ត្រៀមផ្លូវវាង! ថ្ងៃទី ១៨ ប្រកាសផ្អាកចរាចរលើផ្លូវទាំងនេះ សម្រាប់ពិធីសម្ពោធពហុកីឡដ្ឋានជាតិមរតកតេជោ

ត្រៀមផ្លូវវាង! ថ្ងៃទី ១៨ ប្រកាសផ្អាកចរាចរលើផ្លូវទាំងនេះ សម្រាប់ពិធីសម្ពោធពហុកីឡដ្ឋានជាតិមរតកតេជោ

តាមការប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ ចាប់ពីម៉ោង ០៥:០០ នាទី គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣ នឹងមានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

ទន្ទឹមនឹងការសម្ពោធនេះ ដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន និង រក្សាបាននូវសន្តិសុខ របៀបរៀបរយសាធារណៈ និង កាត់បន្ថយការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់ការដ្ឋានសំណង់នានា ម្ចាស់អាជីវកម្មក្រឡុកស៊ីម៉ង់ត៍ ម្ចាស់រថយន្តដឹកទំនិញ គ្រប់ប្រភេទ រថយន្តឈ្នួលដឹកអ្នកដំណើរ និង ម៉ូតូសណ្តោងរ៉ឺម៉កគ្រប់ប្រភេទ ហាមធ្វើចរាចរឆ្លងកាត់កំណាត់ មហាវិថីឈ្នះឈ្នះ ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ ៦ ចាប់ពីវេលាម៉ោង ០៥:០០ នាទី រហូតដល់ បញ្ចប់កម្មវិធី។

ក្នុងនោះផងដែរ ចំពោះរថយន្តធុនធំ រថយន្តដឹកទំនិញ និង រថយន្តទេសចរណ៍ ដែលធ្វើចរាចរតាមផ្លូវជាតិលេខ ៥ ត្រូវឆ្លងទៅ ផ្លូវជាតិលេខ ៦ និង ពីផ្លូវជាតិលេខ ៦ ឆ្លងមកផ្លូវជាតិលេខ ៥ ត្រូវពង្វាងចរាចរឆ្លងកាត់តាមស្ពានព្រែកក្តាមវិញ៕ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអានលិខិតជូនដំណឹងនៅខាងក្រោម ៖