឿននេះ និងបានស្នើឱ្យពិនិត្យមើលវិធានបច្ចេកទេសការពារផ្លូវពីការបាក់រអិលជ្រេលដោយសាងសង់ហេដ្ឋារចនាសម្ព័ន្ធការពារតំបន់មួយចំនួននៅជាប់ទីតាំងជម្រាលភ្នំ ដែលអាចទទួលរងការរអិលបាក់ដី បង្កគ្រោះថ្នាក់ជាយថាហេតុ។

គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់កាលពីខែកក្កដា ឆ្នាំ២០១៩ ហើយគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ ដំណើរការសាងសង់សម្រេចបាន៧០,៩៣%ហើយ និងគ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ហើយ
ចំណាយថវិកាសាងសង់ប្រមាណ ២ ពាន់លានដុល្លារអាមេរិក ។ គម្រោងនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ។

ប្រភព៖ ក្រសួងសាធារណការនិងដឹកជញ្ជូន